មណ្ឌលគិរី៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការបំផុសចលនាមហាជន ឲ្យចូលរួមផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាល តាមការរៀបចំរបស់ទណ្ឌិត សម រង្ស៊ី។
សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា ជនត្រូវចោទឈ្មោះ ភួង កំសាន្ត ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៩១ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងនឹងសកម្មភាពរបស់ជនត្រូវចោទព្រមទាំងគូកន ដែលបានកៀរគរ និងបំផុតបំផុលឲ្យមហាជន ចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី។