Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​នាំ​ពាក្យ​ក្រ​សួង​​កា​រ​ពារ​ជាតិ​ ឆ្លើយ​​តប​ចំ​ពោះ​​ការ​​អំ​ពាវ​នាវ​ បោក​​ប​ញ្ឆោត​​របស់​ទណ្ឌិត​ សម​ ​រង្ស៊ី​

spot_img

ភ្នំពេញ៖ គេហទំព័រផ្លូវការរបស់ក្រសួងការពារ​ជា​តិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្សាយព័ត៌មានថា ​លោកនា​យឧ​ត្ត​មសេ​នីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពា​រ​ជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឆ្លើយតបចំពោះការអំពា​វ​នាវ បែបបោកបញ្ឆោ​ត​របស់​ទ​ណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅ​ច្បា​ប់ ឱ្យកង​ទ័ព​ផ្តា​ច់​ខ្លួននោះ គឺមិនមានតម្លៃ ឬឥ​ទ្ធិ​ពល​មកលើ​កងយោ​ធពល​ខេមរ​ភូមិន្ទនោះ​ឡើយ​។


លោកបានបញ្ជាក់ថា “ការអំពាវនាវ ការបោកបញ្ឆោត កា​រញុះញង់របស់មេឧទ្ទាមជន​ក្ប​ត់ជាតិ​ គ្មានតម្លៃ ឬឥទ្ធិពលអ្វី​មក​លើក​ងយោ​ធពល​ខេមរ​ភូមិ​ន្ទនោះទេ ព្រោះកងយោពលខេមរភូមិន្ទ ​បា​នយល់​ច្បាស់អំ​ពីតួ​នាទី និងភារ​កិច្ច​​របស់ខ្លួ​ន​ ដែលត្រូ​វប្រ​ឆាំងចំពោះ​ជ​នណា ចង់មកបំផ្លិចបំផ្លាញសន្តិភាពរ​ប​ស់ព្រះ​រាជាណា​ចក្រ​ក​ម្ពុជា។ នាយឧត្តមសេនីយ៍ ឈុំ សុ​ជា​ត បានបញ្ជាក់ថា៖ កងទ័ពមិ​ន​ត្រឹមតែ​មិន​ផ្តល់​តម្លៃលើការអំពាវ​នា​វនេះ​ឡើយ ហើយកងទ័ពកំពុងត្រៀ​ម​ខ្លួន ដើម្បីកម្ចាត់ក្រុមឧទ្ទាម​ ​សម​ រង្ស៊ី។ កងយោធ​ព​លខេ​មរ​ភូមិន្ទ ដែលស្ម័គ្រស្មោះចំពោះប្រទេសជាតិ​ ​បាន​ត្រៀម​ខ្លួនរួ​ច​ជាស្រេច ក្នុងការអនុវត្តបទ​ប​ញ្ជា ​រាជរដ្ឋា​ភិ​បាល​ស្រប​ច្បា​ប់ ដែលដឹកនាំដោយ ​ស​ម្តេចអ​គ្គម​ហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា ក្នុងការកម្ទេចជន​ក្ប​ត់ជា​តិ ដោយមិនឱ្យប្រទេសក​ម្ពុ​ជា ​មានភាពវឹកវ​រ​ជាថ្មី​ដាច់ខា​ត។

លោកនាយឧ​ត្តម​សេ​នីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពា​រ​ជាតិ បានលើកឡើងដូច្នោះ បន្ទាប់ពីទណ្ឌិត​ ​សម​ រង្ស៊ី ដែលជាមេផែនការធ្វើ​រ​ដ្ឋប្រហា​រផ្តួ​លរំលំ​រាជ​រដ្ឋាភិ​បាលកម្ពុជា បានប្រកាសតាមរយៈវីដេអូឃ្លី​ប​ថ្មី​មួយ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអំ​ពាវ​នាវ​ដល់​កងទ័​ពកម្ពុជា កុំឱ្យស្ដាប់តាមបញ្ជារបស់រា​ជ​រដ្ឋា​ភិបាល ហើយងាកទៅចូលរួម​ ​នឹង​ដំណើរ​មាតុ​ភូមិ​និវត្តន៍រ​បស់​ខ្លួន​វិញ​។ ក្នុងវីដេអូថ្មីរ​ប​ស់ទ​ណ្ឌិតរូ​បនោះ បានសន្យាដំឡើងឋានន្តរស័​ក្តិ​ និងប្រាក់ខែ ក៏ដូចជាផ្តល់រង្វាន់ដ​ល់​​ក​ងទ័​ពណា ដែលចូលរួមជាមួយក្រុម​រ​បស់ពួ​កគេ​។

លោក អ្នកនាំពាក្យក្រសួងការពារជាតិ ​បា​នចំអ​កដ​ល់ទ​ណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលកំពុងធ្លាក់ក្នុងគ្រោះថ្នាក់ ​ហើ​យស្ថិ​តនៅក្នុ​ងភា​ពឯកោថា៖ អ្នកនយោបាយដែលដើរហួ​ស​បន្ទា​ត់ក្រហ​ម ជាប់ពាក់ព័ន្ធនឹងអំ​ពើ​ក្ប​ត់ជា​តិ រហូតដល់តុលាការ​កា​ត់ទោ​សជាច្រើ​នក​រណី ពេលនេះកំពុងអស់ស​ង្ឃឹ​ម អស់លទ្ធភាព សូម្បីតែសកម្មជនដែ​ល​ធ្លាប់គាំ​ទ្រ​ ក៏បានចាកចេញមក​សា​រភាព​ជាបន្ត​ប​ន្ទាប់​ដែរ តើមានលទ្ធភាពឯ​ណា​ ទៅឧបត្ថម្ភថវិកាដល់​ក​ងទ័​ពនោះ​ ដូច្នេះអ្វីៗដែលពួកគេបាន​ញុះ​ញង់​ គឺជាការបោកបញ្ឆោតសាធារណម​តិ​ជាតិ​ និងអន្តរជាតិតែ​ប៉ុ​ណ្ណោះ។​

សូមបញ្ជាក់ថា កងកម្លាំងទាំង៣ប្រភេទ រួមមាន ​ក​ងទ័ព កងរាជអាវុធហត្ថ និងនគរបាល នៅបណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុ​ជា-ថៃ កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមបើកការ​ហ្វឹ​កហាត់​រួម​គ្នា ដើម្បីបង្កើនការ​ថែ​រក្សា​សន្តិ​សុខ សណ្តាប់ធ្នាប់សា​ធា​រណៈ​ និងសុវត្ថិភាពនៅ​ក្នុ​ងខេ​ត្តរៀ​ង​ៗខ្លួន ស្របពេលដែលទណ្ឌិត ​ស​ម ​រង្ស៊ី បានប្រកាសធ្វើសក​ម្ម​ភាព​សម្រុ​កចូល​ប្រទេស​កម្ពុ​ជា តាមព្រំដែនថៃ នៅថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ ។

នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកានេះ ទាហានឈុតខ្មៅថៃ ប្រចាំច្រកព្រំដែនអានសេះបិទរូបថតមុខ​សញ្ញាទ​ណ្ឌិតទាំង៩នាក់ ខែមានមេខ្លោងទណ្ឌិត សម ​រង្ស៊ី​ នៅ​មាត់ច្រកចូលព្រំដែន៕ដោយ៖កូឡាប

spot_img
×