តាកែវ៖ អភិបាលខេត្តតាកែវ អ៊ូច ភា នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីរាជការអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធប្រមាណជាង៣រយនាក់ ចុះជួយច្រកដីដាក់បាវ ជួយទប់ទឹកជន់ឡើង ដើម្បីការពារកុំឲ្យទឹករលកបោកបាក់ផ្លូវនៅក្នុងឃុំបូរីជលសារ ដែលជាផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់សាលាស្រុកបូរីជលសារ ។
ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានធ្វើការ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធមូលដ្ឋាន ត្រូវតែត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយទប់ស្កាត់ការពារជំនន់ទឹកភ្លៀង ឬជំនន់ទឹកទន្លេមេគង្គ តាមរយៈធ្វើសកម្មភាពដូចជា នៅថ្ងៃនេះ ដែលយើងការពារជាមុនកុំឲ្យទឹករលកបោកបាក់ផ្លូវ ទៅកាន់សាលាស្រុកបូរីជលសារ ដែលវានិងនាំឲ្យមានផលវិបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវនេះ ទៅទទួលសេវានៅសាលាស្រុក។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំឲ្យអាជ្ញាធមូលដ្ឋាន ត្រូវអប់រំប្រជាពលរដ្ឋ ដែលរស់នៅជាប់មាត់បឹង ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះជំនន់ទឹកទន្លេ ដែលកំពុងតែឡើងខ្លាំង ជាពិសេសក្មេងៗ ព្រោះកាលណាប្រជាពលរដ្ឋធ្វេសប្រហែស វានឹងធ្វើឲ្យក្មេងលង់ទឹកស្លាប់ជាក់ជាពុំខាន។ ម្យ៉ាងទៀតអាជ្ញាធពាក់ព័ន្ធត្រូវអប់រំប្រជាពលរដ្ឋ ពីការរស់នៅប្រកបដោយអនាម័យ តាមរយៈការហូបទឹកស្អាត ឬទឹកដែលមានការដាំឲ្យពុះជាដើម។
សូមបញ្ជាក់ដែរថា ស្ថានភាពកម្ពស់ទឹកនៅស្រុកបូរីជលសារ មានកម្ពស់ ៣,៩៩ ម៉ែត្រ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ របស់លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវ ហើយចំពោះកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននោះ គឺមានកម្ពស់ ៤,៥០ម៉ែត្រ៕ដោយ៖ តាកែវ