តាកែវ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានប្រាប់ឲ្យនាយទាហ៊ាន ពលទាហ៊ាន ទាំងអស់ត្រូវត្រៀមខ្លួនការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកម្ចាត់ចំពោះក្រុមណាមួយដែលមានបំណង ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត គាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា។
ថ្លែងនៅក្នុងពិធីចែកអាវរងារបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនកងទ័ព នៅព្រឹកថ្ងៃ ចន្ទ ទី ២១ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្ស៊ី ជាមេខ្លោងបានការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេសជាពិ សេសនាយទាហ៊ាន ពលទាហ៊ាន មិនអាចទទួលយកបានជាដាច់ខាត។ មួយរយៈពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានប្រកាស់ពីគម្រោង ធ្វើដំណើរចូលស្រុកវិញ នៅពេលខាងមុខ ដោយបានអំពាវនាវ និងកៀរគរប្រជាពលរដ្ឋ ឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវត្រៀមខ្លួនថែរក្សាឲ្យបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ហើយអនុវត្តន៍បទបញ្ជាម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្ស៊ី ដោយធ្វើការចាប់ខ្លួនយកទៅផ្តន្ទាទោស ទៅតាមច្បាប់។
នៅក្នុងឱកាស់នោះផងដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ក៏បានប្រាប់កងទ័ព ទាំងអស់ត្រៀម លក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ៕ ដោយ៖តាកែវ