Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែង​ក្នុង​វេទិកា​សៀង​សាន​លើក​ទី ៩ នៅ​ទីក្រុង​ប៉េកាំង​

spot_img

​ប៉េកាំង​៖ ក្រសួងការពារជាតិ បាន​ផ្សព្វផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី​២២​តុលា​ថា ក្នុងឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២១ និង​២២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមតំណើរ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការបរទេស និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ បាន​ចូលរួម​ក្នុង​វេទិកា​សៀង​សាន​លើក​ទី​៩ នៅ​ទីក្រុង​ប៉េកាំង ដែល​នៅក្នុង​វេទិកា​សៀង​សាន​នេះ ត្រូវបាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដែល​ពាក់​ព​ន្ធ័​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង អន្តរជាតិ​។​

ថ្លែង​ទៅកាន់​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ “​ផលប្រយោជន៍​នៃ​រាល់​បណ្តា​ប្រទេស​តូច ប្រទេស​មធ្យម និង​សន្តិសុខ​រួម​” សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​៖ វេទិកា​សៀង​សាន គឺជា​ឱកាស​ដ៏​ល្អប្រសើរ​មួយ ដើម្បី​លើកឡើង​ពី​ក្តីកង្វល់​រួម និង​រក​ដំណោះស្រាយ​ជាមួយគ្នា លើ​បញ្ហា​ទាំងនោះ​។​

តាមរយៈ​វេទិកា​សៀង​សាន​លើក​ទី​៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​នូវ​បញ្ហា​ប្រឈម​ចំនួន​៣ ទៅកាន់​កិច្ចប្រជុំ ក្នុងនោះ​បញ្ហា​ប្រឈម​ទី​១ គឺ​ក្នុង​ទិដ្ឋភាព​ទ្រឹស្តី នៃ​ទំនាក់ទំនង​អន្តរជាតិ តែង​ផ្តោត​សំខាន់​ពី​សកម្មភាព នៃ​ប្រទេស​មហាអំណាច ធ្វើការ​សិក្សា​ពន្យល់​ពី​ឬ​សគល់​នៃ​ជម្លោះ​របស់​ពួកគេ ហើយ​ស្វែងរក​វិធី ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​តុល្យភាព​អំណាច​រវាង​មហាអំណាច ហើយ​ដែល​គេ​ជឿថា​នេះ​ជា​ភាពចាំបាច់​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក​។ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​៖ គេ​ច្រើនតែ​មើលរំលង​ពី​ផលប្រយោជន៍ និង​សំណូមពរ​របស់​ប្រទេស​តូច និង​មធ្យម ហើយ​យ៉ាងច្រើន​គេ​បានត្រឹមតែ​បង្ហាញ​ការអាណិតអាសូរ​ចំពោះ​ប្រទេស​តូច និង​មធ្យម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាទូទៅ​ប្រទេស​តូច និង​មធ្យម​ត្រូវគេ​បង្ខំ​ឱ្យ​លះបង់​ផលប្រយោជន៍​ជាតិ​ខ្លួន ដើម្បី​បុព្វហេតុ​សន្តិភាព​រវាង​ប្រទេស​មហាអំណាច​។ សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ទៀតថា ៖ ផ្អែក​តាម​ប្រវត្តិសាស្ត្រ យើង​បានដឹងហើយថា នៅពេលដែល​ប្រទេស​មហាអំណាច​មានទំនាស់​នឹង​គ្នា ប្រទេស​តូច​និង​មធ្យម​ត្រូវបាន​គេ​ចាប់បង្ខំ​ឱ្យ​ជ្រើសរើស​ភាគី​ជម្លោះ​ណាមួយ ឬ​ពេលខ្លះទៀត គឺ​មហាអំណាច​គឺជា​អ្នកធ្វើ​ការកំណត់​ជំនួស​តែម្តង​។ ហើយ​នៅពេលដែល​ប្រទេស​មហាអំណាច​ត្រូវ​គ្នា ប្រទេស​តូច និង​មធ្យម​បែរជា​ក្លាយទៅជា​របស់​សម្រាប់​ប្រទេស​មហាអំណាច​ដោះដូរ​គ្នា​ទៅវិញ​។ បញ្ហា​ប្រឈម​ទី​២ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​៖ ទោះបីជា​យើង​បានឃើញ​បញ្ហា​ទី​១​ខាងលើនេះ យើង​នៅតែ​មិនអាច​គេចផុត​ពី​វា​បានទេ​។

ពិភពលោក​សព្វថ្ងៃ​គឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ពឹងពាក់​គ្នា​ទៅវិញទៅមក​។ គ្មាន​ប្រទេស​ណា​ដែល​អាច​រស់នៅ​ម្នាក់ឯង ដោយ​គ្មាន​ការទាក់ទង​ជាមួយ​ពិភព​ខាងក្រៅ​ឡើយ ពីព្រោះ​ការរស់នៅ​បែបនេះ​ជាការ​លំបាក​ណាស់​។ យ៉ាងណាមិញ នៅពេលដែល​យើង​បើកចំហ​ទៅកាន់​ពិភពលោក យើង​ច្បាស់​ជា​នឹងត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​រង​នូវ​ឥទ្ធិពល​ពី​ទង្វើ​នៃ​ប្រទេស​ដទៃ គ្រាន់តែ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ ក្នុងន័យនេះ សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​បន្ថែមថា​៖ ទោះបី​ចង់ ឬ​មិន​ចង់ យើង​ត្រូវតែ​ទាក់ទង​ជាមួយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក ហើយ​ជាទូទៅ​ការទាក់ទង​នេះ​មិនមែន​គ្មាន​ភាពលម្អៀង​ទៅរក​ប្រទេស​ធំ​នោះទេ​។ បញ្ហា​ប្រឈម​ទី​៣ គឺ​ភាព​ផ្ទុយគ្នា​ឬ​ទំនាក់​ទំនងជា​វិចារវិទ្យា ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ ក្នុង​ទិដ្ឋភាព​មួយ ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​ស្វែងរក​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ឱ្យបាន​ច្រើន តាម​ដែល​ខ្លួន​អាចធ្វើ​បាន​។ ប៉ុន្តែ​ក្នុង​ទិដ្ឋភាព​ម្យ៉ាងទៀត គេ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សីលធម៌​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ ក្នុង​តថភាព​ជាក់ស្តែង​យើង​ឃើញថា​ពេលខ្លះ​ប្រទេស​ធំៗ និង​ជា​មហាអំណាច​អាច​ស្វែងរក​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ដោយ​ពុំ​សូវ​គិតដល់​គោលការណ៍​សីលធម៌​អន្តរជាតិ​ទេ​។ ផ្ទុយទៅវិញ​ប្រទេស​តូច និង​មធ្យម​មិនអាច​ធ្វើ​បែប​នោះបាន​ឡើយ​។ នៅពេលដែល​ប្រទេស​តូច និង​មធ្យម​ព្យាយាម​ធ្វើបែបនេះ ពួកគេ​ច្រើន​ត្រូវបាន​រារាំង ដោយ​លើក​ពី​គោលការណ៍​សីលធម៌​អន្តរជាតិ​។ ជាក់ស្តែង​ក្នុងករណី​កម្ពុជា​ផ្ទាល់ បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​ជាតិ​ខ្លួន​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ទទួលរង​សម្ពាធ​ពី​ប្រទេស​មួយចំនួន ដែល​រិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ​។​

នៅក្នុង​កិច្ចប្រជុំ​វេទិកា​សៀង​សាន​លើក​ទី​៩​នេះ វាគ្មិន​មកពី​បណ្តាល​ប្រទេស​ដ៏​ទែ​ទៀត​ក៏បាន​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា ដែល​ទាក់ទង​ទៅនឹង​ប្រធានបទ​ថ្មីៗ ស្តីអំពី​ទំនាក់ទំនង​ប្រទេស​មហាអំណាច និង សណ្តាប់​អន្តរជាតិ​, ការគ្រប់គ្រង​ហានិភ័យ​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​, ការគ្រប់គ្រង​អាវុធ​អន្តរជាតិ និង​សន្តិសុខ​សាកល និង ការផ្លាស់ប្តូរ ទស្សនៈវិស័យ​ដែល​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×