Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សហគមន៍​ជាច្រើន​តវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​តំណាង​សហគមន៍​

spot_img

​ភ្នំពេញ​៖ អង្គការ LICADHO / លីកាដូ បាន​ផ្សាយ​ថា ថ្ងៃទី​២១​ខែតុលា​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្ដិសុខ​ចម្រុះ​នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈពេលដែល​ពួកគាត់​ធ្វើដំណើរ​ដើម្បី​ទៅ​តវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​តំណាង​សហគមន៍​ពីររូប​កាលពី​សប្ដាហ៍​មុន និង​ដើម្បី​ឃ្លាំមើល​សវនាការ​សំណុំរឿង​រដ្ឋប្បវេណី​មួយ ដែល​ក្រុមហ៊ុនចំការកៅស៊ូ​បាន​ប្តឹង​ស្នើ​សុំឱ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​ទាំងនោះ​មិនឱ្យ​ចូលទៅ​កាន់​ដី​សហគមន៍​។​

​នា​ព្រឹក​ថ្ងៃទី​២១​ខែតុលា​នេះ សមាជិក​សហគមន៍​បាន​បង្ហោះ​ព័ត៌មាន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ដោយបាន​រៀបរាប់ថា ប្រជាពលរដ្ឋ​មកពី​ស្រុក​តំបែរ​បាន​កំពុងធ្វើដំណើរ​ទៅកាន់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ​នៅតាម​ផ្លូវ​ធ្វើដំណើរ​។ បន្ទាប់ពី​កងកម្លាំង​សន្ដិសុខ​ប្រមាណ​ជា​១០០​នាក់ បាន​បញ្ឈប់​ការធ្វើដំណើរ​របស់​សហ​គម​ន៍ និង​ដាក់​របាំង​បិទផ្លូវ​នៅ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​តុលាការ អ្នក​ទាំងនោះ​ត្រូវ​បង្ខំចិត្ត​បន្តដំណើរ​ដោយ​ថ្មើរជើង ហើយ​បន្ទាប់ពី​ទៅដល់​តុលាការ ពួកគាត់​ក៏ត្រូវ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​កងសន្ដិសុខ​ជាង​៥០​នាក់​ផ្សេងទៀត​។​

​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ទៅ​ឃ្លាំមើល​សវនាការ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​មួយ ដែល​ត្រូវបាន​ប្ដឹង​ដោយ​តំណាង​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិន​វេស​មេន ជា​ក្រុមហ៊ុនចំការកៅស៊ូ​មាន​ម្ចាស់​ជា​ជន​ជាតិចិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​យូរ​ឆ្នាំ​មួយ​ជាមួយ​សហគមន៍ ចំពោះ​បញ្ហា​ដីព្រៃ​សហគមន៍​។ អ្នក​ទាំង​នោះបាន​ស្នើសុំ​ម្ដង​ហើយ​ម្ដងទៀត ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញាធរ​ថ្នាក់ជាតិ ដើម្បី​ឱ្យជួយ​ដោះស្រាយ​ជម្លោះ​នេះ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០០​គ្រួសារ​។ ពួកគាត់​ក៏​ស្នើសុំ​ឱ្យមាន​ការដោះលែង​តំណាង​សហគមន៍​ទាំង​ពីររូប ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នេះ គឺ​លោក ផុន ឈឿន និង​លោក សែម សាង ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្ដាហ៍​មុន និង​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម ដោយមាន​បទ​ចោទ​ឧក្រិដ្ឋ និង​បទមជ្ឈិម​ជាច្រើន កើតចេញពី​ជម្លោះដីធ្លី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×