Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ក្នុងការ​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អាស៊ាន ជប៉ុន ស្តីពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤

spot_img

​ប្រទេស​ថៃ ៖ ក្នុងឱកាស​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​សូម​សំដែង​នូវ​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ក្នុងការ​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អាស៊ាន ជប៉ុន ស្តិ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដើម្បី​ឲ្យ​អាស៊ាន​ចាប់ផ្តើម​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន លទ្ធភាព​ត្រៀមខ្លួន​ឲ្យ​បានល្អ សម្រាប់​ឈោង​ចាប់យក​សក្តានុពល នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើតចេញ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​កាលពី​រសៀល​ថ្ងៃទី ​៤ ​វិច្ឆិកា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២២ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២២​នាពេលនេះ គឺមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន អា​បេ សិន​ហ្សូ ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅលើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា នៃ​ទំនាក់ទំនង​អាស៊ាន ជប៉ុន ក្នុង​រយៈពេល​ជាង​២២​ឆ្នាំ​កន្លងទៅ​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ​អាស៊ាន ជប៉ុន មាន​សេចក្តីសោមនស្ស​រីករាយ​ដោយបាន​ឃើញ កិច្ចសហប្រតិបត្តិការ​អាស៊ាន ជប៉ុន មានការ​រីកចម្រើន​ជា​លំដាប់​។ ជាមួយគ្នានេះ មេដឹកនាំ​អាស៊ាន បាន​សំដែង​នូវ​ការពេញចិត្ត​ចំពោះ​ភាគី​ជប៉ុន ដែល​បាន​គាំទ្រ ក្នុង​ការពង្រឹង​ការតភ្ជាប់​អាស៊ាន ជប៉ុន ដែលមាន​សារសំខាន់​ជា​សារវន្ត​ដល់​ការពង្រឹង​ភាពជា​ដៃគូ​រវាង​អាស៊ាន ជប៉ុន ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​មេដឹកនាំ​អាស៊ាន ក៏បាន​សំដែង​នូវ​ការកោតសរសើរ​ដល់​ភាគី​ជប៉ុន ចំពោះ​ការបន្ត​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន ២០១៦-២០២០ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​គម្លាត នៃ​ការអភិវឌ្ឍ រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ស្រប​ជាមួយ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ព្រម ទាំង​របៀប​វារ​:​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​មេដឹកនាំ​អាស៊ាន បានធ្វើការ​គូសបញ្ជាក់​ទៅកាន់​មេដឹកនាំ​ជប៉ុន​ថា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ នឹង​ជប៉ុន ដើម្បី​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន នូវ​គោលដៅ​ផែនទី​ចង្អុល​ទិស សហប្រតិបត្តិការ​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ ២០២១-២០២២ ដោយ​រួមបញ្ចូល​ផងដែរ នូវ​ការចុះហត្ថលេខា​កាលពីពេល​ថ្មីៗ​កន្លងទៅ​។ ជាមួយគ្នានេះ មេដឹកនាំ​អាស៊ាន ក៏បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត គំនិត​ផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ​បរិស្ថាន​អាស៊ាន ជប៉ុន ដែល​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នា​នា ក្នុងការ​ដោះស្រាយ​បញ្ហាសំខាន់ៗ ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​សំរាម ការអភិរក្ស​ជីវចម្រុះ ការគ្រប់គ្រង​ជាតិពុល​គីមី ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រកបដោយ​គុណភាព សម្រាប់​ការអភិវឌ្ឍ​ទីក្រុង ក្នុង​គោលដៅ​នៃ​ការលើកកម្ពស់​គុណភាព នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន លើក​ទី​២២​នោះ​ថា កម្ពុជា​សូម​សំដែង​នូវ​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ក្នុងការ​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អាស៊ាន ជប៉ុន ស្តិ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដើម្បី​ឲ្យ​អាស៊ាន​ចាប់ផ្តើម​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន លទ្ធភាព​ត្រៀមខ្លួន​ឲ្យ​បានល្អ សម្រាប់​ឈោង​ចាប់យក​សក្តានុពល​នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​អាច​កើតចេញ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ ក្នុង​ស្មារតី​នេះ កម្ពុជា​ស្នើ​ពង្រឹង មូលនិធិ​នៅ​ក្រម​ក្របខ័ណ្ឌ​សមាហរណកម្ម​អាស៊ាន ជប៉ុន សម្រាប់​បម្រើ​ឲ្យ​ការងារ​ពាកព័ន្ធ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​ទន្ទឹមនឹងនេះ កម្ពុជា​សូម​លើកទឹកចិត្ត​ជប៉ុន ឲ្យ​បន្ត​ផ្តល់ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន សម្រាប់​សកម្មភាព​មីន ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​របស់​មជ្ឈមណ្ឌល​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ មេដឹកនាំ អាស៊ាន ជប៉ុន បាន​ឯកភាពគ្នា​ឈានទៅ​ចេញផ្សាយ នូវ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល អាស៊ាន ជប៉ុន លើក​ទី​២២ និង​បានអនុម័ត​សេចក្តីប្រកាស​រួម នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២២ ស្តីពី​ការតភ្ជាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×