Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជួបពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន និង​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី

spot_img

(​បាងកក​, ថៃ​)៖ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Wang Shouwen អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ IMPACT Muang Thong Thani ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

ការពិភាក្សា​នេះ​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ក្នុងនោះ​លោក​រដ្ឋមន្ត្រី បានស្នើ​ភាគី​ចិន​ពិនិត្យ​លទ្ធភាព​នាំចូល​បន្ថែមទៀត​លើ​កសិផល​កម្ពុជា ដូចជា អង្ករ ស្វាយ ចេក មៀន ដំឡូង​មី និង​ផលិតផល​កសិកម្ម​សំខាន់ៗ​មួយចំនួនទៀត​។ ជាការ​ឆ្លើយតប ភាគី​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ចិន និង​បាន​ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​ប៉ាន សូរ​ស័ក្តិ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​លើក​ទី​៧ (7th ASEAN-US Summit) ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ IMPACT Muang Thong Thani ប្រទេស​ថៃ​។

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ​ជូន​លោក​W. Patrick Murphy ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​វិស័យ​ធុរកិច្ច​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្គូផ្គង​ធុរកិច្ច ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។

​ជាការ​ឆ្លើយតប លោក​អគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ និង​​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ថែមទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ឈានដល់ ៣,៤៣៨ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក មាន​ចំនួន ៣,០៥១ លាន​ដុល្លារ ខណៈ​កម្ពុជា​ចូលមក​វិញ​មាន​ចំនួន ៣៨៧ លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​​

spot_img
×