Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​៖ ឲ្យ​បង្កើន​ការរៀបចំ​សំណុំរឿង ដាក់បន្ទុក​ឲ្យ​ធ្ងន់​លើ​ជនល្មើស ដើម្បី​រៀបចំ​សំណុំ​ទៅ​ជា​បទឧក្រិដ្ឋ ដើម្បី​កុំ​ឲ្យធ្វើ​សកម្មភាព​ល្មើសត​ទៅ​ទៀ​ត​

spot_img

​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់ ឲ្យកម្លាំង​នគរបាល​បង្កើន ការបង្ក្រាប​បទល្មើស​ថែម​ទៀត ហើយ​បង្កើន​ការរៀបចំ​សំណុំរឿង ដាក់បន្ទុក​ឲ្យ​ធ្ងន់ គឺ​យើង​រៀបចំ​សំណុំ​ទៅ​ជា​បទឧក្រិដ្ឋ ដើម្បី​កុំ​ឲ្យធ្វើ​សកម្មភាព​ល្មើសត​ទៅ​ទៀ​ត ។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នេះ លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​មួយចំនួន ៖ ទី​១.​គឺ​បាន​វាយតម្លៃ​អំពី​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សភាពការណ៍​បទល្មើស ដែល​ក្នុង​រយៈពេល​១​ខែ​ធ្នូ កន្លងមកនេះ ជា​រួម​គឺ ទាំង​សភាពការណ៍​សន្តិសុខ បទល្មើស សណ្តាប់ធ្នាប់ ទាំង​សភាពការណ៍​សន្តិសុខ​តាម​ព្រំដែន គឺ​កងកម្លាំង​នគរបាលជាតិ​បាន​រួមចំណែក និង​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់ថា “ សភាពការណ៍​សន្តិសុខ​គឺ​វិវត្តន៍​ល្អប្រសើរ​មិន​មាន​អី​កត់សម្គាល់​នោះ​ទេ ទោះបី​ថា​ក្នុង​១​ខែ​នេះ មាន​បាតុកម្ម កូដកម្ម ១៣០​លើក មាន​ពិធី​តូច​ធំ​ដែល​ត្រូវការពារ ៨៤៤​លើក តែ​នគរបាល​បាន​រៀបរយ​សម្របសម្រួល​បានល្អ មិន​មាន​អំពើ​ហិង្សា​កើតឡើង និង​រាល់​កម្មវិធី​ទាំងអស់​នគរបាល​បាន​រក្សា​ការពារ​សុវត្ថិភាព​ទាំង​ស្រុង ។ សភាពការណ៍​បទល្មើស​ជារួម បទល្មើស​ព្រហ្មទណ្ឌ​មាន​ការថយចុះ ១​ភាគរយ ប៉ុន្តែ​អ្វី​ដែល​យើង​កត់សម្គាល់​គឺ បទល្មើស​ឧក្រិដ្ឋ​ថយ ១៩​ភាគរយ ជាពិសេស​គឺ​បទល្មើស​ប្លន់ ប៉ុន្តែ​យើង​កត់សម្គាល់​បទល្មើស​មជ្ឈឹម​មាន​ការកើនឡើង ៤​ភាគរយ ក្នុង​នោះ​បទល្មើស​ឆក់​ដែល​នគរបាល​មាន​ការយកចិត្តទុកដាក់​គឺ​មាន​ការកើនឡើង ៣​លើក ដែល​ខែ​មុន​មាន ២៩​លើក ខែ​នេះ​៣២​លើក ។ ប៉ុន្តែ​សរុប​មក​វិញ​ទាក់ទង​និង​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺ​នគរបាល​បាន​តស៊ូ​បង្ក្រាប​ទទួលបាន​លទ្ធផល​ខ្ពស់​ណាស់ គឺ ៨៦​ភាគរយ នៃ​រឿងហេតុ​ដែល​កើតឡើង ហើយ​ក្នុងនោះ​បទល្មើស​ឆក់​ដែល​នគរបាល​បាន​យកចិត្តទុកដាក់ ទោះបី​ក្នុង​១​ខែ​កន្លងមកនេះ​កើន​៣​លើក មានន័យ​ថា កើត ៣២​លើក ប៉ុន្តែ​នគរបាល​តាម​បង្ក្រាបបាន ៣០​លើក អញ្ចឹង​រួចខ្លួន​តែ ២ ” ។

​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បន្តថា កិច្ចប្រជុំ​នេះ ក៏​បាន​ផ្តោត​សំខាន់​ទៅលើ​ការងារ​ចរាចរណ៍​ផងដែរ ដោយ​ពិនិត្យឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មាន​ចំនួន​ច្រើន​នៅឡើយ អ្នកស្លាប់​ក៏​ច្រើន ដូច្នេះ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា “​ធ្វើ​ម៉េច គឺ​ទូទាំងប្រទេស​អនុវត្ត​ឲ្យបាន​ព្រមៗ​គ្នា​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ជាពិសេស​ផ្តោតទៅលើ​ការ​ជិះ​ម៉ូតូ​មិន​ពាក់មួក និង​បើកបរ​លើស​ល្បឿន​កំណត់ ដែលជា​មូលហេតុ​ដែល​បណ្តាលឲ្យ​ស្លាប់ និង​គ្រោះថ្នាក់​ច្រើន “៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×