Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាក់ទង​ទៅនឹង​បញ្ហា EBA នេះ​ហុង​គ្រី នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​

spot_img

​ហុង​គ្រី​៖​នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជេ​ណូ​ស អា​ឌឺ (Janos ADER) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហុង​គ្រី ដែល​ធ្វេី​ឡេី​ង​នៅ​វិមាន​ប្រធានាធិបតី Sándor Palace​។

​ក្នុងជំនួប​នេះ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី បាន​មានប្រសាសន៍ថា ឯកឧត្តម​ពិតជា​អរគុណ​ចំពោះ​ការអញ្ជើញ​ឯកឧត្តម ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អញ្ជើញ ឯកឧត្តម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​ឯកឧត្តម​ពិតជា​រីករាយ​ក្នុងការ​ទទួល​នៅ​ការអញ្ជើញ​នោះ​។ ឯកឧត្តម បាន​មានប្រសាសន៍ថា ឯកឧត្តម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ចុងខែ​តុលា​ខាងមុខនេះ​។ ឯកឧត្តម​ក៏បាន​មានប្រសាសន៍ថា ឯកឧត្តម​បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​សង្កថា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​មិញ​នៃ​កិច្ចប្រជុំ​កំពូល​ស្ដីពី​ទឹក ដែល​ធ្វើឡើង​នៅ​ប្រទេស​ហុង​គ្រី​នេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី និង​អរគុណ​ដល់​រដ្ឋាភិបាល​ហុង​គ្រី​ដែល​បាន​អញ្ជើញ សម្ដេច​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ស្ដីអំពី​បញ្ហា​ទឹក​នៅ​ប្រទេស​ហុង​គ្រី​នាពេលនេះ​។ ក្នុងជំនួប​នោះ​ផងដែរ សម្តេច​តេ​ជោ​ក៏បាន​ពិភាក្សា​ជាមួយ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ការគ្រប់គ្រង​ទឹក​ផងដែរ ដែលជា​ប្រធានបទ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​កាលពី​ព្រឹក​មិញ​នេះ​។ សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់ថា ដោយសារតែ​បញ្ហា​ទឹក​នេះ​គឺជា​បញ្ហាសំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កម្ពុជា​ក៏បាន​បាត់បង់​នូវ​អគ្គិសនី​ប្រើប្រាស់​ដោយសារតែ​បញ្ហា​នៃ​ការខ្វះ​ទឹក​នេះ​ផងដែរ ជាពិសេស​វា​រី​អគ្គិសនី​ដែល​យើង​មិន​មានទឹក​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញ​នូវ​ថាមពល​អគ្គិសនី​។

​សម្ដេច​តេ​ជោ ក៏បាន​មានប្រសាសន៍​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហុង​គ្រី​ផងដែរ ជាពិសេស​នៅក្នុង​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ទៅកាន់​ប្រទេស​កម្ពុជា​នាពេលខាងមុខ ។ ហើយ​សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេលនោះ ឯកឧត្តម​នឹង​បានឃើញ​ជាក់ស្ដែង​នូវ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា ដូចជា​បាន​ទៅ​ទស្សនា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​គឺ​ប្រាសាទអង្គរវត្ត​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​អំពី​ចំណុច​ពាក់ព័ន្ធ​ទៅនឹង​រឿង EBA ផងដែរ ដោយ​សម្ដេច​បាន​ស្នើឱ្យ​ឯកឧត្តម​ប្រធានាធិបតី បន្ត​គាំទ្រ​ដល់​កម្ពុជា ជាមួយនឹង​សហភាព​អឺរ៉ុប ហើយ​អ្វីដែល​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។ ក្នុង​ចំណុច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូ​បញ្ជាក់​ពី​ចំណុច​សំខាន់​នៃ​ការកសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន​ផងដែរ​។ សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​លើកឡើង​អំពី​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហុង​គ្រី ដែល​បច្ចុប្បន្ននេះ​គឺមាន​ចំនួន​៣៨​នាក់​ដែល​ពួកគេ​បាន និង​កំពុង​បន្ត និង​ខ្លះ​បញ្ចប់​ការសិក្សា​។​

​ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី បាន​មានប្រសាសន៍ថា ហុង​គ្រី គឺជា​មិត្ត​មួយ​របស់​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បន្តទៀតថា រដ្ឋាភិបាល​ហុង​គ្រី​នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ជាពិសេស​ការដឹកនាំរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ ហើយ​ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា EBA នេះ​ហុង​គ្រី នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​។ ហើយ​ទាក់ទង​ទៅនឹង​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​នោះ ឯកឧត្ដម​ប្រធានាធិបតី ហុង​គ្រី នឹង​បន្ត​ស្វាគមន៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តទៀត​ដើម្បី​មក​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ជា​បន្តបន្ទាប់​ទៀត​បន្ទាប់​ទៀត​។

​ទាក់ទង​ទៅនឹង​កិច្ចប្រជុំ​ស្ដីអំពី​បញ្ហា​ទឹក ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី ពិតជា​អរគុណ​ជា​អនេក​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចែករំលែក​នូវ​បទពិសោធន៍ ដូចជា​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា ហើយ​ឯកឧត្តម​សង្ឃឹមថា នៅពេលដែល ឯកឧត្តម អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ឯកឧត្តម នឹងមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ជជែក​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×