Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​

spot_img

​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ​កាណាដា​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។​

​នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ក្នុងអំឡុងពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាត​ឲ្យ​លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោកស្រី​បញ្ចប់​បេសកកម្ម​ការទូត នៅក្នុង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក​។​

​លោក ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​លោកស្រី​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ផ្ទាល់ខ្លួន​របស់លោក​ស្រី ក្នុងការ​រួមចំណែក​ដ​ល់​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​សបញ្ជាក់​តាមរយៈ​កំណើន​យ៉ាង​លឿន​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កាណាដា​។ ឯកឧត្តម បាន​ថ្លែងអំណរគុណ តាមរយៈ​លោកស្រី ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កាណាដា ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​កំចាត់មីន អប់រំ បេសកកម្ម​ថែរក្សា​សន្តិភាព និង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ក្របខណ្ឌ​អាស៊ាន ឯកឧត្តម បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កាណាដា ។​

​ជាការ​ឆ្លើយតប លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​សម្របសម្រួល​ដល់​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​លោកស្រី​នៅ​កម្ពុជា​។ ចំពោះ FTA អាស៊ាន​-​កាណាដា លោកស្រី​បាន​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹងមាន​ការវិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស​។ ដោយឡែក ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ លោកស្រី បាន​កត់សម្គាល់ថា ក្រោយពេល​ប្រទេស​កាណាដា​បាន​បើក​ឲ្យ​ដំណើរ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរបាន​កើនឡើង​រហូតដល់​៨០០%​។ ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) វិញ លោកស្រី​បាន​សង្កត់ធ្ងន់ថា កាណាដា​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ ក្នុងពេល​នោះដែរ លោកស្រី​ក៏បាន​លើកឡើងថា កាណាដា​បាន​បង្កើត​មូលនិធិ​សម្រាប់​ការបញ្ជូន​កងកម្លាំង​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​តាមរយៈ​មូលនិធិ​នេះ លោកស្រី​សង្ឃឹមថា កម្ពុជា នឹង​ទទួលបាន​មូលនិធិ​បន្ថែម​សម្រាប់​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា​។ លោកស្រី​ក៏បាន​រំលឹក​អំពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅពេល​កន្លង​ថា សូម​ឲ្យ​ចៀស​ឆ្ងាយ​អំពី​ការរំលោភបំពាន​ផ្លូវភេទ ក្នុងចំណោម​កងកម្លាំង​មួក​ខៀវ​ទាំងអស់ ហើយ​ដែល​នៅពេលនោះ សូម្បី​អង្គការសហប្រជាជាតិ ក៏​មិនទាន់បាន​គិតដល់​បញ្ហា​នេះ​នៅឡើយ ។​

​ពាក់ព័ន្ធ​នឹង​ការបំពេញភារកិច្ច​រប​ស់​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ក្តី​រីករាយ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ដែលមាន​ចំនួន​សរុប​ជាង​៣០០ នាក់ ឬ​ប្រហែល​៥% នៃ​កងកម្លាំង​មួក​ខៀវ​សរុប​របស់​កម្ពុជា​។ លោក តែងតែ​ស្នើ​ឲ្យ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បី​ចំណុច​ដូចតទៅ ៖ ១) បំពេញការងារ​ដោយ​វិជ្ជាជីវៈ ២) គោរព​វិន័យ និង ៣) គោរព​ច្បាប់​របស់​ប្រទេស​ដែល​ខ្លួន​ទៅ​បំពេញបេសកកម្ម និង​ជួយ​យកអាសា​ប្រជាជន​ក្នុង​តំបន់​បេសកកម្ម​របស់ខ្លួន​។

​ក្រៅពីនេះ លោក ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ដោយ​ត្រង់​ទៅ​ត្រង់​មកលើ​បញ្ហា​ជាច្រើន​ផ្សេងទៀត រួមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​ដែលជា​ការយកចិត្តទុកដាក់​រួម​៕​ដោយ​៖​កូ​ឡាប​

spot_img
×