Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រិតបច្ចេកទេសថ្នាលរីកដុះដាលកាន់តែខ្លាំងក្លា នៅក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិ ២០១៩

spot_img

កែប៖ ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នៅខេត្តកែប បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការពេញមួយព្រឹក កាលពីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមការជួយជ្រោមជ្រែង បំផុសស្មារតីយ៉ាងពេញទំហឹង របស់រដ្ឋបាលខេត្តកែប ដោយកម្រិតគុណភាពបច្ចេកទេស របស់ក្រុមកីឡាករ កីឡាការិនីថ្នាល បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះ លេចធ្លោខ្លាំងលើថ្នាលយុវជន ដែលធ្វើមន្ត្រីជំនាញបច្ចេកទេសកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំហ្វឹកហាត់នៅតាមបណ្តាក្លឹបរៀងៗខ្លួន ហើយបានបញ្ចេញអស់ពីសមត្ថភាព នៅក្នុងពេលប្រកួតនាពេលនេះ ក្នុងគោលដៅតម្រង់ទិសឆ្ពោះទៅ រៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ចំពោះកីឡាករ កីឡាការិនីឈុតធំ ក៏ដូចជាក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកទី៣០ នៅប្រទេស​ហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ក៏មានការកើនឡើងនូវសមិទ្ធផលល្អប្រសើរផងដែរ។

អគ្គលេខាធិការរូបនេះ ក៏បានសម្តែងនូវអរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកែប ដែលខិតខំជួយជ្រោមជ្រែងអស់ពីចិត្ត ដើម្បីធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩នេះ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការគាំទ្រ និងលទ្ធផលជាផ្លែផ្កា។

ការប្រកួតពេលនេះចែកចេញជា៥វិញ្ញាសា ដោយក្រោយពីឆ្លងកាត់ការប្រកួតប្រជែង ដ៏ស្វិតស្វាញបំផុតនោះ គណៈកម្មការទទួលបាននូវម្ចាស់ជ័យលាភី រួមមាន៖ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ នាង ពេជ្រ ពិសិដ្ឋ ក្លឹបក្រសួងមហាផ្ទៃ ប្រើពេល១ម៉ោង១២នាទី និង៣៩វិនាទី, លេខ២ អ៊ួង លីម៉េង ក្រសួងមហាផ្ទៃ លេខ៣ ថៃ ធុច ក្លឹប Giant ។ ទ្រីយ៉ាត្លុង ផ្នែកនារី ចំណាត់ថ្នាក់លេខ១ កីឡការិនី ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង ២៣នាទី និង៤៤វិនាទី, លេខ២ ហ៊ោ ធីដា ក្លឹប Giant និងលេខ៣ ផល ស្រីផួង ក្រសួង មហាផ្ទៃ។ ឌូអាត្លុង បុរស ចំណាត់ថ្នាក់១ កាំង ធឿន ក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង ១០នាទី និង១៤វិនាទី, លេខ២ ជា សម្ផស្ស ក្រសួងមហាផ្ទៃ និងលេខ៣ មាស តាន ក្រសួងមហាផ្ទៃ។ ឌូអាត្លុង នារី ចំណាត់ថ្នាក់ លេខ១ អ៊ួន ចន្ទភត្រា ក្រសួងមហាផ្ទៃ, លេខ២ ទូច រក្សា ក្រសួងការពារជាតិ និងលេខ៣ ផល រចនា ក្រសួងមហាផ្ទៃ។ អាគ័រត្លុង អាយុ ក្រោម ១៧ឆ្នាំ បុរស ចំណាត់ថ្នាក់លេខ១ សៀង ណូរ៉ា អនុវិទ្យាល័យ ត្រពាំងសាលា, លេខ២ ចេង សុវណ្ណបញ្ញាសិដ្ឋ អនុវិទ្យាល័យត្រពាំងសាលា និងលេខ៣ ឡេង ពិសិដ្ឋ ក្លឹបឫទ្ធិសែន។ ជ័យលាភីទាំងនេះបានឆ្លងកាត់ការប្រកួតប្រជែងពីក្នុងចំណោម៥២នាក់ មកពី១០ក្លឹប បន្ទាប់ពី សម្រិតសម្រាំងចេញពីការប្រកួតជម្រុះបឋម កន្លងមក នៅពហុកីឡដ្ឋានមរតកតេជោ ដោយយកតែកីឡាករ កីឡាការិនីដែលមានសិទ្ធផលខ្ពស់ៗ មិនផ្តោតលើបរិមាណ ដើម្បីប្រកួតជម្រុះបន្តនៅខេត្តកែបនេះ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីប្រកួត និងពិធីបំពាក់មេដាយទទួលបានការផ្តល់កិត្តិយសពីឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×