ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសស្រាល២៨នាក់ និងរបួសធ្ងន់ ៥២នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០១លើក ចំនួនអ្នកស្លាប់ថយចុះ០២នាក់ និងអ្នករងរបួសចំនួន៥នាក់។
យោងតាមរបាយការណ៍បញ្ជាក់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញឲ្យដឹងថា ត្រឹមរយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មនុស្សចំនួន ១១០នាក់បានស្លាប់យ៉ាងរន្ធត់ និង២៧៤នាក់រងរបួសទៀត រងរបួសធ្ងន់ស្រាល ក្នុងនោះមាន ៩៣នាក់របួសស្រាល និង១៨១ របួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រុស សរុបចំនួន១៩៩លើក។
ក្នុងចំណោមគ្រោះថ្នាក់ ១៩៩លើកនេះ បានបណ្ដាលឲ្យខូតខាតម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្ដាលមកពីកត្តា ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង -ល-។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ ដោយ៖កូឡាប