Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បំពេញ​ទស្សនកិច្ច នៅ​អាល្លឺម៉ង់ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម អំពី​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​​សហព័ន្ធ​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា​នេះ រហូតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​

​ទស្សនកិច្ច​រយៈពេល​៨​ថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ក្នុង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ និង​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​របស់​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ។​

​សមាសភាព​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អន្តរក្រសួង​អញ្ជើញ​បំពេញ​ទស្សនកិច្ច រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ក្នុងឱកាស​នៃ​ទស្សនកិច្ច​នេះដែរ គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជា​សមាជិកសភា​សហព័ន្ធ​របស់​អាល្លឺម៉ង់ និង​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ក្រសួង​
​ស្ថាប័ន​សំខាន់ៗ​រួមមាន ក្រសួង​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​ស​ម្រា​ប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​សភា​សហព័ន្ធ​អាល្លឺម៉ង់ ដោយ​ផ្តោតទៅលើ​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ព្រមទាំង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋ​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​មូលដ្ឋាន​មួយចំនួន ដើម្បី​ស្វែងយល់​អំពី​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​វិស័យ​សាធារណៈ​ចាំបាច់​នានា​ដូចជា អប់រំ សុខាភិបាល ព្រៃឈើ និង​បរិស្ថាន ​។​

​សូមបញ្ជាក់ថា​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ក្លាយជា​ដៃគូ​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​ចូលរួមចំណែក​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​អាទិភាព​មួយចំនួន រួមមាន ការអភិវឌ្ឍ​ជនបទ សុខាភិបាល និង​អភិបាលកិច្ច​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×