Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម គោះ​ជួង​ពញ្ញាក់​ស្មារតី​ប្រជាជន​ឱ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ឱ្យ​ទំនិញ និង​ផលិត​នាំចូល​ពី​បរទេស​

spot_img

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម និង​ជា​សម្លេង​ជួង​ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ផលិត​ដោយ​កសិករ ផលិតករ​កម្ពុជា នៅតាម​មូលដ្ឋាន ជំនួស​ឱ្យ​ទំនិញ និង​ផលិត​នាំចូល​ពី​បរទេស​ជា​ជំហានៗ​។​

​ការ​មានប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​ខាងលើ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ​-​ភូមិ​១ ផលិតផល​១ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់ថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ នឹង​រួមចំណែក​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​នៅតាម​មូលដ្ឋាន ដោយបាន​ផ្តល់​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ ដល់​ផលិតករ​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ពួកគាត់​ផលិត​នូវ​ទំនិញ និង​សេវាកម្ម​ដែលមាន​គុណភាព មាន​សុវត្ថិភាព មាន​អនាម័យ​ល្អ មានតម្លៃ​សមរម្យ និង​ជាទី​ទុកចិត្ត​សម្រាប់​អ្នកប្រើប្រាស់ ជាពិសេស គឺអាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស ដែល​បាននិងកំពុង​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​អនុវត្ត​នូវ​របប​ទីផ្សារសេរី ក្នុង​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ តាមរយៈ​នៃ​ការរៀបចំ​យុទ្ធនាការ​នេះ ផលិតផល​កម្ពុជា មានការ​ផ្លាស់ប្តូរ​ចាប់ផ្តើម​ពី​គុណភាព សោ​ភ័​ណ្ឌ​ភាព សុវត្ថិភាព តម្លៃ ការដាក់​ស្លាក​សញ្ញា​សម្គាល់​ត្រឹមត្រូវ និង​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុងប្រទេស ដូចជា​មានការ​ដាក់លក់​នៅក្នុង​ព្រលានយន្តហោះ ផ្សារ​ទំនើប សណ្ឋាគារ​ធំៗ និង​នៅ​ទីផ្សារ​ក្រៅប្រទេស តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​បរទេស កាន់តែច្រើន​ឡើងជា​បណ្តើ​រៗ​។​

​ទន្ទឹមនឹងនេះ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មានប្រសាសន៍ថា ពិតណាស់ថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​សំឡេង​ជួង​ដាស់​អង្រួន ស្មារតី​ប្រជាជន​យើង​ឱ្យ​ងាក​មក​គាំទ្រ​ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ឱ្យបាន​ច្រើន​ជា​អតិបរមា ដើម្បី​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​នៅ​មូលដ្ឋាន ពង្រឹងសមត្ថភាព​ផលិតកម្ម កសាង​តម្លៃបន្ថែម​លើ​ផលិតផល និង​សេវា បង្កើត​ការងារ​ជូន​ប្រជាជន និង​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​របស់​យុវជន​។ សកម្មភាព​ពាណិជ្ជកម្ម​នេះ បាន​ផ្សារភ្ជាប់​គ្នា​ពី​តំបន់​ផលិតកម្ម មក​ទីផ្សារ ដោយបាន​ធ្វើការ​ជ្រើសរើស​ប្រមូល​កៀគរ​ផលិតផល ពី​គ្រប់​បណ្តាញ រាប់​ចាប់តាំងពី ផលិតផល ដែល​ស្ថិតនៅក្នុង​ចលនា​ភូមិ​១ ផលិតផល​១ ជាដើម មក​ប្រមូល​ផ្តុំគ្នា​បង្កើតជា​ឱកាស​ទីផ្សារ​។​

​ជាមួយគ្នា​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ផលិតករ សេវាករ និង​ពាណិជ្ជករ ធ្វើ​អាជីវកម្ម​ប្រកបដោយ​ភាព​សុច្ចរិត និង​ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត អភិវឌ្ឍន៍​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ប្រកបដោយ​គុណភាព សោភ័ណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ សម្រាប់​បម្រើ​សេចក្តីត្រូវការ​ទីផ្សារ ជាពិសេស សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ​ឱ្យបាន​ច្រើន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×