Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិ​បរិស្ថាន​ស្អាត​ជា​រៀងរាល់ថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​ដើម្បី​កម្ពុជា​ដែលជា​ផ្ទះ​របស់​យើង​ស្អាត​

spot_img

​ភ្នំពេញ​៖ “​សូម​ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​ក្នុង​សកម្មភាព​សម្អាត​អនាម៍យ​បរិស្ថាន​ទាំងអស់​ខិតខំ​បំពេញការងារ និង​សូមកុំ​ធ្វើ​សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន ឬ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​តែមួយ​រយៈពេល​ខ្លី នៃ​កម្មវិធី​គម្រោង ប៉ុន្តែ​ត្រូវ​ប្រតិបត្តិ​មេត្រីភាព បរិស្ថាន​ជា​រៀងរាល់ថ្ងៃ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​កម្ពុ​ជាមាន​បរិស្ថាន​ស្អាត និង​ការពារ​ភពផែនដី​របស់​យើង​ជា​រៀងរហូត​”​។

នេះ​គឺជា​ការ​ថ្លែង​រំឭក​ដាស់តឿន​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ចំពោះ​យុវជន​ស្ម័គ្រចិត្ត​ជាង ៥០០ នាក់ ក្នុងឱកាស​ដែល​ឯកឧត្តម​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​សន្និបាត និង​ពិព័រណ៍​បរិស្ថាន​ក្រោម​ប្រធានបទ “​បរិស្ថាន​ស្អាត កំណើន​ទេសចរណ៍​”​រៀបចំឡើង​ដោយ​គម្រោង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ក្រៀល​កម្ពុជា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ​។ យុវជន​ស្ម័គ្រចិត្ត​ក្រោម​គម្រោង​ក្រៀល​កម្ពុជា​ប្រមាណ​ជិត ១០០០​នាក់​គ្រោង​នឹងចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​សម្អាត​អនាម័យ​បរិស្ថាន​នៅ​បរិវេណ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ​។​

​នៅក្នុង​ការត្រៀម​រៀបចំ​ចូលរួម​សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន​ខាងមុខ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​តម្រង់ទិស​យុវជន​ដោយ​ផ្តល់ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​សំណល់​សំរាម​ដែល​បរិមាណ​សំរាម សំណល់​ទីប្រជុំជន​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា ក៏ដូចជា​ដំណោះស្រាយ​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​បន្តទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​នឹង​អញ្ជើញ​មកលេង​កម្សាន្ត​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​។ យោងតាម​របាយការណ៍ សំណល់​សំរាម​ចំនួន​ប្រមាណ​ជាង ១​ម៉ឺន​តោន​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា ហើយ​មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត ៤ លាន​តោន​។ ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​៖ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន​ក្នុង​មួយថ្ងៃ ក្រុងព្រះសីហនុ​ប្រមាណ ៧០០​តោន​ក្នុង​មួយថ្ងៃ និង​ក្រុង​សៀមរាប ប្រមាណ ៤០០ តោន​ក្នុង​មួយថ្ងៃ​។ តាម​ការ​ប៉ាន​ប្រមាណ ភាគរយ​នៃ​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​តាមរយៈ​ការ​បោសសម្អាត​តាមផ្លូវ​ក្នុង​ក្រុង​ចំនួន ៣ គឺ ១៧,៣% ក្នុង​រាជធានី​ភ្នំពេញ ២០,៧%​ក្នុង​ខេត្តសៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ​។ ជា​មធ្យម កំណើន​សំរាម​មាន​ប្រមាណ ១០%​ក្នុង​មួយឆ្នាំ​។

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា សព្វថ្ងៃ​សេដ្ឋកិច្ចកម្ពុជា​យើង​កំពុង​រីកលូតលាស់ សង្គម​យើង​កាន់តែ​ចាយវាយ​កាន់តែច្រើន និង​ងាក​ទៅរក​ផលិតផល​ប្រើប្រាស់​កាន់តែ​ងាយស្រួល ដូចជា​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ក​ដែល​ប្រើតែ​ម្តង​ហើយ យើង​បោះចោល​។ នៅក្នុង​ប្រទេស​កម្ពុ​ជាតា​ម​ទីក្រុង​ធំៗ ប្រជាពលរដ្ឋ​ម្នាក់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពី ៤០ ទៅ ៥២ ថង់​ប្លា​ស្ទិ​ក​ក្នុង​មួយ​សបា្តហ៍​។ ការគ្រប់គ្រង​សំណល់​រឹង សំរាម​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចាត់ទុក​ទីក្រុង​ទីប្រជុំជន និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​បងប្អូន​រស់នៅ កំពុងធ្វើការ និង​កំពុង​ធ្វើ​អាជីវកម្ម​ថា​ជា​ផ្ទះ​របស់​បងប្អូន​ដែល​ចាំបាច់​ត្រូវតែ​បោសសម្អាត​ជាប្រចាំ ដើម្បី​រក្សា​សោភ័ណភាព និង​លើកតម្កើង​សុខុមាលភាព​សាធារណៈ​។ លោក​រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន នេត្រ ភក្ត្រា បាន​លើកទឹកចិត្ត​ដល់​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់ ត្រូវមាន​មោទនភាព​ចំពោះ​សកម្មភាព​ស្រឡាញ់​បរិស្ថាន និង​ខ្វល់ខ្វាយ​ពី​បរិស្ថាន​របស់ខ្លួន និង​សូមកុំ​រួញរា ឬ​បាក់​ទឹកចិត្ត​នៅពេល​បំណងប្រាថ្នា​របស់ខ្លួន មិនទាន់បាន​សម្រេច​ជោគជ័យ​ព្រោះ​ការអប់រំ និង​កែប្រែ​ឥរិយាបថ និង​បណ្តុះ​ស្មារតី​មនុស្ស​ឱ្យ​ស្រឡាញ់​បរិស្ថាន​គឺ​ត្រូវការ​ពេលវេលា និង​ទាមទារ​នូវ​ភព​អំណត់ តស៊ូ ព្យាយាម និង​អត់ធ្មត់​ខ្ពស់បំផុត​។ “​អ្វីដែល​ខ្ញុំ​សូម​ផ្តាំផ្ញើ សូមកុំ​ធ្វើ​តែមួយ​ថ្ងៃ ប៉ុន្តែ​ត្រូវមាន​ប្រតិបត្តិ​បរិស្ថាន​ស្អាត​ជា​រៀងរាល់ថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​ដើម្បី​កម្ពុជា​ដែលជា​ផ្ទះ​របស់​យើង​ស្អាត​”​។ នេះ​គឺជា​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន​ថ្លែង​អរគុណ​ដល់​ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត​ចូលរួម​ស្ម័គ្រចិត្ត​ក្នុង​ការងារ​សង្គម​ជាពិសេស​ចូលរួម​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​ស្អាត មាន​ភាព​បៃតង​កាន់ តែ​ខ្លាំង​ឡើង​។ ឯកឧត្តម​បានលើកឡើង​ថា យុវជន​ដែល​បាននិងកំពុង​ត្រៀម​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន ក្នុងអំឡុង​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ១១ និង​១២ ខែវិច្ឆិកា​ខាងមុខ ជា​បេសកកម្ម​ដើម្បី​កម្ពុជា​ស្អាត បៃតង​និង​ផ្តល់នូវ​ផាសុកភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​កាន់តែច្រើន​។ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា នៅពេល​និយាយ​ពី​ទេសចរណ៍ គេ​មិនអាច​មិន​គិតគូរ​ដល់​អនាម័យ​បរិស្ថាន​ស្អាត​នោះទេ ព្រោះថា សំរាម​និង​កាកសំណល់​កខ្វក់​គឺជា​សត្រូវ របស់​វិស័យ​ទេសចរណ៍​។ បញ្ហា​បរិស្ថាន​ជា​ក្តីកង្វល់​រួម​របស់​យើងទាំងអស់គ្នា ដែល​ចាំបាច់​ត្រូវ​ចូលរួម​គិតគូរ​តាំងពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ ថ្នាក់​តំបន់ និង​សកលលោក ដើម្បី​ទប់ស្កាត់ ការពារ​កុំឱ្យ​មានការ​បំពុល​គ្រប់​ទម្រង់​ក្នុង​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្ម​ជាតិ សំដៅ​ធ្វើឱ្យមាន​និរន្តរភាព​ដល់​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ដូច្នេះហើយ​បានជា ក្រសួងបរិស្ថាន​បាន​ខិតខំ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ លើ​គោលនយោបាយ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ កំណែទម្រង់​លើ​រចនាសម្ព័ន​គ្រប់គ្រង​និង​ដឹកនាំ រួមទាំង​ការធ្វើ​ទំនើបកម្ម​ស្ថាន​ប័ន និង​ក្លាយជា​រដ្ឋបាល​ទំនើប​បម្រើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយតប​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រាថ្នា​ចង់បាន​ការរស់នៅ​ដែ​ក្នុង​សុខសន្តិភាព និង​បរិស្ថាន​ស្អាត មាន​មាន​ភាព​បៃតង​។​

​ដោយ​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងបរិស្ថាន​ក្នុងការ​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះ ដឹង​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​សំដៅ​កែប្រែ​ឥរិយាបថ​ដើម្បី​បង្កើន​ការចូលរួម​គិតគូរ និង​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការអប់រំ​បរិស្ថាន​គឺ​ត្រូវ​បណ្តុះ​គំនិត​ពី​ក្មេងៗ ហើយ​ផ្តើមចេញពី​យើង​គ្រប់គ្នា​ដែលជា​មាតាបិតា លោកគ្រូ​អ្នកគ្រូ ដោយ​រៀបចំ​វិធីសាស្ត្រ​ងាយៗ សប្បាយៗ ដើម្បី​បង្រៀន​ដល់​កូនៗ ឬ​សិស្សានុសិស្ស​លេងល្បែង​កម្សាន្ត​ដែល​បង្កប់ន័យ​អប់រំ​ពាក់ព័ន្ធ​នឹង​ការងារ​ថែរក្សា​បរិស្ថាន ក៏ដូចជា​បណ្តុះ​កុមារ​ឱ្យ​ចេះ​គិតគូរ​ដោះស្រាយ​បញ្ហា​និង​ចេះ​ស្រឡាញ់ ថែរក្សា​បរិស្ថាន​ដោយ​ខ្លួនឯង​តាំងពី​តូច​ទៅដោយ​មិនចាំបាច់ រង់ចាំ​ទាល់តែ​ពេញវ័យ​បានធ្វើ​ការអប់រំ​បរិស្ថាន​នោះទេ​។ ការយកចិត្តទុកដាក់​លើ​បរិស្ថាន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ដោយ​មិនអាច​ខាន​បាន​។ ការលើកទឹកចិត្ត​កូនៗ​ឱ្យ​សម្អាត​អនាម័យ​បរិស្ថាន​នៅផ្ទះ និង​សិស្សានុសិស្ស​ឱ្យ​ចូលរួម​សម្អាត​បរិស្ថាន​ក្នុង​សាលា ឱ្យ​ពួកគេ​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ និង​ចូលរួម​សម្អាត​អនាម័យ​ក្នុង​សហគមន៍ ជា​កិច្ចការ​សាមញ្ញៗ ប៉ុន្តែ​បាន​បង្កប​នូវ​គំនិត​អប់រំ ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពួកគាត់ បណ្តុះ​គំនិត ការបញ្ជ្រាប​ចំណេះដឹង និង​សារសំខាន់​នៃ​បរិស្ថាន និង​ជំរុញ​ឱ្យ​កុមារ​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​បរិស្ថាន​។ កុមារ ងាយស្រួល​អប់រំ ព្រោះ​បន្ទាប់ពី​រៀនសូត្រ ឬ​ដឹងឮ​ហើយ ពួកគេ​នឹង​អនុវត្ត​ភ្លាម​។ កាលណា​ពួកគេ​ដឹង គេ​ស្រឡាញ់ គេ​ចូលចិត្ត គេ​នឹង​ថែរក្សា​ដោយ​យកចិត្តទុកដាក់ ហើយ​កុមារ​ទាំងនេះ​នឹង​ក្លាយជា​គំរូ​ល្អ​ក្នុងការ​ថែរក្សា​បរិស្ថាន និង​ជួយ​អប់រំ​ដល់​កុមារ​ដទៃ​ទៀតផង​នៅក្នុង​តំបន់ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។ កុមារ​ពិតជា មាន​តួនាទី​សំខាន់ រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​បរិស្ថាន​ទាំង​នៅ​សាលារៀន និង​លំនៅឋាន​របស់​ពួកគេ​ផ្ទាល់​។​

​លោក​បាន​ថ្លែង​បន្ថែមថា ក្នុង​ក្រ​ខណ្ឌ​នេះ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ចូល​ការអប់រំ​បរិស្ថាន​ចូលទៅក្នុង​កម្មវិធីសិក្សា លើកកម្ពស់​ការអប់រំ​បរិស្ថាន​ដល់​សិស្ស ចាប់ពី​កម្រិត​បឋមសិក្សា រហូតដល់​ថ្នាក់​វិទ្យាល័យ ដើម្បី​លើកកម្ពស់​គុណភាព​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​នៅក្នុង​គោលដៅ​បញ្ជ្រាប​ចំណេះដឹង និង​ចំណេះធ្វើ​អំពី​បរិស្ថាន​ដល់​ក្មួយៗ​សិស្សានុសិស្ស​។ ក្រៅពីនោះ ក្រសួងបរិស្ថាន​បានធ្វើ​ការងារ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​នេះ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដោយ​ចុះ​ផ្ទាល់​និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ជា​លទ្ធផល យើង​សង្កេតឃើញថា​ពលរដ្ឋ​មានការ​យល់ដឹង​កាន់តែច្រើន​អំពី​បរិស្ថាន មានការ​ចូលរួម​កាន់​តែ​ច្រើន ក្នុង​សម្អាត​អនាម័យ​បរិស្ថាន និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ ជាការ​ពិត យើង​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​ដែល​ត្រូវ​បន្ត​ដោះស្រាយ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×