Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុបឈ្មោះ សម រង្ស៊ី ចេញពី​បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​លើក​ទី​១៤១

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​សំណើ​ស្នើសុំ​របស់លោក​ស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​កម្ពុជា ដែល​បញ្ជាក់​អំពី​ពិរុទ្ធភាព​ជន ឈ្មោះ សម រង្ស៊ី ក៏ត្រូវ​បាន​សហភាព​អន្តរ​សភា IPU សម្រេច​លុបឈ្មោះ​សម រង្ស៊ី ចេញពី​បញ្ជី​អ្នក​ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​លើក​ទី​១៤១ ។​

​ឈ្មោះ​របស់ លោក សម រង្ស៊ី (R. Sam) ត្រូវបាន​គេ​ឃើញ​នៅក្នុង​បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា នៅ​លេខ​រៀង​ទី​៦៤ ដែលជា​លេខ​រៀង​ចុងក្រោយ​គេ មួយ​ថ្ងៃមុន​កិច្ចប្រជុំ​ចាប់ផ្តើម​ជា​ផ្លូវការ ដោយ​លោក​បាន​ប្រើប្រាស់​តួនាទី​នៅក្នុង​អង្គការ​មួយ ដើម្បី​ជ្រៀត​ចូលក្នុង​មហាសន្និបាត​លើក​ទី​១៤១ នាទី​ក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី ។

​បន្ទាប់ពី​មាន​សំណើ​របស់​តំណាង​គណៈប្រតិភូ​សភា​ពេញសិទ្ធិ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​កម្ពុជា ដែល​បញ្ជាក់​អំពី​ពិរុទ្ធភាព​ជននេះ ទើប​ឈ្មោះ​របស់ លោក សម រ​ង្ស៉ី (R. Sam)​នេះ ត្រូវបាន​លុបចេញ​តែម្តង តាំងពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ។​

​លោកស្រី ឃួន សុ​ដា​រី ដែល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​ខាងលើនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា សំណើ​កម្ពុជា​ដើម្បី​សុំ​ដក​ឈ្មោះ​សម រង្ស៊ី ត្រូវបាន​សរសេរ​ទៅកាន់ មេដឹកនាំ IPU ចំនួន​៣​រូប ដែល​ក្នុងនោះ​ក៏មាន លោកស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរ​សភា IPU និង​លោកស្រី Maja Gojkovic ប្រធានរដ្ឋសភា​ស៊ែ​ប៊ី និង​ប្រធាន​មហាសន្និបាត IPU លើក​ទី​១៤១ ផងដែរ​។​

​លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែងអំណរគុណ​ចំពោះ ប្រធាន IPU ដែល​បាន​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា លុបឈ្មោះ​ទណ្ឌិត សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅ​មហាសន្និបាត​លើក​ទី​១៤១ ដោយសារតែ​ទណ្ឌិត​នេះ ជា​ពិរុទ្ធជន ដែល​តុលាការ​កំពុង​តាម​ចាប់ខ្លួន​។​

​សូមបញ្ជាក់ថា មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា (IPU) បានរៀបចំ​ឡើង នាទី​ក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី ដោយ​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ហើយ​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​ឱ្យ​តំណាង​ប្រទេស​ទាំងអស់​ឡើង​ថ្លែង​សុន្ទរកថា ។ សន្និបាត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

​សូម​ជម្រាប​ដែរ​ថា សហភាព​អន្តរ​សភា​(IPU) ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដែលមាន​សមាជិក ជា​សភា​មកពី​រដ្ឋ​អធិបតេយ្យ​ចំនួន​១៧៩​។ សភា​កម្ពុជា​ចូល​ជា​សមាជិក​IPU ក្នុង​ខែមេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា​លើក​ទី​៩៧ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។​

IPU ជា​អង្គការ​នយោបាយ​ពហុភាគី​ដំបូង​គេ នៅលើ​ពិភពលោក ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​កិច្ចសន្ទនា​រវាង​ប្រជាជាតិ​ទាំងអស់​។ IPU បាន​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​សភា​ឱ្យ​កាន់តែ​រឹងមាំ មាន​តុល្យភាព​យេនឌ័រ មានការ​ចូលរួម​ពី​សមាជិកសភា​ដែលមាន​វ័យក្មេង និង​មាន​លក្ខណៈ​ចម្រុះ​។ ពីរដង​ក្នុង​មួយឆ្នាំ IPU កោះប្រជុំ​ប្រតិភូ​សភា និង​ដៃគូ​ជាង ១.៥០០​នាក់ នៅក្នុង​សន្និបាត​ពិភពលោក​ដោយ​នាំមក​នូវ​វិមាត្រ​សភា​ដល់​អភិបាលកិច្ច​ពិភពលោក រួមទាំង​ការងារ​របស់​អង្គការសហប្រជាជាតិ និង​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×