Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រូវគោរព​ដាច់ខាត​នូវ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ចំណុច​សំខាន់ៗ​បំផុត​មួយចំនួន ដែល​បានចែង​ច្បាស់ នៅក្នុង​រដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជា ត្រូវគោរព​ដាច់ខាត​នូវ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ អបអរសាទរ​ខួប ២៦​ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា នៅ​ថ្ងៃទី​២៤​កញ្ញា​នេះ គឺជា​ខួប​ទី ២៦​ឆ្នាំ ដែល​កម្ពុជា​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ផ្តើមចេញ ពី​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ស្តីពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ១៩៩១ គឺ​កម្ពុជា បាន​ផ្លាស់ប្តូរ​ចូលទៅក្នុង​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយមាន ការឯកភាព​ផ្ទៃក្នុង​ការដោះស្រាយ​បញ្ហានយោបាយ ដោយ​កម្ពុជា​បាន​ឯកភាពគ្នា​រៀបចំ​ការបោះឆ្នោត នៅក្នុង ខែ ឧសភា ឆ្នាំ​១៩៩៣ ដែលមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)​។ បន្ទាប់មក រដ្ឋធម្មនុញ្ញ​ជាតិ ក៏​ត្រូវបាន​បង្កើតឡើង​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ​១៩៩៣ ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ នៅក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ នៅក្នុង​ព្រះបរមរាជវាំង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីត​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​។ នៅ​ថ្ងៃទី​២៤ ខែកញ្ញា គឺជា​ថ្ងៃកំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣​ដែល​មកដល់ ឆ្នាំ​២០១៩ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុកាល​២៦​ឆ្នាំ​ហើយ។​

​រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និងសេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។ ចំណុច​សំខាន់ៗ​បំផុត​មួយចំនួន​ដែល​បានចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​មានដូចជា​កម្ពុជា​ត្រូវគោរព​ដាច់ខាត​នូវ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បានចែង​អំពី​គោលការណ៍​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា គឺ​អំណាចនីតិប្បញ្ញត្តិ​, នីតិប្រតិបត្តិ និង តុលាការ​ហើយក៏​បានអនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង គោលការណ៍​នីតិរដ្ឋ​ជាដើម ។​

​បើតាម​ឯកសារ​របស់​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ជា​សមិទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​នាំទៅដល់​ការបោះឆ្នោត នា​ខែឧសភា ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​បង្កើត​សភាធម្មនុញ្ញ​មួយ​នៃ​ប្រទេស​កម្ពុជា​។ តួនាទី​ជា​សារវន្ត​នៃ​សភាធម្មនុញ្ញ​នេះ គឺ​តាក់តែង​និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា និង​ប្រែ​ក្លាយខ្លួន​ទៅជា​សភា​នីតិបញ្ញត្តិ​មួយ ដែល​នឹង​ត្រូវបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឡើង​(១) ។ សភាធម្មនុញ្ញ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ ក្រោម​អធិបតីភាព​របស់​សម្តេច នរោត្តម សីហនុ ព្រមទាំង​មាន​វត្តមាន​លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ និង​ជា​ប្រមុខ​អ៊ុនតាក់​នៅ​កម្ពុជា​និង​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ព្រះរាជ​សង្កថា​ចំពោះ​សមាជិក​ទាំង ១២០ រូប​នៃ​សភាធម្មនុញ្ញ ដែល​ទើប​ប្រសូត​ចេញពី​ការ បោះឆ្នោត​ជាទូទៅ​ពីថ្ងៃ​ទី​២៣-២៨ ខែឧសភា ឆ្នាំ​១៩៩៣ នោះ សម្តេច នរោត្តម សីហនុ ក្នុងនាម​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ជា​ឱឡារិក​បំផុត​ជូន​ភាគី​ទាំងឡាយណា ដែលជា​អ្នកទទួលខុសត្រូវ​ចំពោះ​មាតុភូមិ សូមឱ្យ​ផ្តល់ជូន​វិញ​ចំពោះ​កម្ពុជា​នូវ​ឯកភាព​ជាតិ ឯកភាព​នយោបាយ ឯកភាព​រដ្ឋបាល ពោលគឺ​ភាគី​ទាំងនោះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អប្បគមន៍ ការបែងចែក​កម្ពុជា ហើយ​ផ្តល់​សង​វិញ​ចំពោះ​ប្រជារាស្ត្រ​នូវ​សន្តិភាព ដែល​គ្មាន​នរណាម្នាក់​មាន​សិទ្ធិ​បំផ្លាញ​សន្តិភាព​នោះ​ឱ្យ​អសារ​បង់​បានឡើយ​(២) ។​

​ក្នុងឱកាស​សម្ពោធ​សភាធម្មនុញ្ញ​នោះដែរ សមាជិកសភា​ធម្មនុញ្ញ​ទាំង​១២០​រូប ដែល​ទើបតែ​ប្រសូត​ចេញមក​ពី​ការបោះឆ្នោត​ពីថ្ងៃ​ទី​២៣-២៨ ខែឧសភា ឆ្នាំ​១៩៩៣ ដែល​បាន​ចូលរួម​ប្រជុំ​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ បានសម្រេច​ជា​ឯកច្ឆន្ទ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ដូចតទៅ (៣) ៖

​ទី​១-​ថ្វាយ​យុត្តិធម៌​ចំពោះ​អង្គ​សម្តេចឪ​ព្រះបិតា​ជាតិ​ជាទី​សក្ការៈ ក្នុងឱកាស​ជា​មហោឡារិក​នេះ​ដោយ​ទុកជា​មោ​ឃៈ​នូវ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ប្រព្រឹត្តឡើង​ដោយ​ខុសច្បាប់​រដ្ឋ​ធម្ម​-​នុ​ញ្ញ និង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​នាពេលនោះ ហើយដោយ​ចាត់ទុកថា ព្រះ​អង្គជា​ប្រមុខរដ្ឋ​ដដែល​តាំងពី​ដើមឆ្នាំ​១៩៧០ រហូត​តទៅ​ដោយ​គ្មាន​ពេល​អាក់ខាន​ឡើយ​។​

​ទី​២-​ថ្វាយ​អង្គ​សម្តេចឪ​ព្រះបិតា​ជាតិ​ជាទី​សក្ការៈ នូវ​អំណាច​ពេញលេញ និង​អំណាច​ទាំងអស់ ក្នុង​ព្រះរាជ​ឋានៈ​ជា​ប្រមុខរដ្ឋ ដើម្បី​ព្រះអង្គ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្រោចស្រង់​ជាតិ ព្រមទាំង​នាំ ជាតិ​យើង​ឱ្យ​ស្គាល់​នូវ​សេចក្តី​ចម្រុងចម្រើន​ឡើងវិញ​ដូច​សម័យ​សង្គមរាស្ត្រនិយម​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​១ របស់ខ្លួន នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​១៩៩៣ សភាធម្មនុញ្ញ​បាន​បង្កើត​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​មួយ ដើម្បី​រៀបរៀង​រដ្ឋធម្មនុញ្ញ​។ ភារកិច្ច​ដ៏​ចម្បង​របស់ គណៈកម្មាធិការ​នេះ គឺ​ការតាក់​តែង​នូវ​គម្រោង​រដ្ឋធម្មនុញ្ញ​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល​បី​ខែ ដូចដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។ សមាសភាព​នៃ​គណៈកម្មាធិការ​នេះ​មាន​ដូចខាងក្រោម ​៖

– លោក សឺ​ន សាន ឬ​អនុប្រធាន​សភាធម្មនុញ្ញ​ (​ក្នុងករណី​លោក សឺ​ន សាន អវត្តមាន​) ជា​ប្រធាន​

– លោក ចែម ស្ងួន ជា​អនុប្រធាន​

– លោក តាវ សេងហួរ ជា​អ្នករាយការណ៍​

– លោក កាន់ ម៉ន ជា​សមាជិក​

– លោក គាត ឈន់ ជា​សមាជិក​

– លោក ឈួ​រ លាង​ហួត ជា​សមាជិក​

– លោក ថោ ប៉េង​លាត ជា​សមាជិក​

– លោក សម រង្ស៊ី ជា​សមាជិក​

– អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​រ័ត្ន ជា​សមាជិក​

– លោក សឺ​ន សូ​បែ​រ្តិ៍ ជា​សមាជិក​

– លោក សោម ចាន់​បុត្រ ជា​សមាជិក​

– លោក អ៊ុន នឹង ជា​សមាជិក​

– លោក ឡូយ ស៊ឹមឈាង ជា​សមាជិក​

– លោក ជាម យៀប ជា​សមាជិក​បម្រុង​

– លោក ប៉ុល ហំ​ម ជា​សមាជិក​បម្រុង​

– លោក ពូ សុធីរៈ ជា​សមាជិក​បម្រុង​

– លោក សរ សា​អាត ជា​សមាជិក​បម្រុង​

– លោក អ៊ឹង គៀត ជា​សមាជិក​បម្រុង​

– លោក អ៊ុក រ៉ាប៊ុន ជា​សមាជិក​បម្រុង​

– លោក អ៊ុង ផន ជា​សមាជិក​បម្រុង​

– លោក ឯក សំអុល ជា​សមាជិក​បម្រុង​

– លោក សាយ បូរី ជា​អ្នកជំនាញការ​

– លោក ចាន់ សុខ ជា​អ្នកជំនាញការ​

– លោក ឈន អៀម ជា​អ្នកជំនាញការ​

– លោក ហេង វង្សប៊ុនឆាត ជា​អ្នកជំនាញការ​

– លោក ខៀវ រ៉ា​ដា ជា​អ្នកជំនាញការ​

​បន្ទាប់ពី​ត្រូវបាន​បង្កើត​ភ្លាម គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​មមាញឹក​ជាទីបំផុត ក្នុងការ​តាក់តែង​នូវ​គម្រោង រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ឱ្យបាន​តាម​កាលកំណត់ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។ ប៉ុន្តែ​ក្នុងការ​តាក់តែង​រដ្ឋធម្មនុញ្ញ​នេះ គណៈកម្មាធិការ​ត្រូវ​តាក់តែង​ដោយ​ឈរ លើ​មូលដ្ឋានគ្រឹះ​ពីរ​ជា​សារវន្ត​៖

(១)-​យោងតាម​អនុសាសន៍​របស់​សម្តេច នរោត្តម សីហនុ ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៩៣​។​

(២)-​យោងតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៩៣ សម្តេច នរោត្តម សីហនុ បានផ្តល់​អនុសាសន៍​ចំនួន​៦​ចំណុច​ដល់​សភាធម្មនុញ្ញ ដើម្បី​ទុកជា​គោលការណ៍​ក្នុងការ​តាក់តែង​គម្រោង​រដ្ឋធម្មនុញ្ញ​អនាគត​របស់​ប្រទេស​កម្ពុជា​។ បណ្តា​គោលការណ៍​ទាំងនោះ​មាន​ជាអាទិ៍​ដូចតទៅ​៖

(១)-​ប្រទេស​កម្ពុជា​គឺ​មិនមែន​រាជានិយម ឬ​សាធារណ​រដ្ឋនិយម​។ តែ​គឺជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត និង​មិន​ចូលបក្ស​សម្ព័ន្ធ មាន​អធិបតេយ្យភាព​នៅក្នុង​បូរណភាព​ទឹកដី​របស់ខ្លួន​នៅក្នុង​ព្រំដែន​គោក និង​ព្រំ​ដែនទឹក ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ (Le Cambodge n’est ni un “Royaume” ni une “République”. C’est un ETAT indépendant, neutre, non-aligné, souverain dans son intégrité territoirale, c’est-à-dire dans ses frontières terrestes et maratimes internationalement reconnue entre les années 1963 et 1969)​។​

(២)-​ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យសេរី (​តាមបែប​លោកខាងលិច​) អាស្រ័យ​របប​សភានិយម (​មិនមែន​ប្រធានាធិបតីនិយម​ទេ​) មាន​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស សារព័ត៌មាន​សេរី​ទាំងស្រុង (​ដោយ​គ្មាន​ការត្រួតពិនិត្យ​) ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ និង​ឧស្សាហកម្ម​សេរី​ដូច​លោកខាងលិច គោរព​យ៉ាង​ដាច់ខាត​នូវ​សិទ្ធិមនុស្ស ដែល​កំណត់ដោយ​ធម្មនុញ្ញ​សហប្រជាជាតិ ដោយ​សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិមនុស្ស និង​សន្ធិសញ្ញា​ផ្សេងៗ​ទៀត ស្តីពី​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​។ ទោស​ប្រហារជីវិត ត្រូវ​លុបបំបាត់ចោល​ជាដាច់ខាត​។ ប្រទេស​កម្ពុជា ថ្កោលទោស​រាល់​ទម្រង់​នៃ​ការប្រកាន់​ពូជសាសន៍​។​

(៣)-​ត្រូវមាន​ការបែងចែក​អំណាច (​អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​) យ៉ាង​តឹងរ៉ឹង​។ អំណាចតុលាការ​ត្រូវតែ​ឯករាជ្យ​ជាដាច់ខាត​ពី​រដ្ឋាភិបាល និង​គណបក្សនយោបាយ​។​

(៤)-​ប្រទេស​កម្ពុជា​មិន​ចងសម្ព័ន្ធ​មិត្ត​យោធា​ជាមួយ​ប្រទេស​ណា​ឡើយ ហើយក៏​មិន​អនុញ្ញាតឱ្យ មាន​មូលដ្ឋាន​យោធា មូលដ្ឋាន​អាវុធ​របស់​បរទេស​លើ​ទឹកដី​របស់ខ្លួន​ដែរ​។ វិស័យ​ការពារជាតិ​របស់​ប្រទេស​កម្ពុជា​គឺ​ឯកភាព​តែមួយ​។ ប្រទេស​កម្ពុជា​ប្រឆាំង​ជានិច្ច​ចំពោះ​ការរក្សា​ទុក ការផលិត ការប្រើប្រាស់​អាវុធ បរិ​មា​ណូ ឬ​អាវុធ​វេត្រាណូ​។​

(៥)-​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ឥស្លាម​សាសនា និង​សាសនា​គ្រិស្ត​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ និង​ការការពារ​ដោយ​រដ្ឋ​។ សេរីភាព​ជំនឿ​សាសនា​ត្រូវមាន​ជានិច្ច​នៅ​កម្ពុជា​។​

(៦)-​ប្រទេស​កម្ពុជា​ចៀសវាង​ដាច់ខាត​នូវ​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ដទៃ ហើយក៏​មិន​អនុញ្ញាតឱ្យ​ប្រទេស​ដទៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ដែរ​។ ប្រទេស​កម្ពុជា​នឹង​ចងមិត្តភាព​ជាមួយ​បណ្តា​ប្រទេស និង​ប្រជាជន​ទាំងអស់​លើ​ពិភពលោក ដែល​គោរព​អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព មិន​ចូលបក្ស​សម្ព័ន្ធ បូរណភាព​ដែនដី​ក្នុង​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​នា​ឆ្នាំ​១៩៦៩ របស់ខ្លួន​។ ហាមឃាត់​ជានិច្ច​នូវ​ការបញ្ជូន​កងទ័ព​ចេញ​ក្រៅប្រទេស​។​

​ទន្ទឹមនឹង​នោះដែរ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏បាន​កំណត់​យ៉ាង​ច្បាស់លាស់​ផងដែរ នូវ​បណ្តា​គោលការណ៍​មួយចំនួន​សម្រាប់​អនាគត​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​កម្ពុជា​។ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​បានន័យថា ប្រទេស​កម្ពុជា​មិនត្រូវ​បានដាក់​កំណត់ឱ្យ​ត្រូវតែ​ជ្រើស​រើសយក​របប​នយោបាយ​សាធារណ​រដ្ឋនិយម ឬ​រាជានិយម​នោះទេ ប្រការ​សំខាន់​ក្របខ័ណ្ឌគតិយុត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​កម្ពុជា ត្រូវតែ​ទទួលយក​នូវ​បណ្តា​គោលការណ៍​មួយចំនួន​ដូច​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។​

​បណ្តា​គោលការណ៍​ទាំងនោះ​គឺ (៤)៖

(១)-​រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់កំពូល​របស់​ប្រទេស​។ គេ​អាចធ្វើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​បាន លុះត្រា​តែមាន​របៀបរបប​ចាត់តាំង​មួយ​ទាក់ទង​ដល់​ការយល់ព្រម​ពី​អង្គនីតិបញ្ញត្តិ ការធ្វើប្រជាមតិ ឬក៏​ដោយ​វិធី​ទាំងនេះ​តែម្តង​។​

(២)-​ប្រវត្តិសាស្ត្រ​ថ្មីៗ​ប្រកបដោយ​សោកនាដកម្ម​នៅ​កម្ពុជា ទាមទារ​ឱ្យមាន​វិធានការ​ពិសេស ដើម្បី​ធានា​ការពារ​សិទ្ធិមនុស្ស​។ ហេតុដូច្នេះ រដ្ឋធម្មនុញ្ញ​ត្រូវ​រួមមាន​សេចក្តីថ្លែងការណ៍​មួយ​អំពី​សិទ្ធិ​ជា​មូលដ្ឋាន នៅក្នុង​នោះ​មាន​សិទ្ធិ​ក្នុងការ​មានជីវិត​រស់នៅ សេរីភាព​បុគ្គល សន្តិសុខ សេរីភាព​ក្នុងការ​ធ្វើដំណើរ សេរីភាព​ក្នុង​ជំនឿ​សាសនា រួម​ប្រជុំគ្នា និង​បង្កើត​សមាគម រួមមាន​គណបក្សនយោបាយ និង​សហជីព ដំណើរការ​តុលាការ​ត្រឹមត្រូវ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ការពារ​កុំឱ្យ​មានការ​ដកហូត​ក​ម្ម​សិទ្ធិ​ដោយ​វិធី​ផ្តាច់ការ ឬ​ការដកហូត​កម្មសិទ្ធិឯកជន​ដោយ​គ្មាន​ការ​សងជំងឺចិត្ត​ដ៏​ត្រឹមត្រូវ និង​សេរីភាព​ដោយ​គ្មាន​ការប្រកាន់​រើសអើង ពូជសាសន៍ ជនជាតិ ជំនឿ​សាសនា ឬ​ភេទ​ឡើយ​។ រដ្ឋធម្មនុញ្ញ​ត្រូវ​ហាមឃាត់​នូវ​ការអនុវត្ត​ច្បាប់​ឧក្រិដ្ឋ​ទៅលើ​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​ក្នុង​អតីតកាល​។​

​សេចក្តីប្រកាស​ត្រូវ​សមស្រប​ទៅនឹង​ប្រការ​ទាំងឡាយ​នៃ​សេចក្តីប្រកាស​ជាស​កល​អំពី​សិទ្ធិមនុស្ស ព្រមទាំង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដទៃទៀត​ដែល​ពាក់ព័ន្ធ​។ បុគ្គល​ដែល​ត្រូវ​រំលោភបំពាន​មាន​សិទ្ធិ​ប្តឹងទៅ​តុលាការ ដើម្បី​កាត់សេចក្តី និង​ធ្វើ​ឱ្យគេ​គោរព​សិទ្ធិ​ទាំងអស់នេះ​។​

(៣)-​រដ្ឋធម្មនុញ្ញ​ត្រូវ​ប្រកាស​អំពី​លក្ខន្តិកៈ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ និង​អ​ព្យា​-​ក្រឹ​ត​មួយ និង​អំពី​ឯកភាព​របស់​ប្រជាជន​កម្ពុជា​។​

(៤)-​រដ្ឋធម្មនុញ្ញ​ត្រូវ​ប្រកាសថា កម្ពុជា​នឹង​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ដោយ​ឈរលើ​មូល​-​ដ្ឋា​ន​ពហុបក្ស​។ រដ្ឋធម្មនុញ្ញ​ត្រូវ​អនុញ្ញាត​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​តាមរបៀប​បោះឆ្នោត​ដោយ​សកល និង​ស្មើភាព​។ រដ្ឋធម្មនុញ្ញ​ត្រូវ​អនុញ្ញាតឱ្យ​មានការ​បោះឆ្នោត​ដោយ​សម្ងាត់ ដោយ​តម្រូវឱ្យ​ទម្រង់​បែបបទ​នៃ​ការបោះឆ្នោត​ត្រូវ​ផ្តល់ឱកាស​គ្រប់គ្រាន់ និង​សមរម្យ ដើម្បី​រៀបចំ និង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​។​

(៥)-​ត្រូវបង្កើត​តុលាការ​ឯករាជ្យ ដែល​ត្រូវ​មានអំណាច​ដាក់ឱ្យអនុវត្ត​នូវ​បណ្តា​សិទ្ធិ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

(៦)-​រដ្ឋធម្មនុញ្ញ​ត្រូវអនុម័ត​ដោយ​សំឡេង​ភាគច្រើន​ពីរភាគបី នៃ​សមាជិក​របស់​សភាធម្មនុញ្ញ​។​

​បន្ទាប់ពី​ធ្វើ​ការងារ​របស់ខ្លួន​អស់​រយៈពេល​បី​ខែ សភាធម្មនុញ្ញ​ក៏បាន​បញ្ចប់​នូវ​ការតាក់តែង​គម្រោង រដ្ឋធម្មនុញ្ញ​អនាគត​របស់​កម្ពុជា​។ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ពីរ​ផ្សេងគ្នា​ត្រូវបាន​ដាក់ថ្វាយ​សម្តេច នរោត្តម​សីហនុ ពិនិត្យ​សម្រេច​មុននឹង​ត្រូវអនុម័ត​។​

​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​១៩៩៣ សភាធម្មនុញ្ញ​បានចាប់ផ្តើម​ពិភាក្សា និង​ឈានទៅ​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា ដើម្បី​ពាំនាំ​មកវិញ​នូវ​សន្តិភាព ស្ថេរភាព និង​ការបង្រួបបង្រួម​ជាតិ ដើម្បី​អភិវឌ្ឍ​សង្គមជាតិ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ញាំញី​ដោយ​សង្គ្រាម​ជាង​ពីរ​ទសវត្សរ៍​។ នេះ​ជាការ​ធ្វើដំណើរ​នៅលើ​ផ្លូវបត់​មួយ ដែល​អ្នករួមដំណើរ​សុទ្ធតែជា​អតីត​គូសត្រូវ​ស្លាប់​រស់​លើ​ទីលាន​សមរភូមិ​សង្គ្រាម និង​លើ​សៃ​វៀន​នយោបាយ​។​

​សមាជិកសភា​ធម្មនុញ្ញ​ចំនួន​១២០​រូប ដែល​ប្រជារាស្ត្រ​ប្រមាណ​៩០​ភាគរយ ស្មើនឹង​ជាង​បួន​លាន​នាក់ នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត បានសម្រេច​ជ្រើសរើស​ឡើង​តាម​ការបោះឆ្នោត​កាលពី​ខែឧសភា ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ បាន​បើកឆាក​បង្ហាញ​ជា​ផ្លូវការ​នូវ​សេចក្តីព្រៀង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែលមាន​១៤​ជំពូក និង​១៤០​មាត្រា​របស់​កម្ពុជា​។ នេះ​ជា​សេចក្តីព្រៀង​រដ្ឋធម្មនុញ្ញ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​សេរីនិយម​ពហុបក្ស របប​សេដ្ឋកិច្ច ទីផ្សារសេរី ព្រមទាំង​ប្រកបដោយ​សិទ្ធិសេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដូចដែល​បានចែង​ទុក​ក្នុង​សេចក្តីប្រកាស​ជា​សាកល​ស្តីអំពី​សិទ្ធិមនុស្ស ចែង​ទុក​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ព្រមទាំង​ចែង​ទុក​ក្នុង​អនុសញ្ញា​អន្តរជាតិ​ផ្សេងៗ ស្តីពី​សិទ្ធិ​បុរស ស្ត្រី និង​កុមារ​។​

​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​អនុម័ត​ជា​ស្ថាពរ​នា​ទិវា​ចុងក្រោយ​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២ នៃ សភាធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក សឺ​ន សាន ប្រធានសភា​ធម្មនុញ្ញ លោក ជា ស៊ីម និង​លោក អ៊ឹង គាត អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​។ អង្គ​ប្រជុំបាន​ចាប់ឆ្នោត​ជ្រើសតាំង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ចំនួន​បី​រូប ដើម្បី​បោះឆ្នោត​អនុម័ត​លើ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​។ ក្នុងការ​ជ្រើសតាំង​នោះ លោក អះ​ម៉ាត់ យ៉ា​ស់​យ៉ា (​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​) លោក អ៊ឹម សិទ្ធី (​គណបក្ស​ប្រជាជន​កម្ពុជា​) និង​លោក សឺ​ន សូ​ប៊ែ​រ្តិ៍ (​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​) ត្រូវបាន​ជាប់ឆ្នោត​ជា​គណៈកម្មការ​។​

​ការបោះឆ្នោត​អនុម័ត​រដ្ឋធម្មនុញ្ញ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​សម្ងាត់ និង​ដោយ​សេរី​។ ជា​លទ្ធផល ក្នុងចំណោម​សមាជិកសភា​ធម្មនុញ្ញ​ទាំង ១២០​រូប ក្នុង​នោះបាន​បោះឆ្នោត​យល់ព្រម​គាំទ្រ​ចំនួន ១១៣ សំឡេង មិន​យល់ព្រម​ចំនួន ៥ សំឡេង និង​អនុប្បវាទ ២ សំឡេង ហើយ​រដ្ឋធម្មនុញ្ញ​ស្ថាពរ​នេះ​ត្រូវបាន​គេ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។​

​ក្នុងឱកាស​នោះ លោក សឺ​ន សាន ប្រធានសភា​ធម្មនុញ្ញ​បាន​មានប្រសាសន៍ថា ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ឧ​ត្ត​ម​មួ​យស​ម្រាប់​ប្រទេស​កម្ពុជា​និង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ព្រោះថា សភាធម្មនុញ្ញ​នៃ​កម្ពុជា​ក្រោយពី​បានទទួល​អាណត្តិ​ពី​ប្រជាពលរដ្ឋ​មក បាន​បោះឆ្នោត​អនុម័ត​រដ្ឋធម្មនុញ្ញ​មួយ​របស់​កម្ពុជា​បន្ទាប់​ពី​ត្រូវបាន​ពិភាក្សា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ អត្ថបទ​រដ្ឋ​-​ធម្មនុញ្ញ​ដែល​សភាធម្មនុញ្ញ​អនុម័ត​នេះ ទោះបីជា​មិនទាន់​ចាត់ទុកថា​មាន​លក្ខណៈ​ល្អឥតខ្ចោះ​ក៏ដោយ ក៏​រដ្ឋធម្មនុញ្ញ​នេះ​បានប្រសូត​ចេញពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ទូទាំងប្រទេស​តាមរយៈ​តំណាង ដែល​បាន​ជាប់ឆ្នោត​កាលពី​ខែឧសភា ឆ្នាំ​១៩៩៣ កន្លងមកនេះ​(៥) ។​

​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​កម្ពុជា ដែល​របបរាជានិយម​ទំនើប គឺ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ត្រូវបាន​អនុវត្ត​នៅ​កម្ពុជា​។ ព្រះរាជាណាចក្រ​ទី​១​របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង​តាមរយៈ​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​កម្ពុជា គឺ​រដ្ឋធម្មនុញ្ញ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​១៩៤៧ ដែល​បានកើត​ពី​សភាធម្មនុញ្ញ​មួយ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត ដូច​សភាធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ដែរ​។ របបរាជានិយម​ទំនើប គឺជា​របបរាជានិយម ដែល​ព្រះមហាក្សត្រ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ “​ព្រះមហាក្សត្រ​គ្រងរាជ្យ តែ​មិន​កាន់អំណាច​”​។ ករណីបែបនេះ ត្រូវបាន​គេ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​បណ្តា​ប្រទេស​មួយចំនួន ដូចជា ព្រះរាជាណាចក្រ​ជប៉ុន និង​ចក្រភព​អង់គ្លេស​ជាដើម​។​

​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ នៅមុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ព្រឹក​ព្រលឹម កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​នៃ​កង​ខេមរភូមិន្ទ​មាន​ឯកសណ្ឋាន​ដូច​កង​ខេមរភូមិន្ទ​សម័យ​សង្គមរាស្ត្រនិយម ប្រជារាស្ត្រ​ប្រុស​ស្រី​ក្នុង​រាជធានី​ភ្នំពេញ​ប្រកបដោយ​សម្លៀកបំពាក់​ស​មរ​ម្យ ប្រមាណ​ជាង ៣០,០០០ នាក់ (​បី​ម៉ឺន​នាក់​) បាន​អញ្ជើញ​ជួបជុំគ្នា ដើម្បី​ប្រារព្វ​មី​ទ្ទីង​ជា​ប្រវត្តិ​-​សាស្ត្រ​ដ៏​ធំ​មួយ ដើម្បី​អបអរសាទរ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​សម្តេច នរោត្តម សីហនុ បាន​ឡាយព្រះហស្តលេខា​នា​ព្រឹក​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​១៩៩៣ នោះ​។​

​សម្តេច នរោត្តម សីហនុ បានប្រកាសថា ៖ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា (១៩៩៣) នេះ​តទៅ យើង​ហ៊ាន​អះអាងថា កម្ពុជា​នឹង​បានទទួល​នូវ​រដ្ឋធម្មនុញ្ញ​មួយ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ទូលំទូលាយ​ដ៏​ប្រពៃ​បំផុត ហើយ​មាតុភូមិ​កម្ពុជា​នឹង​ឈានចូល​ដោយ​មោទនភាព​ក្នុងចំណោម​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជាងគេ​ក្នុង​លោក​។​

​សម្តេច​បាន​មាន​ព្រះបន្ទូល​ទៀតថា​៖ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា ដែល​អ្នកតំណាងរាស្ត្រ​ទាំង ១២០ រូប យកចិត្តទុកដាក់​តាក់​តែង​នោះ ជា​កម្រង​វណ្ណ​កម្ម​នៃ​ច្បាប់កំពូល​របស់​កម្ពុជា ក្នុង​នោះបាន​យកចិត្តទុកដាក់​ដល់​ប្រភព​ទាំងអស់​នៃ​សិទ្ធិមនុស្ស គឺ សិទ្ធិ​បុរស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ ហើយក៏​បាន​យកចិត្តទុកដាក់​ដល់​ទិដ្ឋភាព​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់​របស់​រដ្ឋ ដែល​ប្រកបទៅដោយ​លទ្ធិប្រជាធិបតេយ្យ​សេរី​យ៉ាងពិត​ប្រាកដ ដើម្បី​បម្រើ​ពលរដ្ឋ​យ៉ាង​ត្រឹមត្រូវ និង​កាតព្វកិច្ច​ទាំងឡាយ​ចំពោះ​ជាតិ និង​អន្តរជាតិ ពោល​គឺជា​ច្បាប់កំពូល​មួយ ដែល​លើកស្ទួយ​កម្ពុជា ឡើងជា​រដ្ឋ​មួយ​ប្រកបដោយ​សន្តិភាព សេរីភាព និង​វឌ្ឍនភាព ជា​រដ្ឋ​មិន​ចូលបក្ស​សម្ព័ន្ធ និង​អព្យាក្រឹត​។​

​នៅ​ទីបញ្ចប់​សម្តេច​នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល​ថា​៖ «​របប​រាជាធិបតេយ្យ​អាច​នឹង​ស្ថិតស្ថេរ​ចីរកាល និង​មាន​ឧ​ត្ត​ម​ប្រយោជន៍​ចំពោះ​មាតុភូមិ​ទៅបាន លុះត្រាតែ​របបរាជានិយម​នោះ ចេះ​ទទួល​នូវ​ការវិវឌ្ឍ​សមស្រប​នឹង​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ពោលគឺ​របប​រាជាធិបតេយ្យ​នោះ​ត្រូវយក​ចិត្ត​យ៉ាង​ហ្មត់ចត់​បំផុត​ចំពោះ​សំណូមពរ សេចក្តីប្រាថ្នា និង​សេចក្តីត្រូវការ​របស់​ប្រទេសជាតិ និង​ប្រជារាស្ត្រ​ទាំងមូល​។ ហេតុ​ដូច្នេះហើយ បានជា​នៅ​ចុង​សតវត្សរ៍​ទី​២០​នេះ យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើឱ្យ​របប​រាជាធិបតេយ្យ​របស់​យើង​ត្រឡប់​ទៅជា រាជាធិបតេយ្យ​អាស្រ័យ​ធម្មនុញ្ញ ដោយមាន​ព្រះមហាក្សត្រ​គ្រងរាជ្យសម្បត្តិ តែ​មិន​កាន់អំណាច ហើយ​ព្រះអង្គ​គឺជា​អ្នកធានារ៉ាប់រង​ទី​១ ចំពោះ​ចីរភាព​នៃ​អំណាច​របស់​ប្រជាជន​»​។​

​ចំណែក​លោក សឺ​ន សាន តាងនាម​ឱ្យ​អ្នកតំណាងរាស្ត្រ​ទាំងអស់ បាន​មាន​ប្រសា​ន៍​ថា​៖ «​ចាប់ពីពេលនេះ​តទៅ យើង​ជា​ខ្មែរ​ទាំងអស់គ្នា​ប្រកាន់យក​របប​រាជាធិបតេយ្យ​អាស្រ័យ​ធម្មនុញ្ញ មាន​លទ្ធិប្រជាធិបតេយ្យ មាន​សេរីភាព និង​ពហុបក្ស​»​។​

​ទន្ទឹមនឹង​នោះដែរ លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី ប្រមុខ​អ៊ុនតាក់​បាន​ថ្លែងថា​៖ អាណត្តិ​អ៊ុនតាក់​នឹងត្រូវ​បញ្ចប់​ដោយមាន​ការអនុម័តរ​ដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ការបង្កើត​រដ្ឋាភិបាល​។ តំណាង​អង្គការសហប្រជាជាតិ​តំណាងឱ្យ​សហគមន៍​អន្តរជាតិ​មាន​មោទនភាព​ណាស់​ដោយ​បញ្ចប់​ការងារ​របស់ខ្លួន​ដោយ​ជោគជ័យ ដែលជា​បេសកកម្ម​មួយ​ដ៏​មហា​ស្មុគស្មាញ​ក្នុងចំណោម​បេសកកម្ម​ទាំងឡាយ​។ ទន្ទឹមនឹង​នោះដែរ សហគមន៍​អន្តរជាតិ​ទាំងមូល​នឹង​បន្ត​ជួយឧបត្ថម្ភ​ដ៏​សប្បុរស​ជូន​ប្រទេស​កម្ពុជា​តទៅទៀត ក្នុងការ​ស្តារឡើងវិញ​នៃ​ប្រទេស​របស់ខ្លួន​។ អង្គការសហប្រជាជាតិ​ក៏​នៅ​រក្សាទុក​ការិយាល័យ​មួយ ដើម្បី​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដ៏​លំបាក​របស់ខ្លួន ដើម្បី​កសាង​ប្រទេស និង​ស្តារឡើងវិញ​នូវ​សិទ្ធិមនុស្ស និង​បោសសម្អាត​គ្រាប់មីន​ជាដើម​។​

​លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី សម្តែង​ជំនឿ​ថា សម្តេច នរោត្តម សីហនុ នឹង​នៅតែ​ជា​អគ្គម​គ្គុ​ទេសន៍​ចាំបាច់​របស់​ប្រទេសជាតិ និង​ជា​អ្នកសម្របសម្រួល​ដ៏​ឆ្នើម ហើយក៏​ជា​អ្នក​ផ្សះផ្សា​មួយ​ជា​ប្រយោជន៍​ដល់​ប្រទេស​នេះ​។ លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី យល់ថា ប្រទេស​កម្ពុជា ជា​និទស្សន៍​គួរឱ្យ​ពិភពលោក​ចាប់អារម្មណ៍ ព្រោះថា បញ្ហា​ដ៏​សែន​លំបាក​អាច​ដោះស្រាយបាន​។ កម្ពុជា​នឹងត្រូវ​បានជា​គំរូ​និង​ជា​ឧទាហរណ៍​យ៉ាង​ត្រចះត្រចង់​ចំពោះ​បណ្តា​ប្រទេស ដែលជា​សមាជិក​អង្គ​ការសហប្រជាជាតិ​ផងទាំងពួង​។​

​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ជា​ថ្ងៃ​ប្រកាស​រដ្ឋធម្មនុញ្ញ សម្តេច នរោត្តម សីហនុ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ បានតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២​។ សម្តេច នរោត្តម សីហនុ បានធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ជា​ព្រះមហាក្សត្រ និង​សម្តេច ម៉ែ ជា​ព្រះមហាក្សត្រី​យ៍​។ សកម្មភាព​នយោបាយ​នា​ថ្ងៃនោះ ជាការ​បញ្ចប់​អត្ថិភាព​របស់​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​និង​បញ្ចប់​អាណត្តិ​របស់​អ៊ុនតាក់​តាមបែប​ព្រឹ​ត្ត​ន័យ​(6) ។ ក្នុងឱកាស​នោះ​សម្តេច នរោត្តម សីហនុ បានប្រកាស​សភាធម្មនុញ្ញ​ទៅជា​រដ្ឋសភាជាតិ សមាជិកសភា​ធម្មនុញ្ញ បាន​ប្រែក្លាយជា​សមាជិក​រដ្ឋសភា សភាតំណាងរាស្ត្រ ដែលមាន​ចំនួន ១២០ រូប ដដែល​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×