Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​កៀន​ជ្រៃ ត្រូវ​ទឹក​ច្រោះ​ជើង​ទម្រ​នឹង​អាច​ស្រុត​បាក់ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​អាជ្ញាធរ​ជួសជុល ស្ថាបនា​ឡើងវិញ​

spot_img

​កំពង់ចាម​៖ ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បានចេញ​សេចក្តីជូនដំណឹង​ថា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ស្ពាន​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ​ត្រូវ​ទឹក​ច្រោះ​ជើង​ទម្រ​នឹង​អាច​ស្រុត​បាក់ ដែល​ពុំ​អាច​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ​ឆ្លងកាត់​បានឡើយ​។​

​អាជ្ញាធរខេត្ត​កំពង់ចាម ក៏បាន​ជម្រាប​ដល់​បងប្អូន​ដែល​ត្រូវ​ធ្វើដំណើរ​ពី​កំពង់ចាម ទៅ​ស្រុក​ស្ទឹងត្រង់ ឬ​ពី​ស្រុក​ស្ទឹងត្រង់ មក​កំពង់ចាម សូម​វាង​ទៅ​ផ្លូវ​ឃុំ​ស្រក ជា​បណ្តោះអាសន្ន​សិន ដើម្បី​អាជ្ញាធរ​ជួសជុល ស្ថាបនា​ឡើងវិញ​។​

​ចំណែក ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីជូនដំណឹង ការផ្អាក​ចរាចរណ៍​ឆ្លងកាត់ ស្ពានបេតុង​គៀន​ជ្រៃ ជា​បណ្តោះអាសន្ន ស្ថិតក្នុង​ភូមិ​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ក្នុងភូមិ​សាស្ត្រ​ភូមិ​គៀន​ជ្រៃ ក្នុង​ឆ្នាំ​២០១៩​នេះ ស្ពាន​គៀន​ជ្រៃ ក្នុង​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ទទួលរង​នូវ​ស្ថានភាព ទ្រុឌទ្រោម​ជាខ្លាំង ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ និង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អ្នក​ចរាចរណ៍​ឆ្លងកាត់​គ្រប់ពេលវេលា​។​

​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​ជៀសវាង​ការបង្ក​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ក្រសួង​អភិវឌ្ឍន៍ជនបទ បាននិងកំពុង​ចល័ត​គ្រឿងចក្រ ហើយនឹង​ចាប់ផ្តើម​ធ្វើការ​ស្ថាបនា​ផ្លូវ​វាង​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​តទៅ ដើម្បី​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​នេះដែរ ក្រសួង​បាននិងកំពុង​ធ្វើការ​សិក្សា​លក្ខណៈ​បច្ចេកទេស ដើម្បី​ធ្វើការ​ជួសជុល ឬ​ស្ថាបនា​ស្ពាន​ថ្មី ឲ្យ​បាន​ឆាប់​បំផុត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×