Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​អត្រាកំណើន​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលនេះ​យើង​បាន​ឈាន​ចូល​ឆ្នាំ ២០១៨ ហើយ ដែល​ជា​ឆ្នាំ​ទី ៥ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា បន្ទាប់ពី​យើង​បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត​យ៉ាងច្រើន​ក្នុង​ឆ្នាំ​កន្លងទៅ ។​

​ក្នុង​ទិវា​ប្រារព្ធ​ខួប​៣៩​ឆ្នាំ​នៃ​ជ័យជម្នះ​៧​មករា កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​កោះ​ពេជ្រ សម្តេច​តេជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ខឿន​ការពារជាតិ​របស់​ប្រជាជន និង​ខឿន​សន្តិសុខ​ជាតិ ត្រូវបាន​ពង្រឹង​កាន់តែ​រឹងមាំ ធានា​ដល់​កិច្ចការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពសុខដុមរមនា​នៃ​សង្គមជាតិ ។ ជាពិសេស ឧបាយកល​បដិវត្តន៍​ពណ៌​របស់​គណបក្សប្រឆាំង​ដែ​លឃុប​ឃឹត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ត្រូវ​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ។ ក្បាលម៉ាស៊ីន​អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែល​បាន​បោកប្រាស និង​ក្បត់​ឆន្ទៈ​របស់​ប្រជាជន​ត្រូវបាន​រំលាយ បុគ្គល​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ក៏​ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​ជា​ធរមាន ។ លើ​មូលដ្ឋាន​នេះ កម្ពុជា​បាន​ការពារ​យ៉ាង​រឹងមាំ​នូវ​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន បញ្ចៀស​គ្រោះមហន្តរាយ​ជា​ថ្មី​សម្រាប់​ជាតិ និង​ធានា​ដល់​ការ​បន្ត​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា តាម​គន្លង​ដ៏​ត្រឹមត្រូវ ។​

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា ដំណើរ​កែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ត្រូវ​បាន​បន្ត​ជំរុញ​អនុវត្ត​ដោយ​ឆន្ទៈ​មុត​ស្រួច និង​កាន់តែ​មាន​ប្រសិទ្ធភាព ដែល​បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​ការលើកកម្ពស់​អភិបាលកិច្ច​នៃ​ស្ថាប័ន រដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌​ក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ទទួលបាន​នូវ​ការ​សាទរ​ពី​ប្រជាជន​។​

ការរក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដ៏​រឹងមាំ បាន​ធានា​ឲ្យ​កម្ពុជា​បន្ត​សម្រេច​បាន​ស​មិទ្ធ​ផល​ធំៗ​ថ្មីៗ​ទៀត​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ សេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​កំណើន ៦,៩% ក្នុង​ឆ្នាំ ២០១៧ ។ កំណើន​ដ៏​រឹងមាំ​នេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និង​សេវាកម្ម ដូចជា ទេសចរណ៍ និង​អចលនទ្រព្យ​ជាដើម ។ គួរ​កត់​ស​ម្កាល់​ថា កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ។​

​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព ហើយ​បាន​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ព្រមទាំង​ការផលិត និង​ការប្រើប្រាស់​ក្នុងស្រុក ។ អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន ទុនបម្រុង​អន្តរជាតិ​បាន​កើន​ជា​រៀងរាល់ឆ្នាំ អាស្រ័យ​ដោយ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​កំណើន​ល្អ ជាមួយគ្នានេះ តុល្យភាព​ជញ្ជីងទូទាត់​ក៏​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ដែរ ។​

​កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាពល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សូចនាករ​សង្គម ជា​ពិសេស​ការកើនឡើង​នៃ ផ​សស​. ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី ១.០៤២ ដុល្លារ​អារ​មេរិក ក្នុង​ឆ្នាំ ២០១៣ ដល់​ប្រមាណ ១.៤៣៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៧ ។ អត្រា​ភាពក្រីក្រ​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៥៣,៥% ក្នុង​ឆ្នាំ ២០០៤ មក​ត្រឹម ១៣,៥% ក្នុង​ឆ្នាំ ២០១៤ និង​បន្ត​ធ្លាក់ចុះ​ថែមទៀត​ហើយ​ជាមួយគ្នានេះ គម្លាត​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន ក៏​មាន​ការធ្លាក់ចុះ​ជា​លំដាប់​ផងដែរ ។​

​ការសម្រេច​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​បរិការណ៍​អតិផរណា​ទាប និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស​កាន់តែ​មាន​ឱកាស​ក្នុង​ការស្វែងរក​ការងារ និង​ក្នុង​ការបង្កើន​ប្រាក់ចំណូល ដោយ​ក្នុង​នោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​ក្នុង​គោលដៅ​ជាង ១ លាន​រៀល នៅ​ឆ្នាំ ២០១៨ ។ ចំពោះ​កម្មករ និយោជិត​រាប់សែន​នាក់​ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន ក៏​ទទួលបាន​នូវ​ឱកាស​ក្នុង​ការបង្កើន​ប្រាក់ចំណូល​របស់​ខ្លួន តាមរយៈ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ជូន​កម្មករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់ឆ្នាំ ដែល​កើនឡើង​ដល់ ១៧០ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៨ ដោយ​មិន​ទាន់​គិត​ទៅ​ដល់​ការទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ។ ការបង្កបង្កើន​ផល​កសិកម្ម​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផ​ល​ខ្ពស់​ជាង​ឆ្នាំ​មុន ឯ​តម្លៃ​កសិផល​ក៏បាន​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែរ ។ ក្រៅ​ពី​ការផ្តល់​ឱកាស​ស្វែងរក​ការងារ និង​ឱកាស​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​ប្រជាជន​រាប់លាន​នាក់​ខាងលើ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​ចាំបាច់​នានា​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ​ដោះស្រាយ​ការ​លំ​បា​
ក ក្តីកង្វល់ និង​បំណងប្រាថ្នា​របស់​ប្រជាជន ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​ជាតិ ទាំង​បញ្ហា​សង្គម និង​បញ្ហា​សេដ្ឋកិច្ច ហើយ​នៅ​ឆ្នាំ ២០១៨ នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឲ្យ​ដំណើរកា​រមូល​និធិ​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និវត្ត​ជន ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ និង​មន្ត្រី​ភូមិ និង​កំពុង​បន្ត​រៀបចំ​នូវ​ការ​គាំពារ​សង្គម​ខាង​សុខភាព និង​ហានិភ័យ​ផ្សេង​ទៀត​ឲ្យមាន​វិសាលភាព​គ្របដណ្តប់​សម្រាប់​ប្រជាជន​ទូទៅ ។​

​បើ​តាម​សម្តេច​តេជោ ឆ្លងកាត់​រយៈពេល ៣៩ ឆ្នាំ​មកនេះ​បាន​បង្ហាញ​ច្បាស់​ថា ផ្តើម​ពី​ជ័យជម្នះ ៧ មករា ប្រទេស​កម្ពុជា បាន និង​កំពុង​ឈាន​ទៅ​មុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដែល​ស្រប​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន និង​ដើរ​ស្រប​ជាមួយ​និន្នាការ​រួម​ក្នុង​តំបន់ ក៏​ដូច​ពិភពលោក ទោះបីជា​ត្រូវ​ជួបនឹង​ការលំបាក និង​ភាពបត់បែន​យ៉ាង​ច្រើនក្តី ៖

​កម្ពុជា​ពី​មុន​ដែល​ជា​វាល​ពិឃាត ជា​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ជា​តំបន់​អសន្តិសុខ​គួរ​ឲ្យ​ខ្លាចរអា ឥឡូវ​បាន​ក្លាយទៅជា​ទឹកដី​សន្តិភាព និង​សេរីភាព​ដែល​ប្រជាជន​បាន​រស់នៅ​យ៉ាង​សុខដុមរមនា និង​ជា​តំបន់​ទេសចរណ៍​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដែល​បាន​ទទួល​ភ្ញៀវ​ទេសចរ​ដល់​ប្រមាណ ៥ លាន ៦ សែន​នាក់​ក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ ។​

​កម្ពុជា​ពី​មុន​ដែល​ធ្លាប់​គ្របដណ្តប់​ដោយ​អំណាច​ផ្តាច់ការ​របស់​ពួក​ឃាតករ ប៉ុល ពត និង​ត្រូវ​គេ​ប្រមាថ​មើលងាយ ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លើកតម្កើង​សិទ្ធិ និង​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស អនុវត្ត​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​នីតិរដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​មាន​អធិបតេយ្យ​ពេញលេញ​ដែល​មិន​អាច​រំលោភ​បំពាន​បាន ។​

​កម្ពុជា​ពី​មុន​ដែល​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ​ទាំង​ខាង​សេដ្ឋកិច្ច និង​នយោបាយ ឥឡូវនេះ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក មាន​ចំណង​មិត្តភាព និង​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​ជាមួយ​បណ្តា​ប្រទេស ហើយ​កំពុង​ចូលរួម​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​អន្តរជាតិ ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក ។​

​កម្ពុជា​ពី​មុន​ដែល​ធ្លាប់​ទទួល​កងកម្លាំង​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិម​កជួយ​ប្រទេស​របស់​ខ្លួន តែ​រយៈពេល​ជាង​មួយ​ទសវត្ស​កន្លងទៅនេះ បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​ការរក្សា​សន្តិភាព​នៅ​ប្រទេស​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​នៃ​អង្គការ​សហប្រជាជាតិ ។​

​កម្ពុជា​ពី​មុន​ដែល​ខឿន​សេដ្ឋកិច្ច​ជាតិ​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី គ្រប់​ដណ្តប់​ដោយ​ភាពក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ ឥឡូវនេះ​បាន​ក្លាយទៅជា​ប្រទេស​នាំ​អង្ករ​ចេញ ហើយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​នៃ​ប្រទេស​ដែល​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ដោយ​មាន​អត្រា​កំណើន​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ ព្រមទាំង​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។ កម្ពុជា​បាន​សម្រេច​នូវ​បង្គោល​ចរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺ​បាន​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​បន្ត​ដំណើរ​ឈាន​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ។​

​ទាំងអស់នេះ ជា​ការផ្លាស់ប្តូរ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ក្នុង​រយៈពេល​ជិត ៤ ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​កើតចេញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ការចូលរួម​ដោយ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ពុះពោរ​របស់​ប្រជាជន​គ្រប់​ស្រទាប់ គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករ​ទូទៅ និង​មជ្ឈដ្ឋាន​ជឿនលឿន​នានា​ក្នុងសង្គម ក្នុង​ដំណើរការ​ស្តារ កសាង និង​ការពារ​មាតុភូមិ ព្រមទាំង​ការជួយឧបត្ថម្ភ​ដ៏​ស្មោះស​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ ។​

៣៩ ឆ្នាំ​កន្លងទៅនេះ គឺ ៣៩ ឆ្នាំ​នៃ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ការខិតខំ​ពុះពារ​របស់​យើង​ក្នុង​រយៈពេល ៣៩ ឆ្នាំ​មកនេះ បាន​កែប្រែ​មាតុភូមិ​យើង​ពី​គំនរ​ផេះផង់​ឲ្យ​រស់​ឡើង​វិញ និង​រីកចម្រើន​លូតលាស់​ប្រកបដោយ​មោទនភាព​បំផុត ដែល​បាន​ពង្រឹង​មូលដ្ឋានគ្រឹះ​សម្រាប់​ឲ្យ​យើង​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម គឺ “​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​” ។ ពិតណាស់ថា ផ្លូវ​ទៅ​មុខ​ទៀត​យើង​នៅតែ​មាន​ឧបសគ្គ ប៉ុន្តែ​គ្មាន​ឧបសគ្គ​ណា​អាច​មក​រារាំង​មិន​ឲ្យ​យើង​សម្រេច​បំណងប្រាថ្នា​បានឡើយ ឲ្យតែ​ប្រជាជាតិ​យើង​មាន​ការឯកភាព រួបរួម​សាមគ្គី​គ្នា បន្ត​ធ្វើ​ដំណើរ​ទៅមុខ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​នេះ ។ យើង​ត្រូវ​ជឿជាក់​លើ​ការខិតខំ​របស់​យើង ហើយ​គប្បី​ចងចាំ​ថា គឺ​កត្តា​ផ្ទៃក្នុង​របស់​ជាតិ​យើង​ដែល​ជា​កត្តា​កំណត់​នៃ​ជ័យជម្នះ ពុំមែន​បរទេស​ជា​អ្នក​កំណត់​នោះ​ទេ ។ ក្នុង​ស្មារតី​នេះ យើងទាំងអស់គ្នា​ប្តេជ្ញា​ដាច់ខាត​ក្នុង​ការការពារ​សន្តិភាព​ដែល​យើង​សម្រេច​បាន​មក​ដោយ​លំបាក​បំផុត ឲ្យ​រឹងមាំ ស្ថិតស្ថេរ គង់វង្ស​ជានិច្ច ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក៏​ដោយ ។ សន្តិភាព​ជា​កត្តា​ជា​សារ​វ័ន្ត ដើម្បី​ធានា​ដល់​ដំណើរ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​ប្រកបដោយ​កិត្តិយស​របស់​ប្រជាជន​យើង ។ បើ​យើង​បាត់បង់​សន្តិភាព នោះ​យើង​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×