ភ្នំពេញ៖ អាស៊ាន និង សហភាពអឺរ៉ុបមាន ការទំនាក់ទំនងគ្នាទៅវិញទៅមកខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ រយៈពេលជាងបួនទសវត្សរ៍មកហើយ។ បច្ចុប្បន្ននេះ ស្ថាប័នទាំង ពីរ បន្ត ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បី រឹត ចំណង មិត្តភាព ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយក៏ កំពុងឈានទៅ បង្កើត ភាព ជាដៃគូ ជាយុទ្ធសាស្ត្រផងដែរ។
អ្នកចូលរួម ប្រមាណជាង ១៥០ នាក់ ក្នុងនោះ មានមន្ត្រីរដ្ឋាភិបាល តំណាងការទូត តំណាង អង្គការ អន្តរជាតិ អង្គការ ក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ ក្រុមបញ្ញវន្ត និងស្ថាប័ន សិក្សានានា នឹង ត្រូវ អញ្ជើញ ឱ្យ ចូលរួមនៅក្នុងសន្និសីទនេះ។
ព្រឹត្តិការណ៍នេះមានគោលបំណង ប្រមូលផ្ដុំអ្នកជំនាញនៅថ្នាក់តំបន់ និងអន្តរជាតិ ជាពិសស មកពីសហភាព អឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដើម្បីពិនិត្យមើល បញ្ហា នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធ ក្នុងបរិបទបច្ចុប្បន្ននេះ។ សន្និសីទនេះក៏មានគោលបំណង ផ្ដល់នូវ វេទិកាមួយ សម្រាប់បំផុស នូវគំនិតថ្មីៗ និង សម្របសម្រួល ឱ្យមាន កិច្ចពិគ្រោះយោបល់ កាន់តែស៊ីជម្រៅ និង មានប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌទំនាក់ទំនង រវាង អាស៊ាន និង សហភាពអឺរ៉ុប។
ក្រៅពីពិធីបើក សន្និសីទនេះចែកចេញជាប្រាំផ្នែក៖ ផ្នែកទី I៖ ការ ពិនិត្យមើលស្ថានភាព ជាក់ស្ដែង៖ ទំនាក់ទំនង អតីតកាល និង នាពេលអនាគត របស់ អាស៊ាន និងសហភាព អឺរ៉ុប, ផ្នែកទី II៖ ភាពពាក់ព័ន្ធនៃអាស៊ានចំពោះសហភាព អឺរ៉ុប៖ ការឆ្លើយតប និងការ សហការ , ផ្នែកទី III៖ តួនាទី ប្រកបដោយ ភាព ស្ថាបនារបស់ សហភាពអឺរ៉ុប ក្នុងអាស៊ាន៖ ពង្រីកការ ចូលរួម, ផ្នែកទី IV៖ ភាព ជាដៃគូរវាង អាស៊ាន និងសហភាពអឺរ៉ុប៖ ការ ឆ្លើយតប ចំពោះ បញ្ហា ប្រឈមជាសកល និង ផ្នែកទី V៖ ការពិភាក្សា ដោយចំហ និង សេរី។
សន្និសីទរយៈពេលមួយថ្ងៃកន្លះនេះ ផ្ដល់នូវ ឱកាស ដ៏ពិសេស ដើម្បី បំផុសនូវ គំនិត ថ្មីៗសម្រាប់ ធ្វើ ការ វិភាគ ពីអនាគត កាលនៃ ទំនាក់ទំនង រវាងអាស៊ាន និង សហភាពអឺរ៉ុប និង ផ្ដល់នូវ ឱកាស ដើម្បីឱ្យ បញ្ញវន្ត និង អ្នក វិភាគ អន្តរជាតិបន្តធ្វើការសហការគ្នា ក្នុងការស្រាវជ្រាវនានា។ នៅពេល បញ្ចប់សន្និសីទ នេះ នឹងមានការ ចេញ របាយការណ៍ លទ្ធផល ដែលសង្ខេបពីខ្លឹមសារ សំខាន់ៗនៃការ ពិភាក្សា និងដាក់ចេញនូវអនុសាសន៍គោលនយោបាយ សម្រាប់ តួអង្គពាក់ព័ន្ធ នៅមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ នៅឆ្នាំក្រោយ៕ដោយ៖កូឡាប