Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ចេញ​នូវ​យន្តការ​ពិសេស សម្រាប់​ទាក់ទាញ​ការវិនិយោគ ឱ្យ​កាន់តែច្រើន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅតាម​ជាយដែន​

spot_img

​ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា The Council for the Development of Cambodia បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជា​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រដ្ឋបាល និង​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​ស្វាយរៀង និង​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បន្ទាប់ពី​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​បឋម និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង ចំនួន​ពីរលើក គឺ​លើក​ទី​១ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ និង​លើក​ទី​២ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បូកសរុប​លទ្ធផល នៃ​ដំណើរ​ទស្សន​កិច្ចការងា​រទាំង​ពីរ លើក​ខាងលើ ព្រមទាំង​ការដាក់ចេញ​នូវ​កិច្ច​ការបន្ត​ចំពោះមុខ សម្រាប់​ជា​មូលដ្ឋាន​ឈាន ទៅដល់​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ពិសេស សម្រាប់​ទាក់ទាញ​ការវិនិយោគ​ឱ្យ​កាន់តែច្រើន តាមរយៈ​ជាអាទិ៍ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ជាយដែន​, ការតភ្ជាប់​បណ្តាញ និង​ផ្គត់ផ្គង់​អគ្គិសនី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​, ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ និង​ការរៀបចំ​ឡើងវិញ​នូវ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ទាំងនោះ​, និង ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅតាម​ជាយដែន ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​សូម​រំលឹកថា បេសកកម្ម​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​យោងតាម​ស្មារតី និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×