Friday, September 17, 2021

គ្រូ​អុីរ៉ង់​និង​គ្រូ កម្ពុជា​និយាយ​អ្វីខ្លះ​ក្រោយពី​បញ្ចប់​ការប្រកួត​?

ភ្នំពេញ ​៖ ​ដោយ​ប្រកួត​នៅលើ​ទឹកដី​អ៊ីរ៉ង់​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​២០២២(2022 IFA World Cup Qualification-ACF)​នា​យប់​ថ្ងៃទី​១០​តុលា​ក្រុម​ជម្រើសជាតិ​កម្ពុជា​លេង​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​០​ទល់​១៤ ។​

ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​បញ្ចប់​ការប្រកួត​លោក​Marc Wilmots ដែលជា​គ្រូបង្វឹក​ក្រុម​អ៊ីរ៉ង់​មកពី​ប៊ែ​ល​ហ្ស៊ិ​ក​​នោះ​ថ្លែង​ដោយ​អំណួត​ថា​ក្រុម​របស់លោក​មិនទាន់​ធ្វើ​អ្វី​ឲ្យ​អស្ចារ្យ​នោះទេ​អ្វីដែល​សំខាន់​គឺ​ត្រូវ​រក​ឲ្យ​បាន​៣​ពិន្ទុ​ទៀត​នៅក្នុង​ជំ​នួ​ប​ជាមួយ​បា​រ៉ែ​ន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។ ​មិនតែប៉ុណ្ណោះ​គោលដៅ​ចុងក្រោយ​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ឆ្នាំ​២០២២ ។​

លោក​បន្តថា​«​វា​គឺជា​ការប្រកួត​ដ៏​សំខាន់​សម្រាប់​យើង​។ ដូចដែល​ខ្ញុំ​បាន​និយាយ​កាលពីមុន​ការប្រកួត យើង​តែងតែ​ជំរុញ​ការប្រកួត​ទៅមុខ ហើយ​មានការ​ប្រកួត​ដ៏​ល្អ​។ យើង​កំពុង​វិ​វត្ត ក្រុម​របស់​យើង​ឲ្យ​រីកចម្រើន​ហើយ​កីឡាករ​វ័យក្មេង​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ​។​»

​និយាយ​អំពី​ការបង្ហាញ​ទម្រង់​លេង​របស់​កីឡាករ​អ៊ីរ៉ង់​គ្រូបង្វឹក​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ី​ក​រូបនេះ​បាន​ឆ្លើយតប​ថា​៖ «​យើង​បាន​ឲ្យ កីឡាករ SARDAR និង HAJI SAFI​សម្រាក បន្ទាប់ពី​លេង​បាន​មួយ​ម៉ោង​។​យើង​មិនបាន​ភ្លេច​ទេ​ថា​យើង​មាន​កិច្ចការ​ដ៏​សំខាន់​មួយ​ទៅកាន់​ប្រទេស​បា​រ៉ែ​ន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​។​ការផ្តោត​អារម្មណ៍​រប​ស់​ខ្ញុំ​គឺ​ប្រទេស​បា​រ៉ែ​ន​ដើម្បី​​ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត​ពី​ការប្រកួត​នេះ​។ យើង​មិន​បានធ្វើ​អ្វី​ពិសេស​ទេ​រហូតមក​ដល់ពេលនេះ ហើយ​គោលដៅ​របស់​យើង​គឺ​ឈានដល់​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ និង​នៅ​វែងឆ្ងាយ​ទៀត​។​»

​លោក​FilexG.Dalmas​ គ្រូបង្វឹក​ក្រុម​កម្ពុជា​បាន​លើកឡើងថា «​នៅពេល​យើង​មកដល់​ទីនេះ​យើង​មាន​ផែន​ការ​​រួចទៅហើយ​។​ផែនការ​របស់​យើង​គឺ​មិនមែន​មក​ប្រកួត​ជាមួយ​ទម្រង់​បែប​ការពារ​នោះទេ​។​សម្រាប់​អនាគត​​បាល់ទាត់​កម្ពុជា​យើង​បាន​ព្យាយាម​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​យើង ពីព្រោះ​នេះ​គឺជា​ការផ្លាស់ប្ដូរ អ្នក​ត្រូវតែ​ប្រឆាំង​តទល់​ជាមួយ​ការផ្លាស់ប្ដូរ​នេះ​។​»

​លោក​ក៏បាន​និយាយ​អំពី​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​ដែរ​ថា​៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ពួកគេ​។ ទោះបី​មាន​ស្ថានភាព​បែបណាក៏ដោយ យើង​បាន​រក្សា​ស្មារតី​ប្រយុទ្ធ ហើយ​នេះ​ពិតជា​មានតម្លៃ​ណាស់​។​នេះ​ជា​វិធី​ដែល​បាល់ទាត់​ប្រទេស​កម្ពុជា​អាច​រីកចម្រើន​ទៅ​​បាន​នាពេល​អនាគត​។​

​លោក​ក៏​សម្ដែង​នូវ​ការអបអរសាទរ ដល់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ និង​បាន​បញ្ជាក់ថា អ៊ីរ៉ង់ ពិតជា​សាក​សម​នឹង​ទទួល​ជ័យជម្នះ​នេះ​៕ ​ដោយ​៖​កូ​ឡាប​