Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ដាក់ចេញ​វិធានការ ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក​

spot_img

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ដាក់ចេញ​វិធានការ​ចំនួន​៨​ចំណុច ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ក្នុងឱកាស​ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​។​

​បើតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​៣០​តុលា​នេះ បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង សប្តាហ៍​ទី​២ ខែវិច្ឆិកា ខាងមុខនេះ ប្រជាជាតិ​យើង​នឹង​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។​

យោងតាម​លិខិត​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ស្របពេល​ជាមួយនេះ ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ក៏បាន​ប្រកាស​ដាក់ចេញ​នូវ​គម្រោង​ផែន​ការធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​នៃ​ការប្រកាស​វិល​ត្រលប់​ចូលមក​កម្ពុជា​វិញ​របស់ ឧក្រិដ្ឋជន​សម រង្ស៊ី និង​បក្ខពួក នៅ​ចំ​ពេលដែល​ប្រជាជាតិ​យើង​កំពុង​ប្រារព្ធ​ពិធី​បុណ្យជាតិ​ទាំងពីរ​ខាងលើនេះ​ផងដែរ​។​

​ដើម្បី​បង្កើន​ការថែរក្សា​សុខសន្តិភាព និង​ការគ្រប់គ្រង​ឱ្យបាន​ល្អ​នូវ​សភាពការណ៍​ផ្ទៃក្នុង​ប្រទេស​ការពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សំដៅ​បន្ត​បង្ក​បរិយាកាស​ដល់ ប្រជាជន​យើង ចូលរួម​ប្រារព្ធ​ពិធី​បុណ្យជាតិ​ខាងលើនេះ ប្រកបដោយ​សុខ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់ លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត អនុវត្ត​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដូចខាងក្រោម​៖

១. អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ខេត្ត ត្រូវមាន​វត្ត​មាននៅ​រាជធានី ខេត្ត​សាមី ជាប់​ជាប្រចាំ ចាប់ពី​ដើមខែ​វិច្ឆិកា រហូតដល់​ពិធីបុណ្យ​ជាតិ ទាំងពីរ​ខាងលើ ត្រូវបាន​ប្រារព្ធ ចប់សព្វគ្រប់​។ ទន្ទឹមនេះ ត្រូវ​រៀបចំ​ចាត់ចែង​មន្ត្រី​ប្រចាំការ នៅតាម​សាលា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​ត្រៀមលក្ខណៈ​ដោះស្រាយ​សភាពការណ៍​ចំពោះមុខ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

២. រាជធានី ខេត្ត​នីមួយៗ ត្រូវ​ចាត់ចែង​រៀបចំ​ពី​ធី​បុណ្យជាតិ​ខាងលើនេះ ស្របតាម​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ។​

៣. ត្រូវ​បញ្ជា ដឹកនាំ និង​សម្របសម្រួល​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដើរ​ទន្ទឹមនឹង​ការជំរុញ​ការចូលរួម អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព សំដៅ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​រាជធានី ខេត្ត​។​

៤. ត្រូវ​ដឹកនាំ ណែនាំ​ដល់​មេបញ្ជាការ កងកម្លាំង​មាន​សមត្ថកិច្ច​នានា ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​ត្រួតពិនិត្យ​វត្តមាន​កម្លាំង​ក្រោម​ឱវាទ និង​គ្រប់គ្រង​ចាត់ចែង​ប្រើប្រាស់​កម្លាំង ស្របតាម​ផែនការ ដែល​បានកំណត់ និង​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ការអនុវត្ត​ផែនការ​នេះ ជាពិសេស​ការចាត់តាំង​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០៣៩ ស​ណន ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​ការរៀបចំ​ការការពារ​សុវត្ថិភាព​មន្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ។​

៥. រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ និង​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​ការគ្រប់គ្រង​វត្តមាន និង​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ និង​បុគ្គលិក​ក្រោម​ឱវាទ ឱ្យបាន​ហ្មត់ចត់​ស្របតាម​លិខិតបទដ្ឋាន និង​គោលការណ៍​កំណត់​។​

៦. ដឹកនាំ ណែនាំ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី ខេត្ត​នីមួយៗ ធ្វើការ​តាមដាន​ក្តាប់​សភាពការណ៍​សកម្ម​ភាព​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋ ប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​អប់រំ ប្រជាជន​ឱ្យ​ចៀសវៀង​ការចូលរួម​ក្នុង​សកម្មភាព​ណាមួយ នៃ​គម្រោង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

៧. ដឹកនាំ ណែនាំ​ដល់​គណៈបញ្ជាការ​ក្រុង ស្រុក ខណ្ឌ ដើម្បី​ដឹកនាំ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​អាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យ​ពង្រឹង​កិច្ចសហការ​បង្កើន​ការគ្រប់គ្រង​ការចេញ​-​ចូល របស់​ប្រជាជន​ស្របតាម លិខិត បទដ្ឋាន​កំណត់ និង​គ្រប់គ្រង​មុខសញ្ញា​នានា​តាម​គោលការណ៍​ជំនាញ​។ ទន្ទឹមនេះ ត្រូវ​ដឹកនាំ និង​បង្កលក្ខណៈ​សម្បត្តិ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ពិសារ​អំបុក​សាមគ្គី​ជាតិ ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។​

៨.​រាជធានី ខេត្ត ដែលមាន​ទូក​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​អភិបាលរង​រាជធានី ខេត្ត ០១​រូប ដើម្បី​ដឹកនាំ ចំណុះ​ទូក និង​អ្នករួមដំណើរ ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ចាត់ចែង​ទីកន្លែង​ស្នាក់នៅ ការថែរក្សា​សុខភាព អនាម័យ និង​កិច្ចសហការ​ចូលរួម​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ក្នុង​ពិធីបុណ្យ​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×