Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លី ខឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង “​ដំណើរ​នៃ​ក្ដី​ស្រលាញ់​ពី​បេះ​ដូង​”

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នាយករដ្ឋមន្ដ្រី​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នេះ តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក លី ខឺ​ឈាង នឹង​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។​

​លោក លី ខឺ​ឈាង នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ទាប់មក ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ហើយ​និង​ពិធី​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង “​ដំណើរ​នៃ​ក្ដី​ស្រលាញ់​ពី​បេះ​ដូង​” នៅ​កម្ពុជា ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក លី ខឺ​ឈាង នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។

​ទស្សនកិច្ច​ផ្លូវការ​របស់​លោក លី ខឺ​ឈាង ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ចាប់ផ្តើម​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ពង្រឹង​បន្ថែមទៀត នូវ​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំង​ពីរ​៕ ដោយ​៖​កូឡាប​

spot_img
×