Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ទីស្នាក់ការ ធ្វើ​ប័ណ្ណ​ពលករ​កម្ពុជា ធ្វើការ​នៅ​បរទេស ៣​កន្លែង​ទៀត

spot_img

ភ្នំពេញ​៖ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ឲ្យ​ពលករ កម្ពុជា​ធ្វើការ ដោយ​ស្របច្បាប់ នៅ​ប្រទេស​ថៃ ដូច្នេះហើយ​ក្រសួងមហាផ្ទៃ រួមជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឯកភាពគ្នា​បង្កើត​ឲ្យ​មាន​ទីស្នាក់ការ​ផ្ដល់ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ចំនួន​៣​កន្លែង​ផ្សេងគ្នា ដើម្បី​សម្រួល និង​ព​ន្លឿ​ន​ការផ្ដល់សេវា​ជូន​ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ ប្រទេស​ថៃ​។​

​ទីស្នាក់ការ​ផ្ដល់ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ នា​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ លោក សេង សក្តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។​

​លោក សេង សក្តា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការបង្កើត​ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលករ ដែល​ចង់ទៅ​បំពេញបែបបទ​ឯកសារ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ជា​កន្លែង​មួយ​ច្បាស់លាស់ ក្នុងការ​បំពេញបែបបទ​នីតិវិធី សម្រាប់​ឲ្យ​បាន​ឯកសារ​ស្របច្បាប់​ទៅធ្វើ​ការ​នៅ​បរទេស​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ថា បើ​គិត​ទាំង​៣​កន្លែង​នេះ មន្ត្រី​អាចធ្វើ​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ជូន​ពលករ បាន​ប្រមាណ​៣​ពាន់​នាក់ ក្នុង​មួយខែ ហើយ​ប័ណ្ណ​ទាំងនេះ​មាន​សុពលភាព ៥​ឆ្នាំ និង​គ្មាន​ការពន្យារពេល​នោះទេ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការងារ​នេះ​ក៏​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់​បញ្ហា​ពលករ​ចាញ់ បោក​មេខ្យល់ ចំណាកស្រុក​ខុសច្បាប់ ការចំណាយ​ថវិកា​ច្រើន ខ្ជះខ្ជាយ​ពេលវេលា និង​ទប់ស្កាត់​ការចេញ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស គ្មាន​ឯកសារ​ស្របច្បាប់ ពោល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលករ​បាន​ច្រើន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ដើម្បី​ធ្វើលិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​នេះ​បាន ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបំពេញ​តាម លក្ខខណ្ឌ​គតិយុត្ត​មួយចំនួន ដូចជា ត្រូវមាន​កិច្ចសន្យាការងារ​ពី​និយោជក​ថៃ តាមរយៈ​ទីភ្នាក់ងារ​ដែល​បញ្ជូន​ពួកគេ​ទៅធ្វើ​ការងារ​នៅ​ទីនោះ​ត្រូវមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ត្រូវមាន​សេចក្ដីចម្លង​សំបុត្រ​បញ្ជា​ក់​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ច្បាប់ដើម ភ្ជាប់​ជាមួយ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ដែល​ច្បាស់លាស់​ត្រឹមត្រូវ​។ លោក​បញ្ជាក់ទៀតថា បើ​ពលករ​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅឡើយ​ទេ ពួកគាត់​អាច​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​នៅក្នុង ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​នេះ ដើម្បី​ឲ្យ​មន្ត្រី​ទាំងនោះ ទំនាក់ទំនង​នាំទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ថែម​ទៀតផង​។ ទីស្នាក់ការ​ផ្ដល់​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ទាំង​៣​កន្លែង​នោះ គឺ​មាននៅ​រាជធានី​ភ្នំពេញ ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ជាន់​ទី​២ នៅ​ខេត្តបាត់ដំបង និង​នៅ​ខេត្តបន្ទាយមានជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×