Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា អាច​ខ្ចី​បរទេស​ជិត​២​ពាន់​លាន​ដុល្លារ​

spot_img

(​ភ្នំពេញ​)៖ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា​អាច​ខ្ចីលុយ​បរទេស​បាន​ប្រមាណ ១៤០០​លាន SDR (​ជា​ខ្នាត​កណ្ដាល​មួយ សម្រាប់​វាយតម្លៃ​នៃ​លុយ​) ស្មើនឹង​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ខណៈ​បំណុល​សរុប​ជាង​៧​ពាន់​លាន​ដុល្លារ​។​

​ប្រាក់កម្ចី​នេះ ប្រើ​សម្រាប់​យកទៅ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់​មួយចំនួន​ដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​មួយចំនួនទៀត​ដូចជា​៖ គម្រោង​ក្នុង​វិស័យ​កសិកម្ម សុខាភិបាល ការផ្គត់ផ្គង់​ទឹកស្អាត ហិរញ្ញវត្ថុ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អប់រំ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​នេះ បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ ក្នុង​សេចក្តីព្រាងច្បាប់​នេះ បានឱ្យដឹងថា កម្ចី​នេះ​ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​អនុវត្ត​លើ​គម្រោង​សំខាន់ៗ​ចំនួន ២៩​គម្រោង ក្នុងចំណោម​គម្រោង​សរុប​ចំនួន​៣២​។​

​គម្រោង​ដែល​នឹងត្រូវ​ចុះហត្ថលេខា​ទទួល​កម្ចី​នោះ​រួមមាន​៖ ធនាគារពិភពលោក​ចំនួន ៣​គម្រោង​, ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី​ចំនួន ៧​គម្រោង​, ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ចំនួន ១​គម្រោង​, សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ៨​គម្រោង​, ប្រទេស​ជប៉ុន​ចំនួន ២​គម្រោង​, សាធារណរដ្ឋ​កូរ៉េ​ចំនួន ៣​គម្រោង​, សាធារណរដ្ឋ​បារាំង​ចំនួន ៣​គម្រោង​, ព្រះរាជាណាចក្រ​ថៃ​ចំនួន ១​គម្រោង និង​សាធារណរដ្ឋ​ឥណ្ឌា​ចំនួន ១​គម្រោង​។​

​ក្នុង​សេចក្តីព្រាងច្បាប់​ក៏បាន​បញ្ជាក់ដែរថា ការសម្រេច​ឱ្យ​ខ្ចី​ថវិកា​បរទេស​ជិត ២​ពាន់​លាន​ដុល្លារ​នេះ ដោយ​សំអាង​ទៅលើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៥​រួមមាន​៖

១៖ កំណើន​តម្រូវការ​ទុនវិនិយោគ​ដ៏​គំហុក​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាសាធារណៈ​ទាំង​ទំហំ​, បរិមាណ​និង​គុណភាព​សម្រាប់​ជំរុញ ការ​ហក់​ឡើង​នៃ​សេដ្ឋកិច្ច​នៅក្នុង​ដំណាក់កាល​ថ្មី និង​ក្នុង​បរិបទ​នៃ​ភាពមិនច្បាស់លាស់​។

២៖ គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ក្នុង​ឆ្នាំ​២០២០ គឺជា​គម្រោង​វិនិយោគសាធារណៈ​ក្នុង​វិស័យ​អាទិភាព (​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​ផលិតកម្ម​) ហើយ​ដែល​ចេះតែ​រំកិល​ពី​ឆ្នាំមុនៗ​មក​តែមាន​ចរិត​យុទ្ធសាស្ត្រ​ក្នុងការ​ទ្រទ្រង់​ដល់​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម និង​វែង​។

៣៖ សុទ្ធសឹងតែ​ជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​។

៤៖ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម និង​វែង នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ៥៖ ការបន្ត​បង្កើន​ប្រសិទ្ធភាព​ភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​គម្រោង​។​

​ក្នុង​សេចក្តីព្រាងច្បាប់​ដែល​ទើប​អនុម័ត បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​ជំពាក់​បំណុល​បរទេស​ស​រុ​បប្រមាណ ៧,២៦៤​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​កម្ចី​ពី​ប្រទេស​ចិន​មាន​ជិត ៥០​ភាគរយ​។​
​ប្រជាពលរដ្ឋ​កម្ពុជា​តែង​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​កម្ចី​ពី​បរទេស ដោយ​ខ្លាច​កម្ចី​នេះ​ក្លាយទៅជា​បំណុល​មិនអាច​មានលទ្ធភាព​សង​ទៅវិញ​។ នៅក្នុង​សេចក្តីព្រាងច្បាប់ បាន​អះអាងថា ទំហំ​នៃ​ការខ្ចី​នេះ មិន​បង្កើតជា​បន្ទុក​បំ​ណុល​វ័ណ្ឌក​ដល់​កម្ពុជា​នោះទេ ព្រោះថា​នៅពេលដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នោះ សមត្ថភាព​សង​របស់​កម្ពុជា​ក៏​ខ្ពស់ជាង​មុន​ដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅថ្ងៃនេះ ក៏បាន​សម្រេច​ដាក់ឱ្យ​អនុវត្តន៍​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​បំណុល​សម្រាប់​ឆ្នាំ​២០១៩-២០២៣​ផងដែរ​។ នៅក្នុង​យុទ្ធសាស្ត្រ​នេះ សម្តេច​តេ​ជោ បានដាក់​ចេញ​គោលការណ៍​គន្លឹះ​ចំនួន​៥ សម្រាប់​គ្រប់គ្រង​បំណុល​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព​។ គោលការណ៍​ទាំង​៥​នោះ​រួ​មាន​៖

១៖ ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​។

២៖ ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ។

៣៖ ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​។

៤៖ ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់បំផុត​។​

៥៖ ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍​នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ចសង្គម​, បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​សរុប​ប្រមាណ ៣៣.៣៣៩.៦៣៣​លាន​រៀល ដែល​ស្មើនឹង ៨២២៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ គម្រោង​ចំណាយ​នេះ មាន​ប្រមាណ​២៨,០១% នៃ ផសស និង​កើនឡើង ២២,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០” ​ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖

​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហរិញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ដែល​គណៈរដ្ឋមន្ដ្រី​កំពុង​ពិនិត្យ​ក្នុង​ពេលនេះ គឺជា​ថ​រិ​កា​ឆ្នាំ​ទី​២ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ដ​អាទិភាព​គោ​លន​យោ​បាល​សំខាន់​ជា​សារវន្ដ ដែល​ត្រូវ​បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៅ​មាគ៌ា​នៃ​ការកែទម្រង់​ស៊ីជម្រៅ និង​ការអភិវឌ្ឍ ព្រមទាំង​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​កន្លងមក ទាំង​ខាង​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន ក្នុង​ការបន្ដ​ដំណើរកា​រ​អភិវឌ្ឍ​កម្ពុជា​ជា​ឲ្យ​កាន់តែ​រីកចម្រើន និង​រុងរឿង ព្រមទាំង​ភាពសុខសាន្ដ​និង​សុខដុម​រម្យ​នា​នៅក្នុង​សង្គមជាតិ ឈាន​ឆ្ពោះទៅរក​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ក្នុងន័យនេះ ថ​រិ​កា​ឆ្នាំ​២០២០ ត្រូវបាន​រៀបចំ និង​វិភា​ជ ដើម្បី​អនុវត្ដ​សកម្មភាព​អាទិភាព ដែល​ត្រូវ​បានកំណត់​ក្នុង​កម្មវិធី និង​អាទិភាព​គោលនយោបាយ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រួមមាន​៖ ការអភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ការបន្ដ​អភិវឌ្ឍ និង​បង្កើត​តម្លៃបន្ថែម​នៃ​វិស័យ​កសិកម្ម​ការលើកកម្ពស់​គុណភាព​នៃ​ការផ្ដល់​សេវាសាធារណៈ ជាពិសេស​ការកែលម្អ​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ប្រព័ន្ធ​អប់រំ​កាន់​តែមាន​គុណភាព​ខ្ពស់​, ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​, ជាពិសេស​ការ​អនុវត្ដ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​បន្ដ​គាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​គុណភាព និង​មាន​ភាព​ធន់​ខ្ពស់ ធានាបាន​សមធម៌​សង្គម​ដែលមាន​បរិ​យា​ប័ន្ន និង​ពង្រឹង​ស្ថាន​ប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ក​ម្ពូ​ជា​ជា “​ប្រ​ទែស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០” ។​

​ផែនការ​យុទ្ធសាស្ដ្រ​ថ​រិ​កា​ដែល​ក្រសួង ស្ថ​ប័ន និង​មន្ទីរជំនាញ​រាជធានី ខេត្ដ ព្រមទាំង​គ្រិះ​ស្ថាន​សាធារណៈ​រដ្ឋបាល​បានរៀបចំ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញវត្ថុ​ធ្វើការ​បូកសរុប​អំពី​តម្រូវ​ការចំណាយ និង​វាយតម្លៃ​សមត្ថភាព​និង​លទ្ធផល​ប្រមូល​ចំណូល​ធៀប​នឹង​ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បាន​ដាក់ចេញ​។​

​ជាក់ស្ដែង កម្ពុជា​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង ហើយ​ក្បាល់ម៉ាស៊ីន​អូស​កំណើនសេដ្ឋកិច្ច​ពឹងផ្អែក​ច្រើនលើក​ត្តា​ខាងក្រៅ​អាចនឹងទទួល​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពី​ហានិភ័យ​ខាងក្រៅ ដោយ​មិនទាន់​គិត​ទៅដល់​ផលប៉ះពាល់​បណ្ដាល់មកពី​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មួយចំនួន ក៏ដូចជា​ហានិភ័យ​ខាងក្នុង​ប្រទេសមួយ​ចំនួន​ទៀត​។​

ក្នុងន័យនេះ កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀមខ្លួន និង​ពង្រឹងសមត្ថភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​និង​ហានិភ័យ ទាំង​ខាងក្នុង និង​ខាងក្រៅ​ខាងលើ ព្រមទាំង​ត្រូវធ្វើ​ការវះកាត់​ដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ​រាំ​រ៉ៃ​មួយចំនួន ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ដើម្បី​អាច​ឈរ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​ផ្អែកទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ផ្សេងៗ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ ទន្ទឹមនេះ កម្ពុជា​ក៏ត្រូវ​ខិតខំ​ទ្វេដង​ក្នុងការ​ទាក់ទាញ​ការវិនិយោគ និង​ធុរកិច្ច ដែល​អាន​នឹង​ហូរ​ចូល​កម្ពុជា ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​ត្រូវ​ក្ដាប់​យក​នូវ​កាលា​នុ​វត្ដ​ភាព​ពី​ប​ដិ​វត្ដ​ន៍​ឧស្សាហកម្ម​ទី​៤ និង​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ លើសពីនេះទៅទៀត កម្ពុជា​ត្រូវ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង​មាន​សមត្ថភាព​ខ្លាំងពូកែ ដើម្បី​អា​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ដែល​កាន់តែ​ធំ​និង​ស្មុកស្មាញ​ជាង​មុន ដូច​បាន​គូសបញ្ជាក់​ខាងលើ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​រយៈពេល​វែង​។​
​ឈរលើ​មូលដ្ឋាន​ខាងលើនេះ ថ​រិ​កា​ឆ្នា​២០២០ ត្រូវបាន​គិតគូរ និង​រៀបចំឡើង ដើម្បី​ទ្រទ្រង់​ដល់​និរន្ដរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ ច​លន​ការ​នៃ​ការ​កៃ​ទម្រង់ ពង្រឹង​ប្រព័ន្ធ​ផ្ទៃក្នុង ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត និង​ដើម្បី​ត្រៀមខ្លួន​ទប់ទល់ និង​ផ្ដល់​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​រាល់​បញ្ហា​ប្រឈម​និង​ហានិភ័យ ទាំង​ខាងក្នុង និង​ខាងក្រៅ​ប្រទេស ពិសេស​ដើម្បី​សម្រេច​ឲ្យ​បានជា​អតិបរមា​នូវ គោលដៅ​ជា​យុទ្ធសាស្ដ្រ​ទាំង​៤ ដូច​មានចែង​ក្នុង យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទ​៤ ដើម្បី កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព : កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដែលជា របៀបវារៈ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច នៃ កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​និតិ​កាល​ទី​៦ នៃ​រដ្ឋសភា គឺ​៖

-ធានា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ប្រកបដោយ​ចីរភាព និង​ធន់​នឹង​វិបត្តិ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មីៗ ដោយ​ទូលំទូលាយ និង​មាន​ភាព​ប្រកួតប្រជែង ជាមួយនឹង​ការថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការគ្រប់គ្រង​អត្រា​អតិផរណា​ឲ្យ​នៅ​ទាប ការធានា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ ការខិតខំ​បង្កើត​ទុនបម្រុង​ជាប្រចាំ និង​ការគ្រប់គ្រង​បំណុល​សាធារណៈ​ដោយ​គត់មត់ ៕ ដោយ ៖ កូ​ឡាប​

spot_img
×