ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានចេញប្រកាសរួមគ្នា ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
បើយោតាម ប្រកាសអន្ដរក្រសួង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានកំណត់ឲ្យរដ្ឋបាលរាជធានី ត្រូវរៀបចំគណៈកម្មការទទួលបន្ទុក អនុវត្តការពិន័យអន្ដរការណ៍រាជធានី ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ គណៈកម្មការទទួលបន្ទុកអនុវត្តការពិន័យអន្ដរការណ៍រាជធានី មានតួនាទីដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យវាយតម្លៃ និងផ្ដល់គោលការណ៍ណែនាំ អំពីការអនុវត្តការពិន័យអន្ដរការណ៍ នៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរាជធានី។
ដោយឡែកប្រាក់ចំណូលនេះ ត្រូវបែងចែកផ្អែកតាមសមាមាត្រភាគរយ ធៀបទៅនឹងប្រាក់ចំណូល ដែលប្រមូលបានតាមអត្រាកំណត់ដូចខាងក្រោម៖ ចំណែកសម្រាប់បង់ចូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិសាមី ចំនួន៥០ភាគរយ។ចំណែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ផ្ដល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ចំនួន៤៤ភាគរយ។ ចំណែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ផ្ដល់ជូនមន្ទីរបរិស្ថាន ចំនួន៥ភាគរយ។ ចំណែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ផ្ដល់ជូនមន្ទីរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន១ភាគរយ៕ ដោយ៖បញ្ញាស័ក្តិ