Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌ ត្រូវបាន​រំលាយ ប៉ុន្តែ​ឧបាយកល​ដ៏៏ពិសពុល​មិនទាន់​ផុតរលត់

spot_img

​ភ្នំពេញ​៖ អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌ ត្រូវបាន​រំលាយ​ប៉ុន្តែ​ឧបាយកល​ដ៏​ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ​ដែល​បញ្ជា​ពីក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​ផុត​រលត់ ដោយ​ពួកគេ​បាន​ប្រើ​វោហា​ស័ព្ទ​នានា​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ​ពិតប្រាកដ​នៅ​កម្ពុជា មិន​ឲ្យ​រីកចម្រើន ដោយ​ជ្រើស​យក​បុគ្គល​មួយចំនួន​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល លើកទឹកចិត្ត​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​។​

​ក្នុង​ទិវា​ប្រារព្ធ​ខួប​៣៩​ឆ្នាំ​នៃ​ជ័យជម្នះ​៧​មករា កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​កោះ​ពេជ្រ សម្តេច​តេជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ជូន​ជនរួមជាតិ​ថា ពិតមែនតែ​អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌​ត្រូវបាន​រំលាយ​ហើយ​ក្តី ប៉ុន្តែ​ឧបាយកល​ដ៏​ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ​ដែល​បញ្ជា​ពីក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​ផុតរលត់​នៅឡើយ​ទេ ។ គេ​បាន​ប្រើ​វោហា​ស័ព្ទ​នានា​ដ៏​ពីរោះ អំពី​ប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និង​មនុស្សធម៌ ប៉ុន្តែ​សកម្មភាព​ពិត​របស់​គេ គឺ​បាន​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ​ពិតប្រាកដ​មិន​ឲ្យ​រីកចម្រើន ដោយ​ជ្រើស​យក​បុគ្គល​មួយចំនួន​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល លើកទឹកចិត្ត​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​បំពាន​ច្បាប់ ហើយ​ផ្ទុយទៅវិញ គេបោះបង់​ប្រជាជន​កម្ពុជា និង​យក​ប្រជាជន​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​នៃ​នយោបាយ​របស់​ខ្លួន ។ សកម្មភាព​បែប​នេះ ក៏​មិនមែន​ជា​ចំណុច​ថ្មី​ដែរ គឺជា​អ្វី​ដែល​គេ​ធ្លាប់បាន​ធ្វើ​ក្នុង​ទសវត្ស ៨០ កន្លងមក ដោយ​ប៉ុនប៉ង​សម្លាប់​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទាំង​តាមផ្លូវ​យោធា សេដ្ឋកិច្ច និង​នយោបាយ ។​

​មជ្ឈដ្ឋាន​បរទេស​ទាំង​នោះ​ដែល​ធ្វើ​ជា​មើលមិនឃើញ​តថភាព​នៅ​កម្ពុជា កំពុង​ព្យាយាម​បិទបាំង​ការបរាជ័យ​របស់ខ្លួន បន្ត​រក​វិធី​ដាក់​ការកៀបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យធ្វើតាម​ឆន្ទៈ​របស់​ខ្លួន នៅ​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​តាមរយៈ​ការ​គំរាម​កាត់​ផ្តាច់​ជំនួយ និង​វិធានការ​រឹតបន្តឹង​ផ្សេងៗ ដែល​ជា​ការជ្រៀតជ្រែក​យ៉ាង​កម្រោល​មកលើ​ដែន​សមត្ថកិច្ច​របស់​រដ្ឋ​អធិបតេយ្យ​មួយ ។ ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ កម្ពុជា​មិន​អាច​ឱនក្បាល​ទទួលយក​ការកៀបសង្កត់​ណាមួយ​ពី​ខាងក្រៅ​បានឡើយ ជាពិសេស​មិន​ទុក​ឲ្យ​ការប៉ុនប៉ង​ផ្លាស់ប្តូរ​តាមរយៈ​បដិវត្តន៍​ពណ៌​កើតមាន​បាន​ជាដាច់ខាត ដែល​នយោបាយ​បែប​នេះ បាន និង​កំពុង​បង្ក​នូវ​ជម្លោះ​ផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការរត់​ភៀសខ្លួន និង​ការបាត់បង់​ជីវិត​ប្រជាជន​ស្លូតត្រង់​រាប់សែន​នាក់​យ៉ាង​អយុត្តិធម៌​បំផុត​នៅ​ប្រទេស​មួយចំនួន ។ កម្ពុជា​មាន​មេរៀន​គ្រប់គ្រាន់​ហើយ ដើម្បី​ធានា​នូវ​ដំណើរ​ទៅមុខ​ទៀត​របស់​ខ្លួន ដោយ​ឈរ​លើ​មូលដ្ឋាន​ការពារ​ឯករាជ្យ អធិបតេយ្យ និង​ក្តាប់ជាប់​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន ។ ជាមួយគ្នា​នេះ​យើង​សង្ឃឹមថា មជ្ឈដ្ឋាន​ទាំង​នោះ​នឹង​មើលឃើញ​ការពិត ទទួលយក​ការពិត ហើយ​នៅ​ជាមួយ​ប្រជាជន​កម្ពុជា និង​ឈប់​បង្កើត​ឧបសគ្គ​ចំពោះ​មាតុភូមិ​កម្ពុជា​ដ៏​អភ័ព្វ​នេះ​តទៅទៀត ។​

​នៅក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​បញ្ជាក់​យ៉ាង​ឧឡារិ​កថា ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​មិន​ដើរ​ថយក្រោយ ឬ​ធ្លាក់ចុះ​ឡើយ ផ្ទុយ​ទៅ​វិញ​កំពុង​ត្រូវបាន​ថែរក្សា និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ឡើង ដើរ​ស្រប​ជាមួយ​គោលការណ៍​នីតិរដ្ឋ នៅ​ក្នុង​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ។ គឺមាន​តែ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទេ ដែល​ត្រូវបាន​លុបបំបាត់ ។ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ជាតិ ។ គណបក្ស​នឹង​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​ស្មើភាព​ជាមួយ​បណ្តា​គណបក្ស​នយោបាយ​ដែល​ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។ កម្ពុជា​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បណ្តា​ប្រទេស​ដែល​បាន​យល់​ច្បាស់​អំពី​សភាពការណ៍​ពិត និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ហើយ​បាន និង​កំពុង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដ៏​ស្មោះស​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ។​

​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​អនុវត្ត​រាល់​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​នៃ​គ្រប់​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ និង​ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មើភាព ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​រាល់​ការងារ លុបបំបាត់​បាតុភាព​អសកម្ម​ផ្សេងៗ ពង្រឹង​យុត្តិធម៌ សមធម៌​ក្នុង​សង្គម រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ផ្តល់​សេវា​សាធារណៈ​កាន់តែ​កៀក​នឹង​ប្រជាជន ។ គណបក្ស​នឹង​បន្ត​ប្រឹងប្រែង​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន​ឲ្យសម្រេចបាន​សមិទ្ធផ​ល​ថ្មីៗ​ទៀត​លើ​គ្រប់​វិស័យ ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា និង​កង្វល់​ផ្សេងៗ​របស់​ប្រជាជន ព្រមទាំង​បន្ត​ជំរុញ​អនុវត្ត​នូវ​វិធានការ​គោលនយោបាយ​នានា សំដៅ​កែលម្អ លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ជាមួយគ្នានេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល សូម​បង្កើន​ស្មារតី​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ ដើម្បី​ការពារ​សន្តិភាព ការពារ​រាល់​សមិទ្ធផល​ដែល​យើង​បានសម្រេច​មកដល់ពេលនេះ និង​បន្ត​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើ​
ន និង​ខ្លាំងក្លា​ឡើង សក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​» ដែល​ប្រជាជន​លើ​ពិភពលោក​ចង់​ស្គាល់ ចង់​មក​ទស្សនា និង​ផ្តិត​យក​រូបភាព​ទាំងឡាយ​ដែល​ជា​និមិត្តរូប​នៃ​អរិយធម៌​ដ៏​រុងរឿង​របស់​ប្រជាជាតិ​យើង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×