Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ បានឧបត្ថម្ភគ្រែវេជ្ជសាស្ត្រចំនួន១៤៧ និងកុំព្យូទ័រ ៥គ្រឿង ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ ៖ អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ បានឧបត្ថម្ភគ្រែវេជ្ជសាស្ត្រចំនួន១៤៧ និងកុំព្យូទ័រ ៥គ្រឿង ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ការឧបត្ថម្ភនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ តាមរយៈ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមវត្តមាន លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ,

លោក KOJI SASAKI ប្រធានអង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងលោក គង់ សុវណ្ណ ប្រធានស្ថាបនិកអង្គការ ខេមសេហ្វ នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់អង្គកា SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការខេមសេហ្វ ដែលបានចែករំលែកគ្រែវេជ្ជសាស្ត្រ មកដល់មន្ទីរពេទ្យខេត្ត និងកុំព្យូទ័រ ដល់រដ្ឋបាលខេត្តព្រះសីហនុ។

ជាងនេះ លោកអភិបាលខេត្ត បានចាត់ទុកជំនួយខាងលើនេះ ថាជាសកម្មភាពមនុស្សធម៌ ដ៏ប្រសើរ ខណ:មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងខ្វះខាតគ្រែវេជ្ជសាស្ត្រ សម្រាប់ទទួលអ្នកជំងឺចូលមកសម្រាកព្យាបាលនៅតាមមន្ទីពេទ្យបង្អែក របស់រដ្ឋ ក៏ដូចជានៅតាមមណ្ឌល សុខភាពនានា ក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន មានជំនឿថា គ្រែវេជ្ជសាស្ត្រទាំងនេះ នឹងអាចជួយដោះស្រាយ កាត់បន្ថយការលំបាកដល់អ្នកជំងឺ ក៏ដូចជាក្តីកង្វល់ របស់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងការពិនិត្យ ព្យាបាលជំងឺ ជូន​បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសគ្រប់ពូជសាសន៍ ដែលចូលមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលពួកគេត្រូវការសេវាសុខាភិបាល ជាចាំបាច់ មិនអាចខ្វះបាន។

ចំណែក លោក KOJI SASAKI ឆ្លើយតបថា ក្រុមការងា របស់លោក ពេញចិត្តក្នុងការចូលរួមការមនុស្សធម៌ និងសកម្មភាព ក្នុងការចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តព្រះសីហនុ។

លោកបន្តថា ទាំងនេះគ្រាន់តែជាជំហានចាប់ផ្តើម ក្នុងកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាវិស័យសុខាភិបាល ដែលបានខិតខំបំពេញការងារជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយយកចិត្តទុកដាក់។

ដោយឡែក សម្រាប់លោកវេជ្ជៈបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា កន្លងមកជប៉ុន បានចំណាយប្រាក់ជាង ១៥លានដុល្លាអាមេរិក ក្នុងការជួយកសាងអគារមន្ទីរពេទ្យ និងបំពាក់សម្ភារៈបរិក្ខាវេជ្ជសាស្ត្រក្នុងមន្ទីរពេទ្យនេះ។

បន្ថែមលើសនេះ ជប៉ុន ក៏បានបញ្ជូនគ្រូពេទ្យមកជួយបង្ហាត់បង្រៀនពេទ្យខ្មែរ ក្នុងមន្ទីរពេទ្យនេះជាបន្តបន្ទាប់ផងដែរ។

ព្រមជាមួយគ្នានេះ សម្បុរសជន ក្នុងស្រុក ក៏តែងបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបន្តបន្ទាប់ផងដែរ។

លោក សេង ណុង ឲ្យដឹងដូច្នេះ រួចបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជនទាំងអស់ ដែលតែងផ្តល់ការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណ:បច្ចុប្បន្ននេះ អ្នកជំងឺដែលចូលមករកសេវាសម្រាក ព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏មានការកើនឡើងជាលំដាប់៕ ដោយ៖ ដែន សីមា

spot_img
×