Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​លទ្ធផល​ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លេខ​រៀង គណបក្សនយោបាយ ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​

spot_img

ភ្នំពេញ​៖ ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ លើ​សន្លឹកឆ្នោត​យោង​តាម​ប្រការ ៥.១២ នៃ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រៀបចំ​ពិធី​ចាប់ឆ្នោត ជា​សាធារណៈ នា​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​គណបក្សនយោបាយ​ចំនួន​៤ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​លេខ​៖ ០២ គ​.​ជ​.​ប ស្តីពី​ការ​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត ជា​លទ្ធផល ដែល​សម្តេច​សង្ឃរាជ ទាំង​២​គណៈ បាន​យាង​ចាប់ឆ្នោត បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​លេខ​រៀង​ទី​១ គណបក្ស​យុវជន​កម្ពុជា ទទួល​បាន​លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួល​បាន​លេខ​រៀង​ទី​៣ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន​លេខ​រៀង​ទី​៤​។​

​សុន្ទរកថា​បើក​ពិធី​ថ្លែង​ដោយ លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នី​មួយៗ នៅលើ​សន្លឹកឆ្នោត​នឹង​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ក្នុង​ការឃោសនា​បោះឆ្នោត​និង​ជួយ​ឲ្យ​អ្នកបោះឆ្នោ​តអាច​ស្គាល់​បាន​ដោយ​ងាយស្រួល​នូវ​គណបក្សនយោបាយ​ដែល​គាត់​ស្រឡាញ់​ពេញចិត្ត​។ លោក​បន្តថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​តាម​បែប​អសកល ដែល​មាន​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺ​ជា​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​មុខតំណែង​ក្នុង​ក្របខ័ណ្ឌ​នៃ​ភូមិភាគ​នី​មួយៗ​តែប៉ុណ្ណោះ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​៣៣​ការិយាល័យ និង​មាន​អង្គ​បោះឆ្នោត សរុប​ចំនួន​១១.៦៩៥​នាក់ ក្នុង​នោះ​អង្គ​បោះឆ្នោត​ដែល​ជា​តំណាងរាស្ត្រ​មាន​ចំនួន​១២៣​នាក់​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ មាន​សមាជិក​ចំនួន​៦២​រូប​។ សមាជិក​២​រូប ត្រូវបាន​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង​សមាជិក ២​រូប​ទៀត ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ សមាជិក​ព្រឹទ្ធសភា​ឯទៀត ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល​មិន​ចំពោះ តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​។​

​អាសនៈ​នៅក្នុង​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង ត្រូវ​បែងចែក​តាម​ភូមិភាគ ដូចជា ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ មាន​៦​អាសនៈ ភូមិភាគ​ទី​២ ខេត្ត​កំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ ភូមិភាគ ខេត្ត​កណ្តាល មាន​៥​អាសនៈ ភូមិភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១០​អាសនៈ ភូមិភាគ​ទី​៥ ខេត្តតាកែវ កំពត និង​ខេត្ត​កែប មាន​៧​អាសនៈ ភូមិភាគ​ទី​៦ ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង មាន​៧​អាសនៈ ភូមិភាគ​ទី​៧ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ និង​ភូមិភាគ​ទី​៨ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី មាន​៦​អាសនៈ​។​

​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ គ​.​ជ​.​ប នឹង​ត្រូវ​ផលិត​សន្លឹកឆ្នោត​តាម​មណ្ឌល​ភូមិភាគ​នី​មួយៗ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​ក្នុង​សន្លឹក​ឆ្នោត​ទាំង​នោះ ត្រូវការ​ជា​ចាំបាច់​នូវ​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​កំណត់​ជា​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​សម្រាប់​មណ្ឌល​ភូមិភាគ​ទាំង​៨ ទូទាំង​ប្រទេស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×