Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រៀបចំ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល អាច​ក្លាយទៅជា​ក្បាលម៉ាស៊ីន អូស​កំណើនសេដ្ឋកិច្ច​ថ្មី

spot_img

​ភ្នំពេញ​៖ អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ក្នុង​បរិបទ នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​អាច​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា ពិត​ជាមាន​ភាពចាំបាច់​ណាស់ ក្នុង​ពេលនេះ ជាង​ពេលណាៗ​ទាំងអស់ ក្នុងការ​ចាប់យក​នូវ​កាលានុវត្តភាព និង​សក្តានុពល​ទាំងឡាយ ពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ឌីជីថល​អាច​ក្លាយទៅជា​ក្បាលម៉ាស៊ីន​អូស​កំណើនសេដ្ឋកិច្ច​ថ្មី ។

​កម្ពុជា និង​ធនាគារ​ពិ​ព​ភ​លោក បាន​ពិភាក្សា ពី​ការរៀបចំ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារពិភពលោក នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក និង​មូល​ធិ​និ​រូបិយវត្ថុ​អន្តរជាតិ (WB-IMF Annual Meeting) ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិក​។

​កិច្ចពិភាក្សា​តុមូល​ពិសេស​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក វ​ង្សី វិស្សុត អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា និង​ភាគី​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោកស្រី​អនុប្រធាន​របស់​ធនាគា​រ​ពិភពលោក ចំនួន​២​រូប គឺ​លោកស្រី Vicotria Kwakwa អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​លោកស្រី Ceylay Pazarba sioglu អនុប្រធាន​ទទួលបន្ទុក​ផ្នែក​កំណើន​សមធម៌ ហិរញ្ញវត្ថុ និង​ស្ថាប័ន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនាញការ​របស់​ធ​នាគារ​ពិភពលោក និង​គណៈប្រតិភូ​មកពី​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ផងដែរ​។

​គោលដៅ​បំណង​នៃ​ការរៀបចំ​កិច្ចប្រជុំតុមូល​នេះ​គឺ​ដើម្បី ១.​ធ្វើការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ឯកសារ​ទស្សនាទាន​រួម (Concept Note) នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែល​បានរៀបចំ​ដោយផ្ទាល់ ដោយ​ក្រុមការងារ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង ២.​ស្វែងយល់​ពី​និន្នាការ​នៃ​សេដ្ឋកិច្ច ឌីជីថល​នៅក្នុង​តំបន់ និង​ពិភពលោក ដែល​រួមមាន​ទាំង​កាលានុវត្តភាព បញ្ហា​ប្រឈម និង​ហានិភ័យ ពិសេស​ការផ្លាស់ប្តូ​រទ​ស្សន​វិស័យ មេរៀន និង​បទពិសោធន៍ របស់​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ជាមួយនឹង​ជំនាញការ​ចំណានៗ របស់​ធនាគារពិភពលោក ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​។​

​លោក​វ​ង្សី វិស្សុត មានប្រសាសន៍ថា ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​អាច​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​ពិត​ជាមាន​ភាពចាំបាច់​ណាស់ ក្នុង​ពេលនេះ​ជាង​ពេលណាៗ​ទាំងអស់ ក្នុងការ​ចាប់យក​នូវ​កាលានុវត្តភាព និង​សក្តានុពល​ទាំងឡាយ ពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ឌីជីថល​អាច​ក្លាយទៅជា​ក្បាលម៉ាស៊ីន​អូស​កំណើនសេដ្ឋកិច្ច​ថ្មី និង​ដើម្បី​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​សម្រាប់ធ្វើ​កា​រព​ង្រួ​ញ​ផ្លូវ​និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ប្រទេស កា​រប​ង្តើ​ន​ផលិតភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង ព្រមទាំង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុងមាន​ស្រាប់ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ដោយសារ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ​។

​លោក​បាន​បន្តថា ក្នុង​ស្មារតី​នេះ កាលពីដើមឆ្នាំ​២០១៩ កន្លងទៅនេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែលជា​ស្ថាប័ន​ខួរក្បាល​របស់​នាយករ​ដ្ឋ​មន្ត្រី បាន​បង្កើត​នូវ​ក្រុមការងារ​បច្ចេកទេស​មួយ ដើម្បី​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​នៅក្នុង​រយៈពេល​វែង​។

​គិត​មកទល់នឹង​ពេលនេះ ក្រុមការងារ​បានរៀបចំ​នូវ​ឯកសារ​ទស្សនាទាន​រួមមួយ សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដោយ​ផ្តោតលើ​អាទិភាព និង​យុទ្ធសាស្ត្រ ដែល​រួមមាន ១.​ការរៀបចំ និង​ប​ង្តើ​ត​រដ្ឋាភិបាល​ឌីជីថល​គ្រប់​ជ្រុងជ្រោយ ដើម្បី​ម្យ៉ាង​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ត​ម្ល​ភាព​ផង និង​ម្យ៉ាងវិញទៀត ដើម្បី​បង្កើត​នូវ​បរិស្ថាន និង​ជា​ឃ្នា​ស់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល និង​នវានុវត្តន៍​ផងដែរ ២.​ការជំរុញ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដូចជា ខ្សែកាប​អុ​ប​ទិច ខ្សែកាប​អុ​ប​ទិ​ក​តាម​បាតសមុទ្រ មជ្ឈមណ្ឌល​ទិន្នន័យ និង​ការតភ្ជាប់​បណ្តាញ​សេវា​ដល់​អ្នកប្រើប្រាស់ និង​ធុរកិច្ច ដើម្បី​ធ្វើឱ្យ​សេវា​អ៊ិន​ធឺ​ណែ​ត​កាន់​តែមាន​ល្បឿន​លឿន ហើយ​ថ្លៃ​កាន់តែ​ថោក​ជាមុន និង​មាន​វិសាលភាព​អាច​គ្របដណ្តប់​ទូទាំងប្រទេស ៣.​ការទាញយក​ប្រយោជន៍​ជា​អតិបរិមា​ពី​វិស័យ​ឌីជីថល តាមរយៈ​ការបង្កើន​អក្ខរកម្ម និង​សមត្ថភាព​ឌីជីថល ពិសេស​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍ (R&D) ៤.​ការបង្កើត​ក្របខណ្ឌ​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ពាក់ព័ន្ធ​ផ្សេងៗ ពិសេស​បទដ្ឋាន​ស្តង់ដា​មួយចំនួន ក្នុង​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ ការការពារ​ទិន្នន័យ​ឯកជន និង​ការ​ទប់​ស្តា​ត់បទ​ល្មើស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​។​ល​។ និង ៥.​ការបង្កើត​នូវ​ថ្នាល និង​ប្រព័ន្ធ អេកូឡូស៊ី សម្រាប់​លើកស្ទួយ​សហគ្រិនភាព​និង​ការបង្កើត​ធុរកិច្ច​ថ្មី (Startup)​ក្នុង​វិស័យ​ឌីជីថល​។

​លោក​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​ដាក់ចេញ​នូវ​វិធា​ន​ការ​មួយចំនួន​ជា​បន្តបន្ទាប់​រួចហើយ ក្នុង​គោលដៅ​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ខាងលើនេះ ដូចជា ១.​ការបង្កើត​និង​ដាក់ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) ២.​ការបង្កើត​និង​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​ធុរកិច្ច​ថ្មី​តេ​ជោ ៣.​ការបង្កើត​និង​ដាក់ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (EDF) និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព (EPC) និង ៤.​ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs Bank) ជាដើម​។​

​នៅក្នុង​កិច្ចប្រជុំតុមូល​នេះ ក្រៅពី​ការពិភាក្សា​លើ​ឯកសារ​ទស្សនាទាន​រួម នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមការងារ​របស់​ភាគី​កម្ពុជា​, ភាគី​កម្ពុជា​ក៏បាន​ធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនៈ និង​មតិយោបល់​ផង​លើ​បទ​បង្ហាញ​របស់​ជំនាញការ​ជាន់ខ្ពស់​ធនា​គារ​ពិភពលោក លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការរៀបចំ​ថ្នាល​និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​សហគ្រិនភាព​ឌីជីថល ពិសេស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូវ​និ​ច (E-Commerce) ការរៀបចំ​ក្របខណ្ឌ​ច្បាប់ និង​ការទូទាត់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​យុគសម័យ​ឌីជីថល ព្រមទាំង​អន្តរាគមន៍ និង​អាទិភាព​គោលនយោបាយ​របស់​ធនា​គារ​ពិភពលោក ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល នៅក្នុង​តំបន់​ជាដើម​។​ល​។

​នៅក្នុង​កិច្ចប្រជុំ​នេះ មន្ត្រី​ជំនាញការ​របស់​ធនាគា​រ​ពិភពលោក​បានធ្វើកា​រ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការគិតគូរ និង​ការកំណត់​យុទ្ធសាស្ត្រ និង​អាទិភាព​គោលនយោបាយ​ទាំងឡាយ ដែលមាន​នៅក្នុង​ឯកសារ​ទស្សនាទាន​រួម នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​។​

​ក្រុមការងារ​ភាគី​កម្ពុជា​យល់ឃើញថា ការរៀបចំ​កិច្ចប្រជុំតុមូល​នេះ ពិត​ជាមាន​សារៈសំខាន់ ហើយ​ក្រុមការងារ​ប្រមូលបាន​នូវ​ធាតុ​ចូល​គន្លឹះ​សំខាន់ៗ និង​បទពិសោធន៍​ល្អៗ​បាន​យ៉ាងច្រើន សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ឱ្យ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។

​សូមបញ្ជាក់​ផងដែរ​ថា ការរៀបចំ​ក្របខណ្ឌ​គោលនយោបាយ រយៈពេល​វែង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ត្រូវបាន​ធ្វើឡើង​ទាំងស្រុង ដោយ​ក្រុមការងារ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដោយមាន​ការចូលរួម ពី​ដៃគូ​សំខាន់ៗ​មួយចំនួន ពិសេស​ធនាគារពិភពលោក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×