Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ព្រំដែន កម្ពុជា​-វៀតណាម ក្រោយពី​មាន​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង វៀតណាម កាលពី​ថ្ងៃទី​០៥ ខែតុលា​នេះ​

spot_img

​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​-GDP) នៅ​ថ្ងៃ​ចន្ទ ទី ៧ ខែ តុលា ឆ្នាំ​២០១៩​នេះ បាន​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ព្រំដែន កម្ពុជា-​​វៀតណាម ក្រោយពី​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០១៩​កន្លងមក​ថ្មីៗ​នេះ​។​

ក្នុង​សេចក្ដីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) មាន​ក្ដីបារម្ភ​អំពី​ការចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន ០២ ទាក់ទង​នឹង​បញ្ហា​ព្រំដែន រួមមាន (១) ស​និ្ធ​សញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង (២) ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជា ណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នា​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០១៩​។​

ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​គណៈកម្មការ​ជំនាញ​ឯករាជ្យ​លើ​បញ្ហា​ព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និង​ប្រជាសាស្ត្រ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនអាច​ដឹងបាន​ថា ការចុះ​សន្ធិសញ្ញា​ព្រំដែន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៦ និង​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៩ កម្ពុជា ខាត ឬ​វៀតណាម ចំណេញ​ទេ​។ គ​បម យល់ឃើញថា ការ​មាន​ព្រំដែន​មួយ​ច្បាស់លាស់​ជា​រឿង​ល្អប្រសើរ​។​

គ​បម ទាមទារ​៖ ១. រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឯកសារ​ច្បាប់​ទាំងពីរ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៩ ជា​សាធារណៈ​។​

២. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានាថា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ម្ចាស់​ដី​នៅតាម​បន្ទាត់​ព្រំដែន អាច​កាន់កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​ដើរហើរ ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង​។​

៣. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​ក្លាយជា​សហគមន៍​សម្បូរ​សប្បាយ​។​

៤. រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រូវ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅតាម​បណ្ដោយ​ព្រំដែន​ដោយ​វិនិយោគ​គិ​ន​
នៃ​ប្រទេស​ដែល​ជាប់​ព្រំដែន​នោះឡើយ​។​

គ​បម យល់ឃើញថា ក្នុងស្ថានភាព​នយោបាយ​ដែល​ប្រទេស​នៅ​មិនទាន់មាន​ឯកភាព​ជាតិ និង​ក្នុងពេលដែល​សភាជាតិ​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ​។​

គ​បម សូម​រំលឹក​អំពី​គោលនយោបាយ​នៃ​សៀវភៅ​បៃតង ចំណុច ១១២ ចែងថា​៖ បង្កើត​ក្រុម​ជំនាញបច្ចេកទេស​ច្បាប់​អន្តរជាតិ ប្រវត្តិសាស្ត្រ និង​ផែនទី ដើម្បី​ផ្ដល់យោបល់ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង និង ចំណុច ១២១ ចែងថា​៖ ពិនិត្យ​សើរើ និង​អាច​ឈានទៅ​ចរចា​ឡើងវិញ​នូវ​កិច្ច​សហ​ប្រ​តិ្ត​ការ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយចំនួន ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ និង​អធិបតេយ្យ​ជាតិ​។​

​សូម​ញ្ជា​ក់ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​នឹង លោក​ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ និង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​សំខាន់ៗ​ក្នុង​ពិធី​នេះ​ថា នេះ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយទៀត​នៃ​ប្រទេស​ទាំងពីរ ក្នុង​ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​យើង​ទាំងពីរ​។ ការខិតខំ​របស់ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​សម្តេច រួម​ជាមួយនឹង​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​ប្រទេស​យើង​ទាំងពីរ​ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពី​ការចុះហត្ថលេខា លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រហូតមកដល់​ពេលនេះ យើង​បានសម្រេច​លទ្ធផល​ប្រមាណ​ជា ៨៤% នៅសល់តែ ១៦%​ទៀត នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ចប់​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ សូម​កោតសរសើរ​ចំពោះ​វីរភាព ការពុះពារ តស៊ូ និង​លះបង់​ខ្ពស់​របស់​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ដែនដី​ដែល​នៅជាប់​ព្រំដែន កម្ពុជា​-​វៀតណាម បញ្ជាការដ្ឋាន​វិស្វកម្ម រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំងពីរ​ដែល​ខិតខំ​បំពេញបាន​ការងារ​ជា​ប្រវត្តិសាស្ត្រ​នេះ ដោយ​ជោគជ័យ​។​

​សមិទ្ធផល​ផ្លែផ្កា​ដ៏​ធំធេង​ដែល​ប្រទេស​យើង​ទាំងពីរ​សម្រេចបាន​នេះ កើតចេញ​មក​ដោ​យកសា​រ​ស្វះ​ស្វែងរក​ដំណោះស្រាយ​រួម​ប្រកបដោយ​ភាតរភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក ក្នុង​ភាពជា​បងប្អូន ជា​មិត្តភាព​រាប់សិប​ឆ្នាំ​កន្លងមកហើយ​។​

​សម្តេច​បន្តថា ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ ប្រទេស​យើង​ទាំងពីរ​នៅតែ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត ងាយ​ក្លាយជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀតផង ហើយ​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​នឹង​អាច​មិនកើត​មាន​ទេ​។ ជាការ​ចាំបាច់ ដែល​ប្រទេស​យើង​ទាំងពីរ​ត្រូវ​សហប្រតិបត្តិការ​ស្អិតរ​មួ​ត រវាង​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ ដែលជា​ការរួមចំណែក​ដ៏​ធំធេង មិន​ត្រឹមតែ​លើ​ការងារ​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​បង្កើត និង​​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់តែ​ជា​ទីលានប្រយុទ្ធ ចំការមីន​ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ពិតជា​មាន​មោទនភាព ដោយ​យើង​ទម្លុះ​នូវ​ការលំបាក និង​ស្ទើរតែ​បញ្ជ​ប់​ទាំងស្រុង​ព្រំដែន​គោក​រវាង​ប្រទេស​យើង​ទាំងពីរ ដែល​សម្រេចបាន​លទ្ធផល​គូរ​ឲ្យ​មោទនភាព ទាំង​ការងារ​នៅ​លើដី​ជាក់ស្តែង និង​ការ​ចងក្រង​ឯកសារ​ច្បាប់​ជា​ប្រ​វត្ត​សាស្ត្រ​បាន​ដោយ​ហ្មត់ចត់​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​។​

​សម្តេច​សូម​ប្រកាស​ជា​ឱឡារិក​ថា ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិនទាន់បាន​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន និង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នង​ការកសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការអនុវត្ត​ជា​អន្តរជាតិ ស្តីពី​ការទទួលស្គាល់​គោលការណ៍​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់ទុក​ឲ្យ សម្រាប់​ធ្វើជា​មូលដ្ឋាន​រឹងមាំ​នាំមុខ​បន្តទៀត ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​។ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ និង​ថៃ ឲ្យ​ទៅជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច ទៅជា​តំបន់​ដែលមាន​ជីវភាព​ធូរធារ និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​នីយកម្ម រុងរឿង​តរៀង​ទៅ​។​

​កិច្ចការ​នេះ យើង​បាននិងកំពុង​អនុវត្ត​ជា​បន្តបន្ទាប់ ក្នង​នោះ​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ការបង្កើត​ទីផ្សារ និង​តំបន់​ផលិតកម្ម ដើម្បី​ឈានទៅដល់​ការបន្ត​អភិវឌ្ឍ​រួមគ្នា​នៅតាម​បណ្តោយ​ព្រំដែន ដែល​ទីបំផុត​ប្រជាជន​យើង​ទាំងពីរ​នឹង​ទទួលបាន​នូ​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​ទាំងអស់នេះ​។ សម្តេច​តេ​ជោ ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ សូម​ចូលរួម​ជាមួយគ្នា​ថែ​ក​រក្សា​បង្គ​ផល​ព្រំដែន​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជានិច្ច​និរន្តរ៍​ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាជន និង​ប្រទេស​ទាំងពីរ​តរៀង​ទៅ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×