Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឱ្យ​ធនាគារ​CDB ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើ​គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ធនាគារ​អភិវឌ្ឍន៍​ចិន​(CDB) ផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​ដទៃទៀត នៅ​កម្ពុជា ឱ្យ​ដំណើរការបាន​ដោយ​រលូន លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ស្នើឱ្យ​ធនាគារ​CDB ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើ​គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ការអភិវឌ្ឍ​កំពង់ផែ ការដឹកជញ្ជូន​ផ្លូវដែក និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​ធនាគារ​អភិវឌ្ឍន៍​ចិន ដឹកនាំ​ដោយ​លោក Mei Shiwen នាយក​ចាត់ការ​ទូទៅរ​បស់ CDB សាខា​ខេត្ត​ក្វាង​ស៊ី​។​

​ជា​កិច្ច​ចាប់ផ្តើម លោក Mei Shiwen បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​សមិទ្ធផល​សម្រេច​បាន គួរឱ្យ​សម្គាល់ នៅក្នុង​កិច្ចសហប្រតិបត្តិការ រយៈពេល​កន្លងមក រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) ក្នុងការ​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ឱ្យមាន ការរីកចម្រើន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ធនាគារ​អភិវឌ្ឍន៍​ចិន​(CDB) ដែល បានផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​ដទៃទៀត នៅ​កម្ពុជា ឱ្យ​ដំណើរការបាន​ដោយ​រលូន​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ធនាគារ​CDB ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត​លើ​គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ការអភិវឌ្ឍ​កំពង់ផែ ការដឹកជញ្ជូន​ផ្លូវដែក និង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង ជាពិសេស​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ធនាគារ​CDB ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ ផ្សព្វផ្សាយ​សាធារណៈ អំពី​គ្រោះថ្នាក់​ចរាចរ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ពី ផល​លំបាក និង​ការខាតបង់ ដោយសារ​គ្រោះថ្នាក់​ចរាចរ យុទ្ធនា​ការចែក​មួកសុវត្ថិភាព​ចរាចរណ៍ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​”​។​

​សូម​ជម្រាបជូន​ថា​៖ ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) ជា​ធនាគារឯកជន របស់​រដ្ឋ ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី ក្រុមប្រឹក្សារដ្ឋ​ចិន បច្ចុប្បន្ន​ធនាគារ​CDB បានផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​ធំៗ​ចំនួន​ពីរ នៅ​កម្ពុជា​គឺ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​គម្រោង​ព្រលានយន្តហោះ​សៀមរាប​ថ្មី លើសពីនេះ​ទៀត CDB ចាប់អារម្មណ៍ ក្នុងការ​វិនិយោគ លើ​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី និង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×