Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ​កាស​ចូល​កាន់​មុខ​តំ​ណែង​អភិ​បាល នៃ​គណៈ​អភិ​បាល​ក្រុង​បា​វិត​ខេត្ត​ស្វាយ​រៀង

spot_img

ខេត្តស្វាយរៀងៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនារសៀលថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក លឹម សៀង ហេង ជាអភិបាលនៃគណៈអភិបាលក្រុងបាវិតខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកអភិបាលរងខេត្តអស់លោកលោកស្រីជា ប្រធានមន្ទីរ អង្គភាព កង​កម្លាំងទាំង៣ប្រភេទលោកប្រធានស្នាក់ការច្រកទ្វារព្រំដែន លោក នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក​អភិបាល​ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងលោក លោកស្រីជាមន្ត្រីរាជការជាច្រើនរូបទៀត។

លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានសម្តែងនូវការថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូល​រួមនៅថ្ងៃនេះ និងជាពិសេសគឺលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលសាលាក្រុងសម្រេចបាននាពេលកន្លងមក រួម​ទាំង​ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងបាវិត នាពេលកន្លងមក។

លោកអភិបាលខេត្តបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុងគណៈអភិបាលក្រុងអាជ្ញាធរពាក់​ព័ន្ធគ្រប់​លំដាប់ថ្នាក់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍក្រុងឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរ នាពេលកន្លងមក។

លោកម៉ែន វិបុល ក៏បានផ្តាំផ្ញើដល់រដ្ឋបាលក្រុងក៏ដូចជា​លោកអភិបាលក្រុង​បាវិតដែលទើប​ប្រកាសចូលកាន់​មុខតំណែង​នា​ពេល​នេះ​​និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

១- ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់អោយបាននូវបដិវត្តន៍ព័ណ៌ដែលជាសកម្មភាពមិនស្របច្បាប់ មិន​ស្រប​តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

២- ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាពសង្គម និង​ត្រូវប្រកាន់​ភ្ជាប់នូវការអនុវត្តគោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព។

៣- ការគ្រប់គ្រង ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន​ដូចពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អជាមួយអាជ្ញាធរនៃប្រទេសជិត​ខាងបន្ថែម​ទៀត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ឲ្យក្លាយទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

៤- ត្រូវយកចិត្តទុកដាក់អនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈ ដែលទាមទាឲ្យមានការ​ចូលរួមពីគ្រប់ភាគី​ពាក់​ព័ន្ធ។

៥- ត្រូវរួមគ្នាបន្តពង្រឹងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

៦- រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ រួមមានការទំនាក់ទំនង សាមគ្គីភាព ឯកភាពផ្ទៃក្នុង​ឲ្យ​បាន​​ល្អ និងការអនុវត្តនូវតួនាទីភារកិច្ច របស់ស្ថាប័ន អង្គភាពនីមួយៗ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១១១៥ អនក្រ.តត ចុះថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំងអភិបាលក្រុងបាវិត លោក លឹម សៀង ហេង ឋានន្តរស័ក្តិវរ​មន្ត្រី​ថ្នាក់​លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបាវិតខេត្តស្វាយរៀង ៕ ដោយ ៖ វ៉ៃកូ

spot_img
×