Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ជនអនាមិក​ប្តឹង​លោក បោ​ន ប៊ិន លោក មាស ច័ន្ទ​ពិសិដ្ឋ លោក តេង សា​ម៉ៃ ទៅ ACU ពីបទ​ពុករលួយ ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​

spot_img

​បន្ទាយមានជ័យ ៖ មាន​ករណី​ពាក្យបណ្តឹង​អនាមិក ដែល​គោរព​ជូន​លោក​ទេសរដ្ឋមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​សុំ​ប្តឹង​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ ឈ្មោះ ផេង អិ និង​ប្រពន្ធ ថោង រដ្ឋា ពីបទ​ពុករលួយ ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ អ្នកនាំពាក្យ​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ សេចក្តីថ្លែងការណ៍​មួយ​ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​។​

​អ្នកនាំពាក្យ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់​អំពី​ការពិត បន្ទាប់ពី​មាន​ក្រុម​ជនអនាមិក បាន​ប្តឹង​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា ទៅកាន់​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ (ACU) ថា​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដោះលែង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

​សេចក្តីថ្លែងការណ៍​រប​ស់ អ្នកនាំពាក្យ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា​៖ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​នៅក្នុង​ប្រតិបត្តិ​ការណ៍​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់​រួមមាន​៖​ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ រ៉ុង វាសនា ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី​, ឈ្មោះ ឃឿ​ត កញ្ញា ភេទ​ស្រី និង​ឈ្មោះ សុំ​រ៉ូ​ឌី រួម​ក្លាង ភេទ​ស្រី (​ជនជាតិ​ថៃ​)​។​

​នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច បាន​ដកហូត​បាន​គ្រឿងញៀន ជាច្រើន​ប្រភេទ រួមមាន​៖​មេ​តំ​ហ្វេ​តា​មីន អាយ ហៅ ម៉ា​ទឹកកក ចំនួន ៤​ដុំ មាន​ទម្ងន់ ៩៨០,៤២​ក្រាម​, WY ប្រភេទ​គ្រាប់ ចំនួន ៤​ដុំ មាន ៨០៧២​គ្រាប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១​គ្រឿង​, សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​, កាំភ្លើងខ្លី ម៉ាក G-Lock ចំនួន ១​ដើម មាន​គ្រាប់ ៩៨​គ្រាប់ និង​រថយន្ត ចំនួន ៥​គ្រឿង​។​

​ក្រោយពី​ពិនិត្យ​ភស្តុតាង និង​ផ្អែកលើ​របាយការណ៍​សំយោគ​របស់​សមត្ថកិច្ច លោក តេង សា​ម៉ៃ ជា​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន ៦​នាក់ រួមមាន​៖ ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី និង​ឈ្មោះ ស្រេង ព្រំ​ស៊ិ​រិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទ​ប្រុស (​រត់គេចខ្លួន​) ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សន្និធិ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត​។ ចំណែក ឈ្មោះ រ៉ុង វាសនា ត្រូវ​ចោទប្រកាន់​ពីបទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​ដោយឡែក​ជនសង្ស័យ ឈ្មោះ ឃឿ​ត កញ្ញា ភេទ​ស្រី គឺ​គ្រាន់តែ​អ្នកបម្រើ​នៅផ្ទះ​របស់​ឈ្មោះ ឃុ​ត ដា​រ៉ុង (​ជា​ប្តី​) និង​ឈ្មោះ យ៉ាន់ មុំ (​ជា​ប្រពន្ធ​) និង​ជនសង្ស័យ​ឈ្មោះ សុំ​រ៉ូ​ឌី រួម​ក្លាង ភេទ​ស្រី (​ជនជាតិ​ថៃ​) គឺជា​សង្សារ​របស់​ឈ្មោះ រ៉ុង វាសនា តែប៉ុណ្ណោះ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​រង្វង់​ប្រតិបត្តិការ និង​ពុំមាន​ការជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នោះទេ ទើប​តំណាង​អយ្យការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​ក្រោយមក​ជន​ត្រូវ​ចោទ​ទាំង ៦​នាក់​ដែល​ត្រូវ​តំណាង​អយ្យកា​រលោក តេង សា​ម៉ៃ បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​តាមច្បាប់ និង​បញ្ជូនទៅ​ជំនុំជម្រះ​ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី និង​ឈ្មោះ ស្រេង ព្រំ​ស៊ិ​រិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទ​ប្រុស (​រត់គេចខ្លួន​) ដាក់ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់​ពី ២២​ឆ្នាំ ទៅ ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ចំនួន ៤០​លាន​រៀល ទៅ ៥០​លាន​រៀល ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សន្និធិ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត​។ ចំណែក ឈ្មោះ រ៉ុង វាសនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ព្យួរ​ធម្មតា ពីបទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​អ្នកនាំពាក្យ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ ប្តឹង និង​ចុះផ្សាយ​តាម​សារព័ត៌មាន​ថា ឈ្មោះ ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ​លោក បោ​ន ប៊ិន និង​មន្ត្រី​តុលាការ ក្នុងការ​រត់ការ​ដោះលែង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

​អ្នកនាំពាក្យ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ទុកថា ការប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​មានការ​ចុះផ្សាយ​តាម​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គឺជា​ការ​មួលបង្កាច់ ទម្លាក់​កំ​ហុ​ស ដោយ​ទុច្ចរិត ក្នុង​គោលបំណង​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​លើ​ការអនុវត្ត​ច្បាប់ របស់​មន្ត្រី ដែល​នេះ​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ កិត្តិយស របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​បុគ្គល​ផ្សេងទៀត​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×