Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរួមជាតិ សូមកុំ​ចាញ់ ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដែល​អាច​នាំ​ឲ្យ​ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​​មានទោស​ធ្ងន់ធ្ងរ​តាមច្បាប់ នៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី​

spot_img

​ភ្នំពេញ ​៖ ថ្ងៃទី​២០​កញ្ញា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ទាក់ទង​នឹង​ផែនការ​នៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី​។

ជារួម ផែនការ​ទាំង​មូលនៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្សី នេះ មិនមែនជា​រឿង​លទ្ធិប្រជាធិប​តេយ្យ​​និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​ឈានដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥១ និង​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចូលរួម​គាំទ្រ​ផែនការ​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើនេះ ត្រូវបាន​កំណត់ថា​ជា​បទល្មើស​រួមគំនិត​ក្បត់ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ​។ សូម​ចូលរួម​ការពារ​និង​ថែរក្សា​សន្តិភាព​របស់​ប្រទេសជាតិ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​ទាំងអស់គ្នា ។​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ មាន​មនុស្ស​មួយក្រុម ក្នុងនាម​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អង្គការ​ខុសច្បាប់ បានចេញ​សេចក្តីប្រកាស​​ព័ត៌មាន​​មួយ ទាក់ទង​ទៅនឹង​អ្វីដែល​គេ​ហៅថា ផែនការ​នៃ​ការវិលត្រឡប់ មក​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ជម្រាបជូន​ថា ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​តាមដាន និង​សិក្សា​ដោយ​យក​ចិត្តទុកដាក់​ចំពោះ​ករណី​ខាងលើនេះ និង​បាន​ពិនិត្យឃើញថា ផែនការ​ទាំង​មូលនៃ​ការប្រកាស​​វិល​ត្រឡប់​របស់​ទណ្ឌិត សម រង្សី ខាងលើ ពុំមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​​គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​ការប្រើប្រាស់​វិធី​ញុះញង់​អុជអាល​បំផុសបំផុល និង​ការប្រើ​​ឧបាយកល​បោក​បញ្ឆោត ដើម្បី​អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ ឲ្យ​បះបោរ​តាម​រូប​ភាពជា​បដិវត្ត​ដោយ​ហិង្សា ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សកម្មភាព​ជុំវិញ​ផែនការ​ខាងលើនេះ គឺជា​អំពើ​វិទ្ធង្សនា ដែលជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌​ពិនិត្យឃើញថា ៖

​ទី​១.​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ក្រោម “​បទល្មើស​ឧបឃាត​” តាម​បញ្ញត្តិ​មាត្រា ៤៥១ និង​មាត្រា ៤៥២ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយ​ប្រសិនបើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ ទោស​សម្រាប់ “​បទល្មើស​ឧបឃាត​” នេះ ត្រូវដាក់​ពន្ធ​នា​តារ​អស់​មួយជីវិត​។​

​ទី​២.​ចំពោះ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​នៅក្នុង​គម្រោងការ​នេះ​ត្រូវ​ជាប់ទោស​ពី “​បទល្មើស​រួមគំនិត​ក្បត់​” ដែលជា​បទឧក្រិដ្ឋ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយ​ទោស​នេះ ត្រូវ​បន្ថែម​ទម្ងន់​ដាក់ពន្ធនាគារ​ពី ១០​ទៅ ២០ ឆ្នាំ ប្រសិនបើ​ជនល្មើស គឺជា​អ្នករាជការ​សាធារណៈ​។ ដោយឡែក ចំពោះ​បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់​ខាងលើ ហើយ​បុគ្គល​នោះបាន​សារភាព​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​​សហការ​បង្ក្រាប​បទល្មើស​នេះ នឹងត្រូវ​ទទួល​បានកា​រ​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួល​ទោស​ដោយ​​អនុលោម​តាម​បញ្ញត្តិ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៣-​ការប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់លំដាប់​ថ្នាក់ ដែល​គណបក្ស​នេះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​ដោយ​សាលដីកា​ស្ថាពរ​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី ១៦​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ខាងលើ គឺជា​ទង្វើ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​​កំពូល​ផង ខុស​ទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផង និង​ខុស​ទៅនឹង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​

​ទី​៤-​ផែនការ​នៃ​ការប្រឆាំង​នឹង​សន្តិសុខ​របស់​ប្រទេសជាតិ​ខាងលើ មិន​ត្រឹមតែ​ខុស​ទៅនឹង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​អាច​ខុស​ផងដែរ ទៅនឹង​ច្បាប់​ស្តីពី​ការ​​ប្រឆាំងនឹង​ភេរវកម្ម អាស្រ័យ​ទៅតាម​ករណី​ប្រព្រឹត្ត​ជាក់ស្តែង​នីមួយៗ​។​

​ផ្អែកលើ​មូលដ្ឋាន​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើសុំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​តឹងរឹង​បំផុត​​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​សន្តិសុខ​នៃ​រដ្ឋ​ខាងលើ ដើម្បី​ធានា​ការពារ និង​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម​​និង​វិបុលភាព​របស់​ប្រទេសជាតិ ព្រមទាំង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​អំពាវនាវ​ជូន​ដល់​ជនរួមជាតិ សូមកុំ​ចាញ់​​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដែល​អាច​នាំ​ឲ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​​មានទោស​ធ្ងន់ធ្ងរ​តាមច្បាប់ និង​សូម​ចូលរួម​ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើនេះ ដោយ​សហការ​​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាងលើ និង​មុខសញ្ញា​ពាក់ព័ន្ធ ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ឈានទៅ​ចាត់វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។​​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ ទើបតែ​ចេញ​សេចក្តីថ្លែងការណ៍ មាន ៥ ចំណុច​៖ ១- គាំទ្រ​ផែនការ​សកម្មភាព ដែល​សម្រេច​ដោយ​កិច្ចប្រជុំ​កំណត់​

ផែនការ​យុទ្ធសាស្ត្រ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ២- កំណត់​ចាត់ចែង​មធ្យោបាយ ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស និង​លោក​ប្រធានស្តីទី សម រង្ស៊ី ចូលទៅ​កាន់​តំបន់​អាស៊ី នៅ​ថ្ងៃ ៥ វិច្ឆិកា ២០១៩​។ ៣- ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កងកម្លាំងប្រដាប់អាវុធ ដែល​ផ្តាច់ខ្លួន​ពីរ​បប ហ៊ុន សែន មក​ការពារ​ប្រជារាស្ត្រ នៅ​ថ្ងៃ ៩ វិច្ឆិកា ២០១៩​។ ៤- ប្រគល់​ភារកិច្ច​ជូន​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់លំដាប់​ថ្នាក់ ទាំង​ក្នុង និង​ក្រៅប្រទេស អនុវត្ត​ផែនការ​មាតុភូមិនិវត្តន៍ ថ្ងៃ ៩ វិច្ឆិកា ២០១៩​។ ៥- អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស វិលត្រឡប់​ចូល​កម្ពុជា មក​ចូលរួម​ជា​មហា​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅ​ថ្ងៃ ៩ វិច្ឆិកា ២០១៩៕ ដោយ​៖​កូ​ឡាប​

spot_img
×