Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​បន្ត​យកចិត្តទុកដាក់ បង្កើន​តម្លៃបន្ថែម​លើ​ការផលិត ការនាំចេញ ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម

spot_img

ភ្នំពេញ​៖ រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​បន្ត​យកចិត្តទុកដាក់ បង្កើន​តម្លៃបន្ថែម​លើ​ការផលិត ការនាំចេញ​អង្ករ កសិផល​កែច្នៃ​ឲ្យ​បាន​១២% នៅត្រឹម​ឆ្នាំ​២០២៥ ក្នុងនោះ​មាន​ផលិតផល​សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម ដែលមាន​អាទិភាព​ចម្បង ដូច​បានកំណត់ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​។​

​នៅ​សណ្ឋាគារ Raffles le Royal ភ្នំពេញ នា​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា វិស័យ​កសិកម្ម​បាននិងកំពុង​អភិវឌ្ឍន៍​គួរ​ជាទី​មោទនៈ បច្ចុប្បន្ន​ក្រសួង​កំពុង​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​នានា​ឲ្យ​ចូលរួម​វិនិយោគ​លើ​ការកែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត ស្ថិរភាព​ទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​កំពុង​ជំរុញ​បន្ថែមទៀត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ទន្ទឹមនឹង​សមិទ្ធផល​ជា​វិជ្ជមាន​ដែល​ក្រសួង​សម្រេចបាន ក៏​នៅមាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដែល​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូ ដោះស្រាយ កែសម្រួល និង​បំពេញបន្ថែម នូវ​រាល់​ចំណុច​ខ្វះខាត ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​រលូន ហើយ​ដែល​យន្តការ​ទាំងអស់នេះ វេទិកាសាធារណ​: រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន បាន​អនុវត្ត​រួចមកហើយ ដោយ​ទទួលស្គាល់ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មានការ​ពេញចិត្ត​ពី​អ្នកវិនិយោគ​។ នាពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម និង​ការ​អ​ភ​វិ​ឌ្ឍ​ន៍​វិស័យនេះ ក៏ដូចជា​ការឆ្លើយតប​នឹង​សំណូមពរ​ពី​វិស័យ​ឯកជន វេទិកាសាធារណ​:​លើក​ទី​១៨ បាន​ដាក់ចេញ​វិធានការ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​បន្ត​ជាអាទិ៍​៖ ទី​១. ដាក់​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដល់​សហគ្រាស​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ ជា​បន្ទុក​របស់​រដ្ឋរ​ហូត​ដល់​ដំណាច់ឆ្នាំ​២០២៣​។ ទី​២. អនុគ្រោះ​ដល់​សហគ្រាស​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ ឲ្យ​រួច​ផុតពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការទូទាត់ ចំពោះ​ការផ្គត់ផ្គង់​សេវា ដោយ​បុគ្គល​មិន​ស្ថិតក្នុង​របប​ស្វ័យ​ប្រកាស រហូតដល់​ដំណាច់ឆ្នាំ​២០៣០​។​

​ទី​៣. អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម ជា​បន្ទុក​របស់​រដ្ឋ​ដល់​សហ គ្រាស​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​នូវ​ស្រូវ​-​អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ​ដែលមាន​សុពលភាព​១​ឆ្នាំ​ម្តង ក្នុងករណី​ដែល​សហគ្រាស​នោះ​កាន់​បញ្ជិកា​គណនេយ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​

នាឱកាស​នេះ លោក​រដ្ឋមន្ត្រី បានផ្តល់​ចំណុច​គន្លឹះ​មួយចំនួន ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ពិចារណា ពាក់ព័ន្ធ​នឹង​គោលនយោបាយ សម្រាប់​ជំរុញ​ការវិនិយោគ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងនោះ​រួមមាន​៖ ទី​១. បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ កសិផល​កែច្នៃ​ឲ្យ​បាន​១២% នៃ​ទំហំ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។ ទី​២. ជំរុញ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ SME តាមរយៈ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ការបង្កើត​ធនាគារ​សហគ្រាស (SMEs Bank) និង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​។ ទី​៣. បន្ត​អនុវត្ត​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​គាំទ្រ គោលនយោបាយ​ពន្ធ​ជំរុញ​កំណើន តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការផ្តល់សេវា​បង់ពន្ធ ការសម្រួល​ពាណិជ្ជកម្ម និង​ស្វ័យប្រវត្តិកម្ម ឡូ​ជី​ស្ទីក ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​។ ទី​៤. គាំទ្រ​ការផ្សារភ្ជាប់​វិស័យ​កសិកម្ម ទៅនឹង​វិស័យ​ក​សិ​-​ឧស្សាហកម្ម ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​កែច្នៃ​កសិផល​នាំចេញ តាម​ទម្រង់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ផ្នែក ឯកជន (Agri-PPP)​។

​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ភូតគាម​អនាម័យ​(SPS) ជា​លក្ខណៈ​អេឡិចត្រូនិក (E-Certificate) ក៏​នឹងត្រូវ​រៀបចំ​ឲ្យ​អនុវត្ត​នាពេលខាងមុខ​ផងដែរ​។ ទី​៥. ជំរុញ​រៀបចំ និង​អនុវត្ត​ស្តង់ដារ​កសិផល និង​ការបង្កើត​ឲ្យ​មាន​ស្ថាប័ន​បញ្ជាក់​គុណភាព ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ពង្រឹងសមត្ថភាព​ដល់​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ និង​បញ្ជាក់​គុណភាព ស្របតាម​គោលការណ៍ នៃ​ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices) និង​ការអនុវត្ត​ការផលិត​ល្អ (Good Manufacturing Practices) ពិសេស​ត្រូវ​ជំរុញ​ឲ្យ​ការអនុម័ត និង​អនុវត្ត​ច្បាប់​ស្តីពី​ការការពារ​ដំណាំ និង SPS ជំរុញ​បង្កើត “​សហគ្រិនភាព​កសិកម្ម​ថ្មីៗ – Agri-Entrepreneurship Incubators”​។ ទី​៦. គាំទ្រ​ការតភ្ជាប់​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ថាមពល និង​ឌីជីថល​។ ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី និង​ប្រព័ន្ធ​បញ្ជា​ផលិត​តាមរយៈ​ឌីជីថល​។ ទី​៧. គាំទ្រ​ការធានា​ចីរភាព​បរិស្ថាន​ស្របតាម​គោលការណ៍ “​អភិវឌ្ឍន៍​បៃតង​” និ​ង​ការរៀបចំ​ខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ សំដៅ​កាត់បន្ថយ​ផល​អវិជ្ជមាន​ជា​អតិបរមា​មកលើ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​។ “​ការវិនិយោគ​បៃតង​- Green Investment” សំដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា មាន​លក្ខណៈ​ជា​សេដ្ឋកិច្ច​បៃតង ប្រកបដោយ​ភាតរ​បរិស្ថាន​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×