ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យឯករាជជាតិ ៩វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០–១១–១២ខែវិច្ឆិកាឆ្នាំ២០១៩ និងទប់ស្កាត់ឲ្យខាងតែបាននូវពួកឧទ្ទាមក្រៅច្បាប់ រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៤វិច្ឆិកានេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានី ដើម្បីមានវិធានការធ្វើយ៉ាងណាឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តិទៅដោយរលូនទទួលបានជោគជ័យនិងប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។
ក្នុងកិច្ចប្រជុំនេះបានដាក់ចេញជាវិធានការដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩។
លោកចេវ ហាក់ ស្នងការងនគរបាលរាជធានី បានមានប្រសាសន៍ពីវិធានការជុំវិញកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពការបញ្ជៀសចរាចរណ៍រថយន្តធុនធំ។ ការរៀបចំខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ៩វិច្ឆិកានិងថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅរាជធានីភ្នំពេញ។
ការត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកស្នាក់នៅនិងការរៀបចំទីលានប្រឆាំងទូក។ការដាក់ចេញនូវផែនការសង្គ្រោះទូកលិចការសង្គ្រោះអ្នកជំងឺនិងផែនការទទួលទានអំបុក០៩វិច្ឆិកា២០១៩។ការរៀបចំតុបតែងលម្អសោភ័ណអនាម័យបរិស្ថាននិងអគ្គិសនី។ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀតជាអាជ្ញាធរខណ្ឌទាំង១៤។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ឆ្នាំនេះខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះទិវាបុណ្យឯករាជជាតិ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅជាប់គ្នា។ លោកបន្តថា ការងារនេះយើងត្រូវប្រើប្រាស់កម្លាំងទ្វេដងទាំងកិច្ចការពារសន្តិសុខនិងកិច្ចការពារព្រះរាជពិធីបុណ្យការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។
លោកបន្តថា “កិច្ចប្រជុំនេះយើងមានទិសដៅតែមួយគឺការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក៏ដូចជាពិធីបុណ្យឯករាជជាតិ០៩វិច្ឆិកាហើយទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំដែលយើងគ្រប់គ្នាបានជ្រួតជ្រៀបហើយ។យើងដាច់ខាតត្រូវការពារឲ្យបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។លោកបញ្ជាក់ផងដែរថា យើងបានបែងចែកភារកិច្ចនិងកំណត់ទិសដៅរួចហើយពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ដែលបានបែងចែករួច”។
គួរបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុកនៅថ្ងៃទី០៩ខែវិច្ឆិកានោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ដោយឡែកសម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀត ក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ម៉ឺននាក់នោះទេ និងមានចំនួនប្រមាណជាង៩០០ទីតាំង៕ដោយ៖កូឡាប