Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ដោះស្រាយ​បញ្ហា​វៀតណាម កាត់ផ្តាច់​ច្រកព្រំដែន​ទាំង​៤​ខ្សែ នៅ​ខេត្ត​រតនគិរី​

spot_img

​ភ្នំពេញ​៖ បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធិ បាន​បញ្ជាក់​ឲ្យដឹងថា ពាក់ព័ន្ធ​នឹង​រឿង​វៀតណាម កាត់ផ្តាច់​ច្រកព្រំដែន​ទាំង​៤​ខ្សែ នៅ​ព្រំដែន​ខេត្ត​រតនគិរី នៅ​អំឡុង​ខែ​ធ្នូ​នោះ បញ្ហា​នេះ​មិនទាន់​មាន​អី​ធំដុំ​ទេ ហើយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី កំពុងតែ​ដោះស្រាយ​បញ្ហា​នេះ​ហើយ​។

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​លើកឡើង​ថា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧​ថ្មីៗ​នេះ ភាគី​វៀតណាម បាន​ជីក​ផ្លូវ​កាត់​ផ្ដាច់​ការធ្វើដំណើរ​នៅ​ច្រក​ចំនួន​៤​កន្លែង ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ដោយសារ​ខឹង​ភាគី​កម្ពុជា មិន​យល់ព្រម​តាម​សំណើ​សុំ​បើក​ជា​ច្រក​ផ្លូវការ​។ លោក​បញ្ជាក់ថា “​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៧ សភាពការណ៍​សន្ដិសុខ​នៅតាម​តំបន់​ព្រំដែន​ជា​ទូទៅ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ ប៉ុន្ដែ​កត់សម្គាល់​ភាគី​វៀតណាម បាន​ជីក​ផ្លូវ​កាត់​ផ្ដាច់​ការធ្វើដំណើរ​នៅ​ច្រក​ចំនួន​៤​កន្លែង ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ដោយ​មូលហេតុ​ខឹង​ភាគី​កម្ពុជា មិន​យល់ព្រម​តាម​សំណើ​សុំ​បើក​ជា​ច្រក​ផ្លូវការ​”​។​

​កាលពី​ថ្ងៃ​ទី​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើ​ការអភិវឌ្ឍ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ រវាង​កម្ពុជា​-​វៀតណាម ភាគី​ទាំងពីរ បាន​សន្យា​រួមគ្នា​ថា នឹង​បន្ត​បង្ក្រាប​រាល់​បទល្មើស​នានា​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​រក្សា​ស្ថិរភាព និង​ពន្លឿន​ការបោះបង្គោល​ព្រំដែនផ​ង​ដែរ​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ កងទ័ព​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​លេខ​៧០៣ របស់​ខេត្ត​កន្ទូ​ម វៀតណាម បានធ្វើការ​របង​បិទផ្លូវ​៤​កន្លែង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់ទំនង​ចេញចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​នៅ​ទល់មុខ​គ្នា​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១៧ លេខ​១៨ លេខ​១៩ និង​លេខ​១៩/៥​។ ការបិទ​៤​ចំណុច​ខាងលើ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចេញ​ចូល​ទំនា​ក់​ទំនង​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៥ នៃ​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ កម្ពុជា ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧០៣ នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​កន្ទូ​ម វៀតណាម​។ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​រតនគិរី​ប្រទេស​កម្ពុជា និង​ខេត្ត​កន្ទូម​ប្រទេស​វៀតណាម បាន​ប្រជុំ​ពិភាក្សា​បើក​ច្រក​ទ្វេភាគី​ចំនួន​៤​កន្លែង ស្ថិត​នៅ​ម្តុំ​បង្គោល​លេខ​៤/២ លេខ​១០ លេខ​១៣ និង​លេខ​១៩ ក្នុងនោះ ភាគី​ទាំងពីរ បាន​ឯកភាព​ព្រមព្រៀង​គ្នា​តែ​១​ចំណុច គឺ​ត្រង់​បង្គោល​លេខ​១៩​ប៉ុណ្ណោះ នៅសល់​៣​ចំណុច​ទៀត ភាគី​ខេត្ត​រតនគិរី មិន​ឯកភាព ដោយសារ​តែ​ចំណុច​ទាំង​៣​នោះ ស្ថិតនៅក្នុង​ព្រៃ​ជ្រៅ ពុំ​មាន​ពលរដ្ឋ​ខ្មែរ រស់នៅ និង​ឆ្លងកាត់​ចេញ​ចូល​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×