Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់ និង​ឃុំខ្លួន លើ​បុគ្គល ២​រូប និង​បក្ខពួក ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៤ ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​ការសម្រេច​ធ្វើការ​ចោទប្រកាន់ លើ​បុគ្គល ២​រូប និង​បក្ខពួក ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​ការដឹកនាំ​របស់​ទណ្ឌិត សម រង្ស៊ី​។​

​លោក ធុ​យ វី ហៅ ធុ​យ ឬ​ទ្ធី ជា​សមាជិក​ក្រុម​ឧទ្ទាម​ខុសច្បាប់ សម សេរី ដែល​ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​នោះ ត្រូវបាន​លោកស្រី អ៊ុក រ៉េត​គ​ន្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​ហើយ នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​ការសម្រេច​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង បាន​ចោទប្រកាន់​លើ​ឈ្មោះ ធុ​យ វី ហៅ ធុ​យ ឬ​ទ្ធី ពីបទ រួមគំនិត​ក្បត់​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ​ឬ​ចូលរួម​អនុវត្តន៍​ផែនការ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់ បញ្ជូនទៅ​តុលាការ កាត់ទោស​តាមច្បាប់ ពីបទ រួមគំនិត​ក្បត់ ដែល​អាចមាន​ទោស​ពី​៥​ទៅ​២០​ឆ្នាំ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹង​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​បញ្ញត្តិ​ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រំលឹកថា កាលពី​សៀ​ល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជូន​​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចូលរួម ក្នុង​ចលនា​ឧទ្ទាម​ខុសច្បាប់​ដឹកនាំ​ដោយ​ឈ្មោះ សម សេរី ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ស្រាវជ្រាវ​ករណី​ខាងលើ រហូត​ឈានដល់​ការ​បង្ក្រាបបាន​ជាក់ស្តែង​។​

​ជនសង្ស័យ​ឈ្មោះ​ធុ​យ វី ហៅ ធុ​យ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន នៅ​ម៉ោង​១១៖៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ធុ​យ វី ឬ ធុ​យ ឬ​ទ្ធី នេះ បាន​ចាក​ចេញទៅ​ប្រទេស​ថៃ ដោយមាន​ការផ្តួចផ្តើម​ពី​ឈ្មោះ​សម សេរី ជា​មេ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​ជាតិខ្មែរ​ខុសច្បាប់ ហើយ​ឈ្មោះ ធុ​យ វី ធ្លាប់​ត្រូវបានតែងតាំង ជា​អ្នកនាំពាក្យ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្នុង​រដ្ឋាភិបាល​និរទេស​ខុសច្បាប់​របស់ សម សេរី ផងដែរ​។ នៅក្នុង​ឆ្នាំ​២០១៩ ឈ្មោះ​ធុ​យ វី ត្រូវបាន សម សេរី តែងតាំង​ទៅជា​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សាសនា​វិញ​។​

​ឈ្មោះ ធុ​យ វី បាន​បញ្ជាក់ថា រូបគេ​ពិតជា​បាន​ចូលរួម ក្នុង​សកម្មភាព​រួមគំនិត​ក្បត់​ជាមួយ ក្រុម​ឧទ្ទាម សម សេរី និង​ក្រុម​អតីត CNRP ពិតប្រាកដ​មែន ក្នុងនោះ​រូបគេ​បាន​ចូលរួម ក្នុងការ​ប្រជុំ​ទទួល​ផែនការ​នានា​, រៀបចំ​ឯកសារ​និង​សៀវភៅ ដែលមាន​ខ្លឹមសារ​ញុះញង់ បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម និង​បានធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ នយោបាយ និង ស្ថានភាព​នៅក្នុង​ស្រុក​ខ្មែរ ដោយ​ផ្តោតលើ ការរិះគន់​វាយប្រហារ​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​ប្រទេស​ថៃ ឈ្មោះ ធុ​យ វី និង​សកម្មជន​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​៦៦​នាក់ រួម​នឹង​សកម្មជន​អតីត CNRP ប្រមាណ​៥០០​នាក់ មាន​ទាំង​មេដឹកនាំ​អតីត CNRP ប្រចាំ​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ បាន​ជួបជុំគ្នា​ដើម្បី​រៀបចំ​ផែនការ និង​ចាត់​តាំងធ្វើ​សក​មម្ម​ភាព ដោយ​រួមទាំង​ការប្រមូល​មូលនិធិ​រួមគ្នា​ជួយ ដល់​ការធ្វើដំណើរ​វិល​ចូល​ស្រុក​របស់ សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែន​ការធ្វើ​រដ្ឋប្រហារ​។​

​បើតាម​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ ធុ​យ វី បាន​ឆ្លើយ​បន្ថែមថា ចំពោះ​គូកន​និង​បក្ខពួក​របស់ខ្លួន គឺ​នៅ​ប្រទេស​ថៃ​ទាំងអស់ មិន​មាននៅ​កម្ពុជា​នោះទេ ហើយ​រូបគេ​តែង​លួច​ចេញ​ចូលមក​ប្រទេស​កម្ពុជា តាម​ស្ថានភាព​ជាក់ស្តែង​ដែល​អាច​ចូល​បាន នៅពេល​ដែលមាន​កិច្ចការ​ត្រូវធ្វើ ដើម្បី​យកទៅ​រាយ​ការឱ្យ សម សេរី មុនពេល​បង្ហោះ​តាម​បណ្តាញ​សង្គម​៕​ដោយ​៖​កូ​ឡាប​

spot_img
×