Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​បង្គោល U19 កម្ពុជា ប្តេជ្ញាចិត្ត​ថា​នឹង​ត្រូវតែ​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព

spot_img

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​ការប្រកួត លោក Koji GyotoKu គ្រូ​បង្គោល U19 កម្ពុជា និយាយថា អ្វីដែល​សំខាន់ គឺ​ការប្រកួត​បន្ទាប់​ចំនួន​២​ប្រកួត​ទៀត ដែល​លោក​ប្តេជ្ញាចិត្ត​ថា​នឹង​ត្រូវតែ​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​។ “​មានរឿង ២​យ៉ាង សម្រាប់​ការប្រកួត​ថ្ងៃនេះ​គឺ ទីមួយ​យើង​​ឈ្នះ​​​ការប្រកួត​ថ្ងៃនេះ ហើយ​រឿង​មួយទៀត​គឺ​យើង​ធ្វើ​មិនសូវ​បានល្អ​ជាមួយ​បច្ចេកទេស​នោះទេ ហើយ​យើង​ត្រូវ​ត្រៀមខ្លួន​បន្ថែមទៀត សម្រាប់​ការប្រកួត​បន្ទាប់​ជាមួយ​ក្រុមយុវជន​ថៃ​។ ហេតុអ្វី​បានជា​យើង​ផ្លាស់ប្ដូរ​កីឡាករ​ស្ទើរតែ​ទាំងអស់នោះ​? គឺ​ដោយសារតែ​យើង​ចង់​ឲ្យ​កីឡាករ​សម្រាក​ខ្លះ​។ ខ្ញុំ​ចង់​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ទាំងអស់គ្នា​បានបង្ហាញ​សមត្ថភាព​នៅលើ​ទីលាន​”​។​

​លោក​បន្ថែមថា ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ​ក្នុង​ពានរង្វាន់ AFF U18 Championship 2019 នៅ​ប្រទេស​វៀតណាម កន្លងទៅ យើង​បាន​យកឈ្នះ​ថៃ ប៉ុន្តែ​យើង​មិនអាច​រំពឹង​ខ្ពស់​ពេក​ទេ សម្រាប់​ការប្រកួត​ជាមួយ​ថៃ នៅ​ការប្រកួត​បន្ទាប់​នេះ ព្រោះ​យើង​ឃើញថា ថៃ​មាន​ទម្រង់​លេង​ល្អ​ជាង​លើក​មុន​។​

​ចំណែក គ្រូបង្វឹក​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង លោក Michiteru Mita និយាយថា លោក​សូម​អបអរសាទរ​ដល់​ក្រុម​កម្ពុជា សម្រាប់​ជ័យជម្នះ​នៅថ្ងៃនេះ​។

​លោក Michiteru Mita បាន​ថ្លែងថា​ថ “​ខ្ញុំ​គិតថា កម្ពុជា​អាច​ឡើងទៅ​វគ្គ​បន្ត​។ នៅ​តង់​ទី​១ យើង​របូត​គ្រាប់​បាល់​ចំនួន ៦​គ្រាប់ ដោយសារ​កម្ពុជា​លេង​បាន​យ៉ាង​ល្អ នៅក្នុង​ដី​ថែមទាំង​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​។ វា​ជាការ​ប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​យើង ប៉ុន្តែ​យើង​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់​យើង ដែល​បាន​ព្យាយាម​យ៉ាងខ្លាំង សម្រាប់​ការប្រកួត​នេះ​”​។​

​សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ U19 ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង (NORTHERN MARIANA ISLANDS) ដោយ​លទ្ធផល ៩-០ នៅក្នុង​ជំនួប​ទី​២ យប់​ថ្ងៃទី ៤​វិច្ឆិកា នៅ​កីឡដ្ឋាន​ជាតិ វគ្គ​សន្សំ​ពិន្ទុ​ក្នុ​ល​G នៃ​ពានរង្វាន់​អាយុ​ក្រោម​១៩​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី AFC U19 Championship 2020​។​

​ក្រុម​ម្ចាស់ផ្ទះ​យុវជន​កម្ពុជា​រកបាន​៣​ពិន្ទុ​ដំបូង ក្នុង​ពូ​ល​G ដោយ​វគ្គ​ទី​១ កម្ពុជា​បាន​បើក​ការ​នាំមុខ ៦-០ ហើយ​នៅ​វគ្គ​ទី​២ ធ្វើ​សម្រេចបាន​៣​គ្រាប់​បន្ថែម​។ កាលពី​ប្រកួត​ទី​១ ក្រុមយុវជន​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ U19 ម៉ាឡេស៊ី ៤-៥ កាលពី​ថ្ងៃទី​២ វិច្ឆិកា​។ ដោយឡែក​១​ប្រកួត​ទៀត នៅថ្ងៃនេះ​ដែរ គឺ​ក្រុម U19 ថៃ ក៏បាន​យកឈ្នះ ក្រុម​U19 ប្រ៊ុយណេ ៩-០ ដូចគ្នា​ដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×