ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ តុលា២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យចំនួន៤នាក់ផ្សេងទៀត ទៅសាលាដំបូងខេត្តសីហនុ ដើម្បីផ្តន្ទាទោស។ ក្នុងនោះមានជនជាតិចិន២នាក់ និងជនជាតិខ្មែរ២នាក់ ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់ជនជាតិចិន នៅក្រុងព្រះសីហនុដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌបានថ្លែងក្នុងសន្និសីទកាសែត ព្រឹកថ្ងៃទី១៤ ខែតុលានេះថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ គឺកម្លាំងជំនាញបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីនគរបាលចាប់ខ្លួនជនសង្ស័យបាន២នាក់ ភ្លាមៗក្រោយពេលកើតហេតុ។
លោកស្នងការរង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជនសង្ស័យជាជនជាតិចិន២នាក់ ក្រោយនេះជាបក្ខពួកក្រុមឃាតករ ដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា (សរុប៤នាក់ស្រីម្នាក់) ត្រូវបានចាប់ខ្លួនអស់ហើយ។
ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរបាលចាប់ខ្លួនដែរនោះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ព័ន្ធនឹងបទផ្សំគំនិត (លក់អាវុធឲ្យក្រុមជនសង្ស័យ) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។
សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ២- ឈ្មោះ CHEN HAO ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ៣- ឈ្មោះ នាង សានិតភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ ៤- កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ីណូ៕ ដោយ៖ ដែន សីមា