Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីហុងគ្រី នៅតែបន្តគាំទ្រ និងស្នើសុំឱ្យមិនឱ្យមាន​ការដ​កហូត EBA ពីកម្ពុជា

spot_img

ភ្នំពេញ៖ ប្រធានាធិបតីហុងគ្រីបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជា ហើយលោកថា ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។

នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកយ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេស ហុងគ្រី ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោកប្រធានាធិបតីហុងគ្រី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបចូលគាល់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានយាងព្រះអង្គ ដើម្បីយាងធ្វើទស្សនកិច្ច នៅប្រទេសហុងគ្រីផងដែរ។ លើសពីនោះទៀត លោកក៏បានមានប្រសាសន៍ថានេះ ជាលើកទី៣ហើយ ដែលលោកបានជួបសម្ដេចតេជោ ក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។ ក្នុងដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺលោកពិតជាមិនអាចស្មានដល់ ពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ​៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។

ក្នុងជំនួបនេះ លោកបានបង្ហាញពីការចូលរួមរបស់ ប្រទេសហុងគ្រី ជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជា នោះគឺលោកនឹងបញ្ជូនអ្នកជំនាញការ របស់ហុងគ្រី ដើម្បីមកជួយកម្ពុជា ក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សា ហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននិងណែនាំនូវបច្ចេកវិទ្យា និងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាយើង។ លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជា រយៈពេលវែងទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ ។ លោកបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលលោកបានលើកឡើង។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រី មានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងសង្ខេបថា កម្ពុជាកន្លងមក តែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ច រហូតដល់ជាង៧%។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះ គឺទី១)គម្រោងតេជោភូមិ១០០ទី២)សកម្មភាពដោះមីន ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននឆ្នាំ២០២៥និងទី៣)អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា ចំនួន១៥ ក្នុង១ឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោ បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជាយើង លើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវផ្តល់អទិភាព លើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត ទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះ ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញការមកកម្ពុជា ក្នុងសិក្សា និងពិភាក្សារួមគ្នា ជាមួយក្រសួងបរិស្ថាន ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕ ដោយ៖កូឡាប

spot_img
×