Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ រៀបចំខ្លួន​ឱ្យបាន​សក្ដិ​សមជា​កូន​ខ្មែរ

spot_img

​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដឹកនាំ​ដោយ កញ្ញា សុ​គុណ សុ​ភក្ត្រ​រាសី ជួប​សំណេះសំណាល និង​ទទួល​អនុសាសន៍​។​

​កញ្ញា សុ​គុណ សុ​ភក្ត្រ​រាសី បាន​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា​ការចូលរួម​នៅក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ មាន​សមាជិក​ចំនួន​២៩​រូប​។ កញ្ញា​បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​៤៦​ហើយ ដែល​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នេះ​ចាប់តាំងពី​ការចាប់ផ្ដើម​មក​។ នៅក្នុង​ដំណើរ​នេះ​មាន​រយៈពេល​៥២​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​២៣ តុលា ដល់​១៣ ធ្នូ ២០១៩ ។ កញ្ញា បាន​បន្តទៀតថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៤ តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​ជប៉ុន និង​សមាជិក​ស្ថាបនិក​ទាំង​៥​របស់​អាស៊ាន ក្នុងនោះ​មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី​ហ្វីលីពីន និង​ថៃ ។​

​សម្រាប់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៦ ឆ្នាំ​២០១៩ នេះ​ប្រតិភូ​នាវា​យុវជន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន នឹងធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ប្រារព្ធ​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់មក​ប្រតិភូ​នាវា​យុវជន​ទាំងអស់​ត្រូវ​បែង​ចែកជា​ក្រុម​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ជប៉ុន​មុននឹង​ប្រតិភូ​នាវា​យុវជន​ចុះ​នាវា​ដើម្បី​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​ប្រទេស​ជប៉ុន​ទៅកាន់​ប្រទេស​វៀតណាម សិង្ហ​បុរី មី​យ៉ាម៉ា និង​ម៉ាឡេស៊ី ហើយ​ចុង​ក្រោយនេះ​វា​យុវជន​នឹង​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ដើម្បី​ប្រារព្ធ​កម្មវិធី​បិទ បន្ទាប់​នឹង​វិលត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​។​

​ជា​អនុសាសន៍​សម្រាប់​ប្រតិភូ​យុវជន​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​អំពី​ដំណើ​រវិ​វ​ឌ្ឍ​របស់​កម្ពុជា ជាពិសេស​ការទទួលបាន​សុខសន្តិភាព​ពេញលេញ ។ សម្ដេច​តេ​ជោ ក៏បាន​លើក​បង្ហាញ​ពី​មូលហេតុ ដែល​កម្ពុជា​ដាក់​អាទិភាព ចូល​ជា​សមាជិក​អាស៊ាន​ដោយ​ផ្អែក លើក​ត្តា​៤៖ ទី​១) អាស៊ាន​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា ទី​២) អាស៊ាន​មាន​ស្មារតី​សហគមន៍ គឺ​អាស៊ាន​សម្រេច​កិច្ចការ​អ្វីៗ​ដោយ​កុងសង់ស៊ីស មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត​ឬ សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម​នោះទេ ទី​៣)​ដោយសារ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ក្នុង​ចំណុច​នេះ សម្ដេច​ពន្យល់ថា​ដោយសារ​អាស៊ាន​មាន​ដៃគូ​ជាច្រើន ដូច្នេះ​ពេលដែល​យើង​ចូល​អាស៊ាន​, ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់​យើង​ដែរ និង​ទី​៤) អាស៊ាន​គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា ។​

​បន្ថែម​លើ​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ប្រតិភូ​នាវា​យុវជន​ទាំង​២៩​រូប ឱ្យ​រៀបចំខ្លួន​ឱ្យ បាន​សក្ដិ​សមជា​កូន​ខ្មែរ ព្រោះ​ប្រតិភូ​នេះហើយ​ជា​តំណាងឱ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ប្រមាណ ១៦​លាន​នាក់​ហើយក៏​ត្រូវ​ធ្វើយ៉ាងណា កសាង​មិត្ត​ឱ្យបាន​ច្រើន​ដើម្បី​ថ្ងៃ​អនាគត​អាច​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ឲ្យ​ក្រុម​នាវា​យុវជន​ទាំងអស់ ទទួលបាន​នូវ​ភាពជោគជ័យ នៃ​កម្មវិធី​នាវា​យុវជន​នាពេល​ខាងមុខនេះ​ផងដែរ​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×