Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​អ្នកវិនិយោគ​វៀតណាម មក​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត នៅ​កម្ពុជា ដែល​រំពឹងថា នៅ​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប សម្រេច​ដល់​ប្រមាណ​៥​ពាន់លាន​ដុល្លារ​

spot_img

​វៀតណាម​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ចំនួន​២,៧២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​យើង​រំពឹងថា នឹង​សម្រេច​ដល់​ប្រមាណ​ជា​៥​ពាន់ លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំនេះ ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​អ្នកវិនិយោគ​វៀតណាម មក​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត នៅ​កម្ពុជា ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​សំខាន់ នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ឲ្យ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។​

​នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ចូលរួម​នៅក្នុង​​សន្និសីទ​កម្ពុជា​-​វៀតណាម ស្ដីពី​ការ​ជម្រុញ​វិនិយោគ និង​ពាណិជ្ជកម្ម​។ សន្និសីទ​នេះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម ធុរជន និង​អ្នកវិនិយោគ​សំខាន់ៗ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នៅក្នុង​សន្និសីទ​នេះ​ផងដែរ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ជាពិសេស​លើ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​បានបង្ហាញ​អំពី​សក្កា​នុព​ល ប្រទេស​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​វិនិយោគ ទៅវិញទៅមក ក្នុង​គោលដៅ​ដើម្បី​ទាក់ទាញ ក៏ដូចជា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។ ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មាន​ប្រសា​ន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ធុរជន​និង​អ្នកវិនិយោគ​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ ដើម្បី​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​ការរីកចម្រើន ផ្នែក​សង្គមកិច្ច ផ្នែក​សេដ្ឋកិច្ចសង្គម កាលានុវត្តភាព​និង សក្តានុពល វិនិយោគ​ក៏ដូចជា​ជ្រាប​អំពី​ការដាក់ចេញ​នូវ​វិធានការ របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង នូវ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​។​

​សម្ដេច​តេ​ជោ​ក៏បាន​កោតសរសើរ ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល នៃ​ប្រទេស​វៀតណាម ដែល​បាន​ខិតខំ​រួមគ្នា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​គួរ​ជាទី​មោទនៈ ទាក់ទាញ​បាន​នូវ​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​យ៉ាង​សន្ធឹកសន្ធាប់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​មាន​សន្ទុះ​កើនឡើង ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាព​កាន់តែ​ប្រសើរ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា​កម្ពុ​ជា និង​វៀតណាម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ជា​យូរលង់​ណាស់​មកហើយ​។ កម្ពុជា​នៅ​ចងចាំ​ជា​ដរាប និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ជំនួយ​ឧបត្ថម្ភ​គ្រប់បែបយ៉ាង​ពី​សំណាក់​ប្រជាជន និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ការជួយ​រំដោះ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការចូលរួម​ស្តារ និង​ការកសាង​កម្ពុជា​ពី​គំនរ​ផេះផង់​ឡើងវិញ​។ ជាមួយគ្នានេះ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ទំនាក់ទំនង​ជាប្រចាំ​នៃ​ប្រជាជន នៃ​ប្រទេស​ទាំងពីរ បានបង្ហាញ​យ៉ាង​ប្រត្យក្ស​ពី​ភាព​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង ដោយ​ឈរលើ​គោលការណ៍​ជឿទុកចិត្ត​គ្នា និង​គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ ផ្នែក​សេដ្ឋកិច្ចសង្គម​នយោបាយ​និង​ការទូត​។​

​សម្តេច​តេ​ជោ​បន្តថា ក្នុង​វិស័យ​ពាណិជ្ជកម្ម សម្តេច​ពិតជា​មាន​ក្តី​មោទនភាព ចំពោះ​ការកើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​វៀតណាម​សម្រេច បាន​ចំនួន​ប្រមាណ​ជាង​៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ​ជា​២៤% ធៀប​នឹង​ឆ្នាំ​២០១៧​។ ដោយឡែក​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ចំនួន​២,៧២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​យើង​រំពឹងថា នឹង​សម្រេច​ដល់​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំនេះ​។ ក្នុង​វិស័យ​វិនិយោគ​វិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ ១៩៩៤ រហូតដល់​ខែសីហា​ឆ្នាំ​២០១៩ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៨៤​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា​២,៥ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​វិស័យ​កសិកម្ម មាន​ចំនួន​ប្រមាណ​២​ភាគ​៣ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។ ក្រោយពី​គម្រោង​វិនិយោគ​ដែល​បាន ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏មាន​វត្តមាន នៃ​ការវិនិយោគ​ក្រុមហ៊ុន​វៀតណាម ក្នុង​វិស័យ​នានា​ដូចជា វិស័យ​ធនាគារ ធានារ៉ាប់រង សេវាកម្ម និង​ការលក់ដុំ លក់រាយ​ជាដើម​។​

​ចំពោះ​វិស័យ​ទេសចរណ៍​វិញ វៀតណាម​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ នៅ​ឆ្នាំ​២០១៧ និង​២០១៨​។ ក្នុង​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវទេសចរ​វៀតណាម​មក​កម្ពុជា មាន​ចំនួន​ប្រមាណ​ជាង​៤៧​ម៉ឺន​នាក់ ដែល​តួលេខ​នេះ​មានការ​កើនឡើង ប្រមាណ​ជា​៤,៦% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​។ ចំនួន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ រំពឹងថា​នឹងមាន​កំណើន​បន្ថែមទៀត តាមរយៈ​កា​រព​ន្លឿ​ន​សកម្មភាព​ផ្សព្វផ្សាយ និង​ការបង្កើន​ការតភ្ជាប់​ក្នុងចំណោម គោលដៅ​និង​ផលិតផល​ទេសចរណ៍ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​ដា​ណាំង និង​ចាប់ផ្ដើម​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខនេះ បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម ដែលមាន​ស្រាប់​ចំនួន​១១២​ជើង ក្នុង​មួយ​សប្តាហ៍​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ផ្លូវគោក និង​ឡូ​ជី​ស្ទិ​ក ប្រទេស​ទាំងពីរ​បាន​ឯកភាព​អនុញ្ញាត ឲ្យ​យានយន្ត​ចំនួន​៥០០​គ្រឿង ឆ្លងកាត់​តាម​ច្រកព្រំដែន​ចំនួន​៩ ហើយ​ប្រទេស​ទាំង​ពីរបាន និង​កំពុង​ពិភាក្សា​លើ​ការបន្ថែម ចំនួន​យានយន្ត​និង​ជំនួញ​ច្រក​ឆ្លងកាត់​ដែរ​។ សម្ដេច​តេ​ជោ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ ចេញ​នូវ​យន្តការ​ពិសេស ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម និង​ផ្នែក​ឡូ​ជី​ស្ទីក នៅតាម​ជាយដែន​ជាពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប ទៅនឹង​កំណើន​យ៉ា​កំហុស នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ មក​ប្រសព្វ​គ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត ដែលជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង ក្នុង​ក្របខ័ណ្ឌ​មហា​អនុតំបន់​មេគង្គ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​អ្នកវិនិយោគ​វៀតណាម មក​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត លើ​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក វិស័យ​សំណង់ ផលិត​សម្ភារៈ​បរិក្ខា​សំណង់ និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ ដែល​សុទ្ធសឹង​ជា​វិស័យ​សក្តានុពល​របស់​កម្ពុ​ជា ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា ឱ្យក្លាយ​ទៅជា​ផ្នែក​មួយ​សំខាន់ នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ឲ្យ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ អំពី​ការធ្វើកំណែទម្រង់​ផ្ទៃក្នុង នៃ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ដែល​សម្ដេច​បាន​ដឹកនាំ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ទី​២៩ ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ ដែល​បានផ្ដល់​ដល់​ផ្នែក​វិស័យ​ឯកជន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ ជូន​ដល់​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​មាន​វិធានការ សមស្រប​ដើម្បី​ដោះស្រាយ និង​ដើម្បី​ធ្វើ​ឲ្យ​វិនិយោគិន ដែល​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល​។​

​សម្ដេច​តេ​ជោ បាន​ស្វាគមន៍​រាល់​ការសម្រេចចិត្ត របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​វៀតណាម ដែល​បានជ្រើសរើស នឹងមាន​បំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សម្ដេច​ក៏បាន​អំពាវនាវ​ដល់​ធុរជន និង​អ្នកវិនិយោគ​វៀតណាម ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ឬ​សហការ​វិនិយោគ​រួមគ្នា​ជាមួយ​អ្នកវិនិយោគ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍ ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​និង​វៀតណាម​។ សម្ដេច​ក៏​សូម​ធានា ជូន​ដល់​អ្នកវិនិយោគ​គ្រប់រូប នូវ​បរិស្ថាន​ប្រកបដោយ​អំណោយផល ជាពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។​

​នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​នេះ​ផងដែរ ក៏មាន​ពិធី​ចុះហត្ថលេខា​មួយ​លើ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម ស្ដីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×