តាកែវ ៖ នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារតាកែវនាព្រឹក ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវបានពិនិត្យរកឃើញអំបិលមួយចំនួន ដែលក្រុមអាជីវករដាក់លក់មិនមានសាធាតុអ៉ីយ៉ូដ ដែលផ្ដល់ភាពសំខាន់ ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យទាំងអស់។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅក្នុងការចុះពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារតាកែវ មន្រ្តីជំនាញកាំកុងត្រូល បានរកឃើញអំបិលដែលផលិតដោយក្រុមហ៊ុន២ គឺក្រុមហ៊ុនទាគឹមហ៊ួរ និងក្រុមហ៊ុនឡូម៉ា មិនមានដាក់សាធាតុអ៊ីយ៉ូដនៅក្នុងអំបិលនោះទេ ដូច្នោះមន្រ្តីជំនាញបានធ្វើការណែនាំដល់បងប្អូនអាជីវករ ឲ្យទាក់ទងទៅក្រុមហ៊ុនទាំង២ខាងលើ ឲ្យនាំយកអំបិលដែលមិនមានដាក់សាធាតុអ៊ីយ៉ូដនោះ ត្រឡប់ទៅក្រុមហ៊ុនវិញ និងហាមឃាត់មិនឲ្យលក់នៅលើទីផ្សារ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបន្តថា ការចុះត្រួតពិនិត្យទំនិញ ដែលដាក់លក់លើទីផ្សារក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះក្រៅពីអំបិលដែលមន្រ្តីជំនាញ រកឃើញមិនមានសាធាតុអ៊ីយ៉ូដ ហើយក្រៅពីនោះទំនិញហូបចុក បន្លែ និងគ្រឿងកំប៉ុងដែលដាក់លក់លើទីផ្សារ មន្រ្តីជំនាញរកមិនឃើញមានសារធាតុគីមី និងរបស់ទំនិញហួសការបរិច្ឆេទឡើយ។ លោក ប៉ោ លាងគង់ បានបញ្ជាក់ថា នេះជាលទ្ធផលវិជ្ជមានមួយដែលមន្ត្រីជំនាញរបស់យើងចង់បាន ពីព្រោះថា ឆ្លងកាត់ការពិនិត្យកន្លងមកយើងឃើញថា នៅមានការដាក់លក់ទំនិញហួសកាលបរិច្ឆេទ ក៏ដូចជាការរកឃើញពីសារធាតុគីមីផ្សេងនៅលើគ្រឿងឧបភោគបរិភោគ តែក្រោយមកនេះយើងឃើញថា ការចុំពិនិត្យរបស់មន្ត្រីជំនាញ គឺមិនមានការរកឃើញទំនិញ គ្រឿងឧបភោគបរិភោគ ដែលមានសារធាតុគីមី និងទំនិញហួសការបរិច្ឆេទនេះ ដាក់លក់លើទីផ្សារ ក៏ដូចជានៅតាមផ្ទះទៀតឡើយ ៕ ដោយ៖តាកែវ