Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០១៩ នឹង​ត្រូវបាន​ទស្សន៍ទាយ​ថា នឹង​ថយ​សន្ទុះ មក​នៅ ៧​ភាគរយ ខណៈ​សហភាព​អឺរ៉ុប​ដក EBA​ពី​កម្ពុជា​

spot_img

ភ្នំពេញ ​៖ បន្ទាប់ពី​ទទួលបាន​កំណើន​ខ្ពស់ជាង ការរំពឹងទុក​នៅ​ឆ្នាំ​២០១៨ គឺ ៧,៥​ភាគរយ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០១៩ នឹង​ត្រូវបាន​ទស្សន៍ទាយ​ថា ន​នឹង​ថយ​សន្ទុះ​មក​នៅ ៧​ភាគរយ​។ វិស័យ​នាំចេញ​នៅ​រឹងមាំ ប៉ុន្តែ​ស្រុតចុះ​បន្តិច​។ ទន្ទឹមគ្នានេះ ផ្នែក​សំណង់​នៅតែមាន​សកម្មភាព​មមា​ញឹក​ដដែល​។ ចំពោះមុខ មាន​ហានិភ័យ​មួយចំនួន រួមទាំង​ភាពមិនប្រាកដប្រជា​ជុំវិញ​លទ្ធភាព​របស់​ក​ម្ពុ​ជា ក្នុង​ការនាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​«​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែង​គ្រឿង​សព្វាវុធ​» (EBA) ចូល​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ស្រូបយក​៤០​ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា​។ ការស្រុតចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹង​ធ្វើឱ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទ្រោម​ចុះ​វិញ នៅពេលដែល​សេដ្ឋកិច្ច​នេះ ពឹងផ្អែក​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។​

​របាយការណ៍​ដដែល បាន​បន្តថា ​ការនាំចេញ​ទំនិញប្រើប្រាស់ នៅតែ​រក្សា​ភាពរឹងមាំ ដោយ​បន្ត​ជំរុញឱ្យមាន​កំណើន​លើស ៧​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៨ (​គំនូសតាង​ទី​១)​។ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែលមាន​ទំហំ​ជិត​៧០​ភាគរយ នៃ​បរិមាណ​ទំនិញប្រើប្រាស់​នាំចេញ​ទាំងអស់ កើន​បាន​១៧,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ស្រុតចុះ​បន្តិច​វិញ មក​នៅត្រឹម​១៥,៣​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ។ ផ្នែក​សំណង់​នៅតែមាន​សកម្មភាព​មមា​ញឹក ដែល បង្ហាញថា​វិស័យនេះ នៅតែ​ជា​គោលដៅ​សំខាន់​មួយ ទាក់ទាញ​ការវិនិយោគ​។ តាមរយៈ​នេះ បរិមាណ​នៃ​ការ​នាំចូល​ដែកថែប បាន​កើនឡើង​យ៉ាងខ្លាំង ដល់​ទៅ​៦៣,៥​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) ពី​២៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ តម្លៃ​របស់​គម្រោង​វិនិយោគ​ថ្មី ដែល​ត្រូវ​បានអនុម័ត​រួច (​តាមរយៈ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​មូលនិធិ​ក្នុងស្រុក​) មាន​សម្ទុះ​កើន ក្នុងអំឡុងពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ ជិត​៤០​ភាគរយ​នៃ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ហូរ ចូល​ពី​ប្រទេស​ចិន​។ វិស័យ​ទេសចរណ៍​នៅ​រក្សា​ភាព​រឹងប៉ឹង នៅឡើយ ដោយ​ក្នុងនោះ ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​កើន​ដល់ ១១,២​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ប្រៀបធៀប​ទៅនឹង​១០,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ហើយ​ក្នុងនោះ​ទៀត ជិត​៤០​ភាគរយ​នៃ​ភ្ញៀវ​អន្តរជាតិ គឺ​មកពី​ប្រទេស​ចិន​។​

​ការ​នាំចូល​កើនឡើង ដោយសារ​តម្រូវ​ការប្រើ​ប្រាស់​ក្នុងស្រុក​មាន​ខ្ពស់​។ ការ​នាំចូល​ប្រេងឥន្ធនៈ និង​យានយន្ត​កើន​៩១​ភាគរយ និង​១៨,៥​ភាគរយ រៀងៗ​ខ្លួន​។ ការណ៍​ដែល​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​ងើប​ថ្លៃ​មិន​រួច បាន​សង្កត់​អតិផរណា​ឱ្យ​កាន់តែ​ធ្លាក់ ដល់​១,៤​ភាគរយ​(​ឆ្នាំ​/​ឆ្នាំ​) គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩ ពី​១,៦​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ ទោះជា​ត្រូវបាន​កំណត់​ថ្លៃ​៤០០០​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​ក្តី ប្រាក់រៀល​បាន​ធ្លាក់​ថ្លៃ​បន្តិច គឺ​៤០៨៩​រៀល​ក្នុង​មួយ​ដុល្លារ ក្នុង​ខែសីហា ឆ្នាំ​២០១៩ ថោក​ជាង ៤០១៨​រៀល​ក្នុង​មួយ​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ប្រហែលជា​ដោយសារ មកពី​ការហូរចូល​យឺត​របស់​មូលធន​។​

​វិស័យ​ហិរញ្ញវត្ថុ កំពុង​ដើរតួនាទី​កាន់តែ សំខាន់ នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​។ ឥណទាន​របស់​ធនាគា​រ កើន​ខ្ពស់​ដល់​ទៅ ២៨,៣​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ពី​២៤,២​ភាគរយ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​។ ដោយ​ឆ្លុះ​ឱ្យឃើញ​នូវ​ការស្រុតចុះ​នៃ​រំហូរ​មូលធន ប្រាក់​បញ្ញើ​រូបិយវត្ថុ​បរទេស​ធ្លាក់​មក​នៅត្រឹម ២១,៧​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ពី​២៥,៨​ភាគរយ ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​។ យ៉ាងណាក្តី ទុនបម្រុង​អន្តរជាតិ បន្ត​កើន​ដល់​ទៅ ១១,៣​ប៊ី​លាន​ដុល្លារ​អាមេរិក (​សមមូល​ទៅនឹង​ជាង ៥​ខែ​នៃ​ការនាំចេញ​) ឬ​ត្រូវជា ២៤,៧​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩ ពី​១០,១​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ត្រូវជា​១៥,៨​ភាគរយ (​ឆ្នាំ​/​ឆ្នាំ​) នៅ​ចុងឆ្នាំ​២០១៨​។​

​ផ្នែក​សារពើរ​ពន្ធ បន្ត​បង្ហាញ​ភាពរឹងមាំ​នៃ​ការប្រមូល​ពន្ធ ដែលជា​លទ្ធផល​នៃ​ការគ្រប់គ្រង​របស់​គយ និង​ពន្ធដារ​បាន​កាន់តែ​ប្រសើរ អមដោយ​សកម្មភាព​ស្វាហាប់​របស់​សេដ្ឋកិច្ច​ផង​។ ចំណូល​សរុប (​រាប់ទាំង​ជំនួយ​ផង​) កើន​ដល់​ជាង ២២,៣​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៨ នឹងត្រូវ​បាន​ប៉ាន់​ទុក​ថា​នឹង​កើន​ដល់ ២៣,៥​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩​។ ទោះបី​ត្រូវ​រង​សម្ពាធ​ជាង​មុន​ក្តី ដោយសារ​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​រីក​កាន់តែ​ធំ ចំណាយ​របស់​រដ្ឋាភិបាល​ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ត​រក្សា​ក្នុង​កម្រិត ២៤,២​ភាគរយ នៃ​ផ​.​ស​.
​ស ក្នុង​ឆ្នាំ​២០១៩​។ ដូច្នេះ បញ្ជី​ទូទាត់​សរុប ដែល​រីក​ដល់ ១,៩​ភាគរយ​នៃ​ផ​.​ស​.​ស​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​រំពឹងទុក​ថា​នឹង​រួម​មកវិញ មក​នៅត្រឹម​០,៦​ភាគរយ នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩ ដោយសារតែ​កំណើន​របស់​ចំណូល​។​

​ជា​ចក្ខុវិស័យ ដោយ​ការនាំចេញ​នឹង​ស្រុតចុះ​បន្តិច ទន្ទឹម​​គ្នា​នឹង​ការធ្លាក់ចុះ នៃ​តម្រូវការ​លើ​សកលលោក ហើយ​ការវិនិយោគ​ក៏​ថយ​ល្បឿន​ដែរ ស្រប​ពេលដែល មិនសូវមាន​មូលធន​ហូរ​ចូល ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ចិន​នឹង​ថយចុះ​ផង​នោះ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​រំពឹងទុក​ថា នឹង​ថយ​ល្បឿន​បន្តិច​ម្តងៗ​ទៅតាម​ហ្នុ​ង​ដែរ ក្នុង​រយៈពេល​ខ្លី​និង​មធ្យម​។ ដូច្នេះ កំណើន​ត្រូវបាន​ប៉ាន់ប្រមាណ​ទុក​ថា នឹង​ថយ​នៅត្រឹម​៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ពី​៧,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​

​ការថយចុះ​របស់​ការ​នាំចេញ នៅពេលដែល​ការនាំ​ចូល​បន្ត​កើន នឹងធ្វើ​ឱ្យ​ឱនភាព​គណនី​ចរន្ត​ក្នុងប្រទេស រីក​ទំហំ​ដល់​៩,៨​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩ ពី​៩,៤​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ឱនភាព​នេះ នឹងត្រូវ​បាន​បំពេញ​មកវិញ ដោយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស បន្តទៀត​។​

​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ សហ​ភ​សហភាព​អឺរ៉ុប​ចាប់ផ្តើម​អនុវត្តន៍​ដំណើរការ​មួយ ដែល​អាច​នាំទៅដល់​ការដកចេញ​បណ្តោះអាសន្ន ក្នុង​ឆ្នាំ​២០២០ នូវ​លទ្ធភាព​សម្រាប់​ក​ម្ពុ​ជា ក្នុង​ការនាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប ក្រោម​ប្រព័ន្ធ EBA​។ ចំពោះមុខ​សភាពការណ៍​នេះ មានការ​រំពឹងទុក​ថា នឹងមាន​វិធានការ​អន្តរាគមន៍​ផ្នែក​ហិរញ្ញវត្ថុ​មួយ ដែលមាន​ទំហំ​ធំ​គួរសម (​ជាង​៣​ភាគ រយ​នៃ​ផ​.​ស​.​ស​) នឹងត្រូវ​បានដាក់​ចេញ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រាល​ផលប៉ះពាល់​អវិជ្ជមាន ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ EBA ក្នុងករណី​ដែល​វា​កើតឡើង​តាម​ការគ្រោងទុក​មែន​។ វិធានការ​នេះ នឹង​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច នៅ​ម​នៅមាន​ភាពស្វាហាប់​ក្នុង​រយៈពេល​មធ្យម​។ ក្នុង​រយៈពេល​មធ្យម សេដ្ឋកិច្ច​ត្រូវបាន​ប៉ាន់ប្រមាណ​ទុក​ថា នឹង​ថយ​កំណើន​បន្តិច​ម្តងៗ ដែល​ចាំបាច់​ឱ្យមាន​ការខិតខំ​ថែមទៀត ដើម្បី​ជម្រះ​ឧបសគ្គ​ជា​រចនាសម្ព័ន្ធ​នានា ដោយ​សម្រួល​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម និង​ធុរកិច្ច​ប្រព្រឹត្តទៅបាន​រលូន តាមរយៈ​ការកាត់បន្ថយ​ចំណាយ លើ​ការដឹកជញ្ជូន និង​លើ​ថាមពល និង​បង្កើន​ជំនាញ ផងដែរ​។​
​ភាពក្រីក្រ ត្រូវបាន​រំពឹងទុក​ថា​នឹង​បន្ត​ធ្លាក់ចុះ​ថែមទៀត​។ កំណើនសេដ្ឋកិច្ច ពិសេស​ការ​កើន​ចំណូល​របស់​ពលករ តាមរយៈ​ការដំឡើងប្រាក់បៀវត្សរ៍ នៅតែ​ជា​កត្តា​ធំ​នាំ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​។ ភាគច្រើន​នៃ​ជនក្រីក្រ បាន​ចំណូល​បៀវត្សរ៍​ពី​ការងារ​ដែល​ផ្តល់ប្រាក់​កម្រៃ​ទាប ដែល​ឆ្លុះបញ្ចាំង អំពី​បញ្ហា​ប្រឈម​មកពី​ខ្វះ​ជំនាញ និង​ផលិតភាព​ទាប​។ វិសមភាព​កំពុង​បន្ត​រីក​ទំហំ​នៅតាម​តំបន់​ទីប្រជុំជន និង​ទីជនបទ ជាពិសេស ទីជនបទ​មាន​វិសមភាព កើន​ខ្លាំងជាងគេ​។​

របាយការណ៍​នេះ ក៏បាន​លើកឡើង​ពី​ហានិភ័យ និង​បញ្ហា​ប្រឈម គឺ​ភាពមិនប្រាកដប្រជា ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ ជាដើម​ហេតុ​នាំឱ្យមាន​ហានិភ័យ​កាន់តែច្រើន សម្រាប់​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​នាពេលខាងមុខ​។ ការដកចេញ​នូវ​ប្រព័ន្ធ EBA ប្រសិនបើ​កើតឡើង​មែន និង​ការធ្លាក់ចុះ​គំហុក​របស់​សេដ្ឋកិច្ច​ចិន (​ដែល​មកពី​ការអូសបន្លាយ​នៃ​ភាព​តានតឹង ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​) អាចធ្វើឱ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​កម្ពុជា ទ្រោម​ចុះ​ខ្លាំង នៅពេលដែល​សេដ្ឋកិច្ច​នេះ​កំពុង​ពឹងផ្អែក​កាន់តែខ្លាំង ទៅលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទៅលើ​ការហូរចូល របស់​ទុនវិនិយោគ​ផ្ទាល់ និង​ភ្ញៀវទេសចរ ពី​ប្រទេស​ចិន​។​

​ការបន្ត​រីកដុះដាល​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខណៈពេលដែល​ការផ្តល់​ឥណទាន​ដល់​វិស័យ​ទាំងពីរ​នេះ ចេះតែ​បន្ត​កើន អម​ជាមួយ​ការកើនឡើង​របស់​បំណុល​ផង ក្នុងនោះ កម្ចី​សរុប​ដែល​ផ្តល់​ដោយ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពេលនេះ​មាន​ទំហំ​ជាង ១០០​ភាគរយ​នៃ​ផ​.​ស​.​ស ក៏​ជា​ហានិភ័យ​មួយទៀត​ដែរ សម្រាប់​ប្រទេស​កម្ពុជា​។​

​ដូច្នេះ ចាំបាច់​ខ្លាំងណាស់​ដែល​ត្រូវ​បង្កើន​សមត្ថភាព​របស់​កម្ពុជា ក្នុងការ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស តាមរយៈ​ការលើកកម្ពស់​ផលិតភាព បន្ទាប់ពី​ប្រាក់បៀវត្សរ៍​អប្បរ​មា​ត្រូវបាន​ដំឡើង​។ ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន និង​គាំពារ​ធុរកិច្ច ដោយ​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​។​

​ការអនុវត្ត​វិធានការ​ទាំងនេះ បាន​ជោគជ័យ អម​ជាមួយ​កិច្ចខិតខំ​ថែមទៀត ក្នុងការ​ដោះស្រាយ បញ្ហា​អគ្គិសនី​មាន​ថ្លៃ​ខ្ពស់ និង​បញ្ហា​ខ្វះខាត​ជំនាញ នឹង​ជួយ​ជំរុញ​ការវិនិយោគ​ថែមទៀត នៅក្នុង​ផ្នែក​ផលិតកម្ម​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់ ជាពិសេស ក្នុង​ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់ ដើរ​ដោយ​អគ្គិសនី និង​គ្រឿង​ផ្គុំ​ឧបករណ៍ អគ្គិសនី ដែលជា​ឧស្សាហកម្ម​មួយ កំពុង​លេចមុខ​ឡើង និង​ក្នុង​ផ្នែក​ផលិត​គ្រឿងបន្លាស់​រថយន្ត ដែល​គួរតែមាន​ការកែលម្អ​ឱ្យបាន​ប្រសើរ ថែមទៀត​ដែរ​។​

​ជំហាន​ដំបូង​សំខាន់បំផុត គឺ​ត្រូវ​ពង្រឹងសមត្ថភាព​តាមដាន​ត្រួតពិនិត្យ និង​ត្រៀមលក្ខណៈ សម្រាប់​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។ ការហូរចូល​របស់​ជ​ន​បរទេស​ដ៏​ច្រើនសន្ធឹក​សន្ធាប់ មកកាន់​ប្រទេស​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អាច​នឹងមិន​ឋិតថេរ​ទេ ជាពិសេស នៅពេលដែល​សកលលោក មាន​ភាពមិនប្រាកដប្រជា​មិនចេះចប់ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុងតែ​ថយ​ល្បឿន​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×