Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កំពត សិក្សា​រៀបចំ​ផែនការមេ និង​កំណត់​ផែនទី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ នៅ​ព្រែក​កំពត​

spot_img

​កំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា តំបន់​ទេសចរណ៍ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នានា ដែលមាន​នៅតាម​ព្រែក​កំពត ឬ​ព្រែក​កំពង់បាយ នៃ​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ពិតជា​មេដែក​ថ្មី​ដ៏​សំខាន់​មួយ ក្នុងការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​ខេត្តកំពត ខណៈ​ខេត្ត​នេះ​ក៏មាន​ភ្នំ​បូកគោ និង​រមណីយដ្ឋាន​មួយចំនួនទៀត ជា​មេដែក​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​ទៀត​ដែរ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត ត្រូវ​សិក្សា​រៀបចំ​ឱ្យបាន​នូវ​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​តំបន់​ព្រែក​កំពត​នេះ ពិសេស​ត្រូវធ្វើ​ឱ្យបាន​លឿន​បំផុត ដើម្បីឱ្យ​ទាន់សភាពការណ៍​បច្ចុប្បន្ន ដែល​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​នេះ​កំពុងមាន​ការកើនឡើង​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់លោក​រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាសលោក និង​លោក ជាវ តា​យ អភិបាល​ខេត្តកំពត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រៀម រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​សាលា​ខេត្តកំពត នា​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​។

នា​ថ្ងៃ​ម្សិលមិញ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ដឹកនាំ​ក្រុមមន្ត្រី​នៃ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅតាម​ព្រែក​កំពត ឬ​ព្រែក​កំពង់បាយ​នោះ​ផងដែរ​។​

​លោក​បានលើកឡើង​ពី​វិធានការ​ភ្លាមៗ​នៅ​ចំពោះមុខ គឺ​ត្រូវ​ទប់​ច្រាំង​នៅ​កន្លែង​មួយចំនួន នៃ​ដងព្រែក​កំពង់បាយ ដើម្បី​រក្សា​ច្រាំង​ព្រែក​ឱ្យបាន​យូរអង្វែង រាំង​ទប់​អោយបាន​ការ​បូម​ខ្សាច់​ដែ​អាចធ្វើអោយ​ប៉ះពាល់​ដល់​តំបន់​នេះ ពីព្រោះ​កន្លែង​ខ្លះ ដូចជា​ផ្លូវ​ធ្វើដំណើរ​នៅ​ជិត​មាត់​ព្រែក និង ផែ​ទូក​កាណូត​ទេសចរណ៍​តូចៗ ប្រើ​សិន​បើ​ដាច់​ច្រាំង គឺ​ដូចជា​បាត់​ផ្លូវ​ធ្វើដំណើរ និង​មិន​អាចធ្វើ​សកម្មភាព​ទេសចរណ៍​បាន​។​

​ម្យ៉ាងទៀត តំបន់​ទេសចរណ៍​នៅ​ព្រែក​កំពង់បាយ​នេះ មិនត្រូវ​ឱ្យមាន​ការកាប់​ទន្ទ្រាន​ព្រៃឈើ​នានា ដូចជា​ដើម​ចាក យក​ធ្វើ​ដីចម្ការ​តទៅទៀត​ឡើយ ព្រោះ​ធនធានធម្មជាតិ​ទាំងនោះ ក៏​ជា​កត្តាចាំបាច់​ក្នុងការទាក់​ទាញ​​ភ្ញៀវទេសចរ​ផងដែរ ម្យ៉ាងទៀត ត្រូវ​រក្សា​ស្ថិរភាព​ទឹក និង​ភាព​ស្អាត​នៅក្នុង​ព្រែក​ឱ្យបាន​ជាប់​ជានិច្ច​។​

​លោក​បាន​បន្តថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ ពិសេស​ត្រូវ​ផលិត​ជា​វីដេអូ​ស្ព័ត​អំពី​តំបន់​ទេសចរណ៍​ទាំងនោះ​ឱ្យ​កាន់តែ​ខ្លាំងក្លា ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បានដឹង​ពី​សក្ដានុពល​នៃ​តំបន់​នេះ​ឱ្យបាន​សុះសាយ​បន្ថែមទៀត​។​

​នៅពេល​ភ្ញៀវទេសចរ​មក​ទស្សនា​ច្រើនឡើង​ហើយ រមណីយដ្ឋាន​នីមួយៗ​ត្រូវ​ចុះ​ពង្រឹងគុណភាព​សេវាកម្ម និង​ត្រូ្វ​បង្កើន​ការទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ កុំ​ដំឡើងថ្លៃ​ហួសហេតុ​ពេក កុំ​លក់ទំនិញ​អន់​គុណភាព ត្រូវបាន​បង្កើន​សេវា​ស្នាក់នៅ​បន្ថែមទៀត ពិសេស​ត្រូវ​ពង្រឹង​អនាម័យ​ចំណីអាហារ បញ្ហា​សំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កុំ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​ព្រែក​។​

​លោក​បានលើកឡើង​ពី​បញ្ហា​កក​ស្ទុះ​នៅពេល​បុណ្យទាន​ម្ដងៗ ដែលមាន​ចំនួន​ភ្ញៀវទេសចរ​យ៉ាងច្រើន​មក​ទស្សនា​ខេត្តកំពត​នេះ ដោយ​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​គាំទ្រ​ឱ្យ​លោក​អភិបាលខេត្ត​ស្នើសុំ​រាជរដ្ឋាភិបាល​កសាង​ស្ពាន​ថ្មី​មួយទៀត នៅ​អម​ជាមួយ​ស្ពាន​បច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​បញ្ហា​កក​ស្ទុះ​ចរាចរណ៍​ដូច​មុនៗ​។​

​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានឱ្យដឹងថា រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប ១៣១៣៩២២​នាក់ កើនឡើង ១៧,៤៨% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១១៥៩៩៩០​នាក់ កើនឡើង ១៧,៥២% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១៥៣៩៣២​នាក់ កើនឡើង ១៧,១៦% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×