Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ក្លែងក្លាយ បណ្តាល​ឲ្យ​មនុស្ស​រាប់សែន​នាក់​បាន​ស្លាប់ និង​អាច​បណ្តាល​ទៅ​គ្រោះថ្នាក់ ដោយ​ការពុល​

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្លាក​យីហោ និង​ឈ្មោះ​ផលិតផល ដែលជា​បទល្មើស​កម្មសិទ្ធិ​បញ្ញា ផលិតផល​ក្លែងក្លាយ​ភាគច្រើន មានគុណ​ភាព​ទាប និង​មាន​សារធាតុ​គីមី​ពុល មាន​គ្រោះថ្នាក់​ដូចជា មាន​សារធាតុ​សំណ ក្នុង​ផលិតផល​ជាដើម ដែល​ផលិតផល​ក្លែងក្លាយ​ទាំងនោះ បណ្តាល​ឲ្យ​មនុស្ស​រាប់សែន​នាក់​បាន​ស្លាប់ និង​អាច​បណ្តាល​ទៅ​គ្រោះថ្នាក់ ការពុល ឬ​ករណី​ឱសថ​ពុំមាន​ប្រសិទ្ធភាព​ព្យាបាល​ជាដើម​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក ) បាន​សហការ​ជាមួយ​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​នៅ​កម្ពុជា រៀបចំ​សិក្ខាសាលា​សម្រាប់​ធុរកិច្ច​ថៃ​នៅ​កម្ពុជា​ស្តីពី “​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ជា​ប្រធាន គ​.​ប​.​ផ​.​ក និង​លោក ប៉ាន់​យ៉ា​រក្ស ភូ​ន​សាប់ ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ The Great Duke រាជធានី​ភ្នំពេញ ។ ដើម្បី​ចែករំលែក​ផ្នែក​ច្បាប់​ពាក់​ព​ន្ធ័​នឹង​ការ​នាំចូល​ទំនិញ ពាក់​ព​ន្ធ័​កម្មសិទ្ធិបញ្ញា ការចុះបញ្ជី​ម៉ាក​ពាណិជ្ជ​នាម និង​ដំណោះស្រាយ​សម្រាប់​ធុរជន ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ជួបប្រទះ​បញ្ហា​ទាក់ទង​នឹង​ផលិតផល​ក្លែងក្លាយ ។

​នាឱកាស​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន គ​.​ប​.​ផ​.​ក បាន​រំលឹក កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ដែលមាន​រយៈពេល ៧​ថ្ងៃ​កន្លងមកនេះ មានកម្ម​វិធី​ធំៗ​ពីរ ដែល​កើតឡើង​នៅ​កម្ពុ​ជាមួយ និង​ពិធី​មួយទៀត​កើតឡើង​នៅ​ប្រទេស​ថៃ​នោះ​គឺ​៖​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា​(MOU) រវាង គ​.​ប​.​ផ​.​ក​. និង EUROCHAM ស្តីពី​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​សិទ្ធិ​ប្រទាន​ដល់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ហើយ​នៅ​ប្រទេស​ថៃ​នោះ​គឺ ពិធី​ដុត​កម្ទេច​ផលិតផល​ល្មើស​កម្មសិទ្ធិបញ្ញា ក្រោម​អធិបតីភាព លោក ជុ​រិន្ទ ល័កសៈនៈ​វិ​សិធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ដុ​ច​កម្ទេច​ផលិតផល​ចំនួន​ជាង ១០​លាន​មុខ ដែលមាន​តម្លៃ​សរុប​ប្រហែល ៥៥០​លាន​បាត ដែល​ទាំងអស់នេះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រទេស​កម្ពុជា និង​ថៃ បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ដើម្បី​ទប់​ស្តា​ក់​និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​ក្នុង​សិក្ខាសាលា​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សាទរ ក្នុង​កិច្ច​ខំប្រឹងប្រែង​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ នៅ​ប្រទេស​ថៃ​នេះហើយ ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ដក​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៧ ចេញពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ត្រូវ​ឃ្លាំមើល ស្តីពី​ការរំលោភ​កម្មសិទ្ធិបញ្ញា និង​អំពើ​ល្មើសច្បាប់​ពាក់ព័ន្ធ​ផលិតផល​ក្លែងក្លាយ ។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ត​លើកឡើងថា ៖ ការ​ផលិតផល​ក្លែងក្លាយ ដែលជា​ការចម្លង​ម៉ាក​ផ្សេងៗ នៃ​ផលិតផល​ដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង ផលិតផល​ឱសថ គ្រឿងបន្លាស់​យន្តហោះ និង​យានយន្ត នាឡិកា គ្រឿង​អេឡិចត្រូនិក វត្ថុ​សិល្បៈ របស់​ក្មេង​លេង និង​ខ្សែភាពយន្ត ។​ល​។ ករណីខ្លះ​ជាការ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្លាក​យីហោ និង​ឈ្មោះ​ផលិតផល ដែលជា​បទល្មើស​កម្មសិទ្ធិ​បញ្ញា ផលិតផល​ក្លែងក្លាយ​ភាគច្រើន​មានគុណ​ភាព​ទាប និង​មាន​សារធាតុ​គីមី​ពុល មាន​គ្រោះថ្នាក់​ដូចជា មាន​សារធាតុ​សំណ​ក្នុង​ផលិតផល​ជាដើម ដែល​ផលិតផល​ក្លែងក្លាយ​ទាំងនោះ បណ្តាល​ឲ្យ​មនុស្ស​រាប់សែន​នាក់​បាន​ស្លាប់ និង​អាច​បណ្តាល​ទៅ​គ្រោះថ្នាក់ ការពុល ឬ​ករណី​ឱសថ​ពុំមាន​ប្រសិទ្ធភាព​ព្យាបាល​ជាដើម ។ ដើម្បី​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ផលិតផល​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព យើង​ត្រូវ​មានច្បាប់ និង​បទ​ប​ញ្ញាតិ​គ្រប់គ្រាន់ មាន​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ផ្លាស់ប្តូរ​ឥរិយាបទ នៃ​អ្នកប្រើប្រាស់ មានការ​អនុវត្ត ច្បាប់​យ៉ាង​មឺ​ង​ម៉ាត់ ដោយមាន​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង ស្ថាប័ន​នានា ក្នុងប្រទេស និង​ជាមួយ​ប្រទេសជិតខាង និង​បណ្តា​ប្រទេស​លើ​សកលលោក អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចេញ​សេចក្តីណែនាំ និង​ការព្រមាន​យ៉ាង​មឺ​ង​ម៉ាត់ ដល់​បុគ្គល​ដែលមាន​ស្តុក​ទុក​នូវ ផលិតផល​ក្លែងក្លាយ និង​បិទ​អាជីវកម្ម ហើយ​ចំពោះ​ម្ចាស់​អចលនទ្រព្យ ដែល​ជួល​ទីតាំង​ហាង ឬ​ឃ្លាំង និង​ត្រូវ​ទទួលខុសត្រូវ​តាម​បទ​ប​ញ្ញាតិ​ច្បាប់ ហើយ​ត្រូវយក​ផលិតផល​ក្លែងក្លាយ​ចេញពី​ទីផ្សារ និង​ចេញពី​ចរន្ត​លំហូ​ពាណិជ្ជកម្ម​នានា ហើយនឹង​មិន​ឲ្យ​វិល​ត្រលប់​ចូលមក​ទីផ្សារ​វិញ​ឡើយ ។​

​ទន្ទឹមនឹង​នោះដែរ លោក ប៉ាន់​យ៉ា​រក្ស ភូ​ន​សាប់ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​លើកទ្បើង​ថា យោងតាម​របាយការណ៍ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សម្រាប់​សេដ្ឋកិច្ច សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ និង​ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​សហភាព​អឺរ៉ុប​កាលពី​ខែមីនា​ឆ្នាំ ២០១៩ ពាណិជ្ជកម្ម​ទំនិញ​ក្លែងក្លាយ និង​លួច​ចម្លង​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ដែល​បច្ចុប្បន្ន​វា​ឈរ​នៅ ៣,៣% នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ នេះ​ពិតជា​គួរឱ្យ​ព្រួយបារម្ភ ក្នុងការ​ពិចារណា​ថា​ទំហំ​ពាណិជ្ជកម្ម​ទាំងមូល​នៅ​ទ្រឹង និង​ការ​ក្លែងបន្លំ​បានក្លាយ​ជាការ​រីក​រាល​ដាល​កាន់តែខ្លាំង​ឡើង នៅក្នុង​យុគសម័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។ ក្រឡេកមើល​ផលិតផល​ក្លែងក្លាយ អាចមាន​លក្ខណៈ​ស្រាល​បើ​ប្រៀបធៀប ទៅនឹង​បញ្ហា​ឆ្លងដែន​ផ្សេងទៀត​ដូចជា​សុខភាព សិទ្ធិមនុស្ស​និង​បរិស្ថាន​។ ទោះយ៉ាងណា​ក៏ដោយ​កា​​រ​ក្លែងបន្លំ គឺជា​ការពិត​ដែលជា​ឧក្រិដ្ឋកម្ម ដែល​មិន​ត្រឹមតែ​ធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ចពិភពលោក និង​កេរ្តិ៍ឈ្មោះ​របស់​ម្ចាស់​អាជ្ញាប័ណ្ណ និង​ម្ចាស់​ម៉ាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឱ្យស្លាប់ និង​រងរបួស​ផងដែរ​។ លោក ប៉ាន់​យ៉ា​រក្ស ភូ​ន​សាប់ ក៏បាន​លើកទ្បើង​អំពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី ១៤ នៅ​ខេត្តសៀមរាប កាលពី​ខែ​មុន គឺ​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជំរុញ​ឱ្យ​ប្រទេស ជា​សមាជិក​អាស៊ាន រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ផងដែរ​។​

​គូសបញ្ជាក់​ផងដែរ​ថា កាលពី​ខែតុលា ឆ្នា​២០១៨ ក្នុង​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​រៀបចំ​ទ្បើង​ដោយ គ​.​ប​.​ផ​.​ក សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងសុខាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ ប្រឆាំង​ឱសថ​ក្លែងក្លាយ (IRACM) នៃ​ប្រទេស​បារាំង​​ក្នុងឱកាស​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​ការគាំទ្រ យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់ គ​.​ប​.​ផ​.​ក ក្នុងការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ជាពិសេស​ផលិតផល​ឱសថ​ក្លែងក្លាយ ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ការពារ​ផលប្រយោជន៍ ស្របច្បាប់​របស់​អ្នក​ធុរកិច្ច​នានា​៕​ដោយ​៖​កូ​ឡាប​

spot_img
×